ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន ថា​មាន​លក្ខណពិសេស​ផ្នែក​ការទូត និង​បាន​បង្ហើប​ពី​ការគាំទ្រ​ឱ្យមាន​សមយុទ្ធ​យោធា​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា ប៉ុន្តែ​សមយុទ្ធ​នោះ​ត្រូវផ្តោត​សំខាន់​លើ​ការសង្គ្រោះ​មហន្តរាយ​ និង​ការប្រឆាំង​ភេរវកម្ម ដើម្បី​ពង្រឹង​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​ ២​។

ការបង្ហាញ​ការគាំទ្រ​ឱ្យមាន​សមយុទ្ធ​យោធា​នេះ បន្ទាប់ពី​លោក ហ៊ុន សែន សង្កេតឃើញថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហ៊ុន ម៉ាណែត ​អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ទៅកាន់​ប្រទេស​ជប៉ុន​កាលពីពេល​ថ្មីៗ​នេះ ទទួល​បាន​ផ្លែផ្កា​ និង​មានការ​យកចិត្ត​ទុកដាក់​ពី​ប្រទេស​ជប៉ុន​។

ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ចំនួន ៧ នៅឯ​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​ ១៦ ខែកុម្ភៈ​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ទោះ​ស្ថិតនៅ​ក្នុងស្ថានភាព​កូវីដ​ ១៩ ដែល​ធ្វើឱ្យ​មានការ​លំបាក​នៅក្នុង​ការធ្វើដំណើរ​ក្តី ប៉ុន្តែ​ជប៉ុន​បាន​យក​យន្តហោះ​ពិសេស​មួយ​មក​ទទួល​លោក ហ៊ុន ម៉ាណែត និង​គណៈប្រតិភូ​ទៅកាន់​ប្រទេស​ជប៉ុន​ដើម្បី​ទស្សនកិច្ច​ផ្លូវការ​។

លោក​ថា៖ «​ខ្ញុំ​សូម​យក​ឱកាស​នេះ ថ្លែង​នូវ​ការអរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កាយវិការ​របស់​ជប៉ុន ចំពោះ​មេបញ្ជាការ​ជើងគោក​របស់​កម្ពុជា​នៅត្រង់ថា ស្ថានភាព​កូវីដ​ ១៩ បាន​បង្កើតឡើង​នូវ​ស្ថានភាព​ដ៏​លំបាក ការធ្វើដំណើរ​មិន​ងាយស្រួល​ទេ ប៉ុន្តែ​ជប៉ុន​បាន​បញ្ជូន​យន្តហោះ​ពិសេស​មួយ​មក​ទទួលយក​ ហ៊ុន ម៉ាណែត និង​គណៈប្រតិភូ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​»​។

លោក​បញ្ជាក់ថា​៖ «​អ្វីដែល​ខ្ញុំ​គិត វា​ជា​ចំណុច​ពិសេស​មួយទៀត (​ហ៊ុន ម៉ាណែត​) ទៅក្នុង​នាម​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក ក៏ប៉ុន្តែ​ពេល​ទៅដល់​ត្រូវបាន​ទទួល​ធ្វើ​សវនាការ​ និង​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​មានការ​ជួប​ជាមួយ​មេ​បញ្ជាការ​កងទ័ពជើងគោក អគ្គបញ្ជាការ និង​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​»​។

លោក​បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ​ថា មាន​លក្ខណពិសេស​មួយ នៅក្នុង​ចំណោម​លក្ខណពិសេស​នៃ​ផ្នែក​ការទូត ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ហើយ​លោក​បាន​ថ្លែងអំណរគុណ​ជាមួយ​ការយកចិត្ត​ទុកដាក់​ទៅលើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​។

បន្ថែម​ពីនេះ លោកនាយក​រដ្ឋមន្ត្រី​បាន​បង្ហើប​ពី​ការគាំទ្រ​ឱ្យមាន​សមយុទ្ធ​យោធា​ថា​៖ «​ខ្ញុំ​យល់ស្រប​ទៅលើ​អ្វីដែល​ប្រទេស​ទាំង​ ២ ​ត្រៀម​រៀបចំ​នូវ​កិច្ចសហប្រតិបត្តិការ​នៅពេល​ខាងមុខ នៅក្នុង​វិស័យ​យោធា​រាប់ទាំង​ការធ្វើ​សមយុទ្ធ​រួម បើសិនជា​មានការ​ចាំបាច់​ធ្វើ​សមយុទ្ធ​លើ​ទឹកដី​កម្ពុជា អត់​មាន​បញ្ហា​»​។

លោក​បញ្ជាក់ថា​៖ «​ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ចង់បាន​សមយុទ្ធ​ណាក៏ដោយ គួរតែ​ផ្តោត​ទី​ ១ គឺ​ទប់ស្កាត់ ឬ​ជួយសង្គ្រោះ គ្រោះមហន្តរាយ ឧទាហរណ៍​គ្រោះទឹកជំនន់​រាំងស្ងួត​ភ្លើង​ឆេះ​ព្រៃ ធ្លាក់​យន្តហោះ ឬ​ឧបទ្ទវហេតុ​ផ្សេងៗ​ដែល​កើតឡើង ទី​ ២ ​សមយុទ្ធ​ប្រឆាំង​ភេរវកម្ម ខ្ញុំ​ចង់បាន​សមយុទ្ធ​ទាំង​ ២​ នេះ រឿង​សមយុទ្ធ​វ៉ៃ​គ្នា អាហ្នឹង​ខ្ញុំ​អត់​ចង់​បានទេ​»​។

លោក​បន្តថា នៅក្នុង​រឿងនេះ នឹងមាន​ការជជែក​បន្ត​ទៀត​នៅក្នុង​ដំណើរ​នៃ​ការឆ្ពោះទៅមុខ​របស់​ប្រទេស​ទាំង​ ២ ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ប្រទេស​ទាំង​ ២​។

បើតាម​នាយកដ្ឋាន​ព័ត៌មានវិទ្យា​ក្រសួងការពារជាតិ លោក ហ៊ុន ម៉ាណែត បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​ជប៉ុន​រយៈពេល​ ៤ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១៤ ដល់​ថ្ងៃទី​ ១៧ ខែកុម្ភៈ ឆ្នាំ​ ២០២២ ​ដើម្បី​ពិភាក្សា​ការងារ និង​ចូលរួម​អបអរ​ខួប​ទី​ ៣០ ឆ្នាំ​នៃប្រតិបត្តិ​ការរក្សា​សន្តិភាព​ (PKO) របស់​ជប៉ុន​នៅ​កម្ពុជា ដែលជា​ប្រតិបត្តិការ​ក្រៅប្រទេស​លើក​ទី​ ១​ របស់​កងកម្លាំង​ស្វ័យ​ការពារ​ជប៉ុន​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក​ ហ៊ុន ម៉ាណែត បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​នាយ​ឧត្តមសេនីយ៍ YOSHIDA Yoshihide មេបញ្ជាការ​កងកម្លាំង​ស្វ័យការពារ​ជើងគោក​ជប៉ុន ដើម្បី​ពិភាក្សា​អំពី​ការពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កងទ័ពជើងគោក​កម្ពុជា និង​កងកម្លាំង​ស្វ័យការពារ​ជើងគោក​ជប៉ុន​ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​រឹងមាំ​។

ក្នុងជំនួប​នោះ​លោក YOS-HIDA Yoshihid សន្យា​បន្ត​ជួយ​ដល់​កងទ័ព​កម្ពុជា​លើ​ការកសាង​ពង្រឹងសមត្ថភាព​តាមរយៈ​ការហ្វឹកហ្វឺន​លើ​ជំនាញ​សំខាន់ៗ ដើម្បី​ឆ្លើយតប​នឹង​ស្ថានការណ៍​សន្តិសុខ​សង្គ្រាម​មិនមែន​ប្រពៃណី​ដូចជា​ការវាយប្រហារ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត និង​បច្ចេកវិទ្យា​ទំនើប​បញ្ហា​គ្រោះមហន្តរាយ និង​ជំងឺ​រាតត្បាត​នានា​ព្រមទាំង​ការគាំទ្រ​ឱ្យមាន​ការរៀបចំ​លំហាត់​រួម​ក្នុង​កម្រិត​ណាមួយ​នៅពេល​អនាគត​។

ទន្ទឹម​នោះដែរ លោក ហ៊ុន ម៉ាណែត បាន​រំឭក​អំពី​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ ២ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល កងស្វ័យ​ការពារ​ជប៉ុន និង​ប្រជាជន​ជប៉ុន ដែល​តែងតែបាន​ជួយ​គាំទ្រ​កម្ពុជា​នៅក្នុង​ដំណាក់កាល​ស្វែងរក​សន្តិភាព ដំណាក់កាល​ស្តារ​កសាង​ប្រទេស​ក្រោយ​សង្គ្រាម និង​រហូតមកដល់​ដំណាក់កាល​បច្ចុប្បន្ន ដែលជា​ដំណាក់កាល​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​រុងរឿង​។ លោក​ថា​៖ «​ការរីក​ចម្រើន​គួរឱ្យ​កត់សម្គាល់​នៃ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រួមទាំង​វិស័យ​យោធា​ចាប់តាំងពី​ឆ្នាំ​ ២០១៣ ​មក ដែលជា​ឆ្នាំ​នៃ​ការចាប់ផ្តើម​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​រាជរដ្ឋាភិបាល​ទាំង​ ២ ក៏ដូចជា ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​ផ្នែក​យោធា​រវាង​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំង​ ២​។

ជារួម ភាគី​ទាំង​ ២ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏ល្អ ជាពិសេស​ការបង្ហាញ​នូវ​ឆន្ទៈ និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​កងទ័ពជើងគោក​កម្ពុជា និង​កងកម្លាំង​ស្វ័យការពារ​ជើងគោក​ជប៉ុន ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស្អិតល្មួត​។ ជា​ទិសដៅ​ទៅមុខ ភាគី​ទាំង​ ២ បាន​ឯកភាព​នឹង​បន្ត​កិច្ចពិភាក្សា ដើម្បី​ធ្វើ​យ៉ាងណា​ឈាន​ទៅ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ឱ្យ​មាន​លក្ខណៈ​កាន់តែ​រីកចម្រើន និង​ខិតជិត​ទៅរក​ការផ្សារភ្ជាប់​រវាង​អង្គភាព និង​អង្គភាព ក៏ដូចជា​រវាង​យោធិន និង​យោធិន​។

ក្រៅពីនោះ​លោក ហ៊ុន ម៉ាណែត ក៏មាន​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​លោក KISHI Nobuo ផងដែរ ដោយ​កិច្ចពិភាក្សា​ផ្តោតជាសំខាន់​លើ​គោលបំណង​រួម​កម្ពុជា​-​ជប៉ុន ក្នុង​ការបន្ត​ពង្រឹង​ទំនាក់ទំនង​ប្រកបដោយ​សក្តានុពល​រវាង​ប្រទេស​ទាំង​ ២ ជាពិសេស​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​ផ្នែក​យោធា​។

បើតាម​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងការពារជាតិ​ក្នុង​ជំនួប​នោះ ភាគី​ជប៉ុន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​ប្រទេស​កម្ពុជា​-​ជប៉ុន ក្នុង​ការបន្ត​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ក្នុង​វិស័យ​ការពារជាតិ និង​បាន​គាំទ្រ​លើ​សំណើ​ផ្តួចផ្តើម​នានា​របស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស​លើ​ជំនាញ​សំខាន់ៗ​មួយចំនួន​ដល់​កងទ័ព​កម្ពុជា​ជាមួយ​នឹង​ការ​រំពឹងថា កម្ពុជា​នឹង​ក្លាយជា​ដៃគូ​ដ៏ល្អ​ក្នុង​ការចូលរួម​ចំណែក​ដល់​ការពង្រឹង និង​ថែរក្សា​សន្តិភាព​នៅក្នុង​តំបន់​៕