ភ្នំពេញៈ​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​ថ្លែង​ក្នុង​ថ្ងៃបុណ្យ​មាឃបូជា​ថា ព្រះពុទ្ធសាសនា​មិន​ត្រឹមតែ​ផ្តល់​ភាពសុខសាន្ត​ផ្នែក​ផ្លូវចិត្ត​នោះទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​ពង្រឹង​សណ្តាប់ធ្នាប់​សុខសន្តិភាព ស្ថិរភាព​សង្គម ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ថែរក្សា​ការពារ​អត្តសញ្ញាណ​ជាតិ​ទៀតផង​។

ថ្លែង​តាមរយៈ​សំណេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី ១៦ ខែកុម្ភៈ លោក ហ៊ុនសែន បាន​អនុមោទនា​ពិ​ពី​បុណ្យ បុណ្យមាឃបូជា និង​បាន​រំឭកថា ថ្ងៃ​ពុធ ១៥​កើត ខែមាឃ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ គឺ ជា​ថ្ងៃបុណ្យ​មាឃបូជា​ដែលជា​ពិធីបុណ្យ​មួយ​ដ៏​មាន​សារៈ​សំខាន់បំផុត​នៅក្នុង​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។

លោក​លើកឡើងថា បុណ្យមាឃបូជា​ប្រារព្ធ​ឡើង​ដើម្បី​រំឭក​ដល់​ថៃ្ង ដែល​ព្រះសម្មាសម្ពុទ្ធ ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា កាលពី​៥៨៨​ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង​ទី​១៥​កើត ខែមាឃ ក្រោយពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន​៩​ខែ​គត់​។

លោក​ថ្លែងថា​៖«​ព្រះពុទ្ធសាសនា​មិន​ត្រឹមតែ​បានធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​រួមរស់​ជាមួយគ្នា​ដោយ​សុខសាន្ត​ខាង​ផ្លូវ​ស្មារតី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានរួម​ចំណែក​យ៉ាងសំខាន់​នៅក្នុង​ការពង្រឹង​សណ្ដាប់ធ្នាប់​សុខសន្តិភាព ស្ថិរភាព​សង្គម ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ថែរក្សា​ការពារ​អត្តសញ្ញាណ​ជាតិ​ទៀតផង​»​។​

លោក ហេង សំរិន ប្រធានរដ្ឋសភា ក៏បាន​ចេញ​សារ​អនុមោទនា​បុណ្យមាឃបូជា​ស្រដៀង​និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ផងដែរ​។ លោក​ថា មាឃបូជា​ក៏​ជា​ថ្ងៃ​រំឭក​ដល់​ការដាក់​អាយុសង្ខារ​ចូល​ព្រះ​បរិនិព្វាន​របស់​ព្រះពុទ្ធ​អង្គ ប៉ុន្តែ​ដោយសារតែ​ប្រទេសជាតិ​កំពុងមាន​បញ្ហា​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩ មិនបាន​ប្រារព្ធ​ពិធី​នេះ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បានឡើយ​។

លោក​ថ្លែងថា ៖«​ដោយសារ​យើង​កំពុង​ស្ថិតនៅ​ក្នុងការ​ប្រឈម​នឹង​ជំងឺ​កូ​វីដ ១៩​នៅឡើយ ការ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​ក្នុង​ទ្រង់ទ្រាយ​ធំ​ពុំបាន​រៀបចំ​ធ្វើឡើង​ដូច​ឆ្នាំមុនៗ ដែល​មិនមាន​ជំងឺ​រាតត្បាត​កូ​វីដ ១៩​នោះទេ​។ ឆ្លៀតឱកាស​នេះ​ខ្ញុំ សូម​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់​បន្ត​យកចិត្តទុកដាក់ អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន​មិនត្រូវ​ធ្វេសប្រហែស​នឹង​ជំងឺ​កូ​វីដ ១៩​ឡើយ​»។

លោក គង់ សំអុល ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បាន​ឲ្យ​ដឹង​តាមរយៈ​លិខិត​ណែនាំ​ស្តីពី​ការរៀបចំ​ពិធីបុណ្យ​មាឃបូជា កាល​ថ្ងៃទី ១០​ខែកុម្ភៈ​ថា ពិធីបុណ្យ​នេះ​ត្រូវធ្វើ​ឡើងជា​ផ្លូវការ​នៅ​បរិវេណ​ព្រះមហា​សក្យមុនីចេតិយ ភ្នំ​ព្រះរាជ​ទ្រព្យ (​ឧ​ត្តុ​ង្គ​) ស្រុក​ពញាឮ ខេត្តកណ្តាល រយៈពេល​មួយថ្ងៃ​គឺ​នៅ​ថ្ងៃពេញបូណ៌មី ខែមាឃ​។

លោក​បញ្ជាក់ថា រដ្ឋបាល​ខេត្តកណ្តាល​ត្រូវ​សហការ​ជាមួយ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ចាត់ចែង​រៀបចំ​ពិធីបុណ្យ​នេះ ដោយ​តុបតែង​លម្អ​តាម​ដងផ្លូវ ដំឡើង​ផ្ទាំង​ប៉ាណូ​ធំៗ ស្តីពី​ព្រះពុទ្ធ​ទ្រង់​ប្រសូត ត្រាស់ដឹង ព្រះពុទ្ធ​ទ្រង់​បរិនិព្វាន និង​ចាត់​កម្លាំង​ការពារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ចរាចរណ៍ មុន​-​ក្រោយ និង​ក្នុងពេល​ប្រារព្ធ​ពិធីបុណ្យ​ឲ្យ​បានល្អ​ប្រសើរ​។

លោក​គ្រុយ ម៉ា​ឡែ​ន នាយក​រដ្ឋបាល​ខេត្តកណ្តាល​ថ្លែង​នៅ​ថ្ងៃទី ១៦ ខែកុម្ភៈ​ថា ការរៀបចំ​ពិធីបុណ្យ​មាឃបូជា​ឆ្នាំនេះ​មិន​ខុសពី​ការ​ប្រារព្ធ​ធ្វើ​ដូច​សព្វដង​នោះទេ ប៉ុន្តែ​ឆ្នាំនេះ​មានការ​អ​ញ្ចើ​ញ​ចូលរួម​ជា​អធិបតី​យ​ដោយ​លោក ស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​។ លោក​បន្តថា កម្មវិធី​បុណ្យ​គឺធ្វើឡើង​តាម​ការ​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា ដោយ​អនុវត្ត​ទៅតាម​កម្មវិធី​ដែល​គណៈកម្មាធិការ​រៀប​ចំ​បុណ្យជាតិ​-​អន្តរជាតិ​បាន​ណែនាំ ក្នុងនោះ​មាន​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត រៀបចំ​តេ​យ្យ​ទាន​ប្រគេន​ព្រះសង្ឃ​ប្រមាណ ៨០ អង្គ​ជាដើម​។

លោក​បញ្ជាក់ថា ដោយសារតែ​បច្ចុប្បន្ន​កំពុងមាន​បញ្ហា​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩ រដ្ឋបាល​ខេត្តកណ្តាល និង​គណៈកម្មកា​ធិ​ការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការថែរក្សា​អនាម័យ ការពាក់​ម៉ាស់ រក្សា​គម្លាត អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​ការណែនាំ​រប​ស់លោក​នាយករដ្ឋមន្ត្រី​គឺ​វិធាន​ការពារ និង​៣​កុំ ផងដែរ​។

ព្រះ​ភិក្ខុ វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៦ ខែកុម្ភៈ​ថា មាឃបូជា​គឺជា​ថ្ងៃ​សំខាន់​ពិសេស​មួយ​ដែល​ព្រះសម្មាសម្ពុទ្ធ​ធ្វើ​សន្និបាត​សង្ឃ​ដើម្បី​ប្រកាស​ពី​ធម្មនុញ្ញ​របស់​ព្រះពុទ្ធសាសនា ដែល​ព្រះអង្គ​ប្រាប់​ទៅ​ភិក្ខុ​ចំនួន ១២៥០ សុទ្ធតែជា​ព្រះអរហន្ត​មាន​រិ​ទ្ធិ​មាន​អភិញ្ញា​បានមក​ជុំគ្នា និង​ជាម​នុស្ស​សំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ព្រះពុទ្ធ​សា​នា​ក្នុងសម័យ​នោះ​។

ព្រះអង្គ​មាន​សង្ឃដីកា​រថា​៖«​ពិធីបុណ្យ​មាឃបូជា​នេះ​ជា​ថ្ងៃ​ពិសេស​មួយ ជា​ថ្ងៃ​ដែល​ព្រះអង្គ​ប្រជុំ​សន្និបាត​សង្ឃ​ជា​លើកដំបូង ដូច​ប្រជុំ​សភា​អ៊ីចឹង​ដើម្បី​ប្រកាស​នូវ​ធម្មនុញ្ញ​របស់​ព្រះពុទ្ធសាសនា ជាគោលការណ៍​រួម ជា​បេះដូង​ធម៌ ដើម្បី​ឲ្យ​ភិក្ខុសង្ឃ​ជាពិសេស​ដើម្បី​នឹង​ជួយ​ផ្សព្វផ្សាយ​ដល់​ពុទ្ធបរិស័ទ​»។

ព្រះអង្គ​បន្តថា ថ្ងៃ ១៥​កើត​ខែមាឃ​នោះ​ផងដែរ ជា​ថ្ងៃ​ដែល​ព្រះពុទ្ធ​រៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ភិក្ខុសង្ឃ​ឲ្យ​បានច្បាស់លាស់​ដោយ​តែងតាំង​អគ្គសាវ័ក​២​អង្គ​គឺ ព្រះ​សារីបុត្រ និង​មោក្ខ​លាន ឲ្យ​ជា​អ្នក​បំពេញ​កាតព្វកិច្ច​ក្នុងការ​ផ្សព្វផ្សាយ​ព្រះធម៌​ផងដែរ ។​មួយវិញទៀត ថ្ងៃ​មាឃបូជា គឺជា​ថ្ងៃ​ដែល​រំឭក​ដល់​ថ្ងៃ​ដែល​ព្រះពុទ្ធ​ទ្រង់​ដាក់​អាយុសង្ខារ​ដោយសារ​ស្តេច​មារ​តាម​អារាធនា​៕