ក្រចេះ/ព្រៃវែងៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបនឹងការរិះគន់ពីសំណាក់បុគ្គលមួយចំនួនដែលថា រដ្ឋាភិបាលរបស់លោកពូកែខាងសុំជំនួយមកកសាងនេះកសាងនោះ។ លោកបញ្ជាក់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានចំនួន ៧ នៅខេត្តក្រចេះ និងខេត្តព្រៃវែងនាថ្ងៃទី ១៦ កុម្ភៈ ថា លោកមិនបានសុំជំនួយយកមកធ្វើអ្វីជាប្រយោជន៍ សម្រាប់ផ្ទាល់ខ្លួនទេ គឺសុំដើម្បីប្រជាជនកម្ពុជា។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «រហូតដល់អ្នកបន្តុះបង្អាប់ គេប្រើពាក្យ ខ្ញុំជារដ្ឋាភិបាលពូកែស្មុំ។ ខ្ញុំដើរសុំ ប៉ុន្តែខ្ញុំមិនបានសុំយកទៅធ្វើបង្ហើយផ្ទះបាយរបស់ខ្ញុំទេ។ ខ្ញុំសុំដើម្បីយកមកធ្វើស្ពាន ធ្វើផ្លូវ ប្រឡាយ សាលារៀន ធ្វើមន្ទីរពេទ្យ និងធ្វើអ្វីផ្សេងៗទៀតដើម្បីបម្រើប្រជាជនរបស់ខ្ញុំ»។
ក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការរីកចម្រើនរបស់កម្ពុជាក៏មិនអាចកាត់ផ្តាច់ចេញពីជំនួយឧបត្ថម្ភពីដៃគូអភិវឌ្ឍន៍ទាំងអស់ និយាយជារួម និងនិយាយដោយឡែក គឺការចូលរួមចំណែករបស់ជប៉ុនតែម្តង។ លោកបញ្ជាក់ថា សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងការដឹកជញ្ជូន និងការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ក៏ដូចជាវិស័យផ្សេងទៀត គឺជប៉ុនបានជួយកម្ពុជាច្រើនក្នុងការអភិវឌ្ឍទាំងនេះ។
លោកថ្លែងថា៖ «ខ្ញុំយកឱកាសនេះតាមរយៈ [ឯកអគ្គរាជទូត] ជប៉ុនលោក MIKAMI Masahiro និងតាមរយៈអង្គការ JICA នៅទីនេះ សម្តែងនូវការអរគុណដល់រដ្ឋាភិបាលជប៉ុន ដែលប្រើថវិកា សាងសង់នូវស្ពានទាំង ៧ នេះ ដែលរួមមានក្នុងខេត្តក្រចេះ ចំនួន ៥ និងខេត្តព្រៃវែងចំនួន ២ បន្ថែមទៀត ដែលធ្វើឱ្យយើងតភ្ជាប់ជាបណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏ល្អមួយ»។
លោកបានរំឭកផងដែរថា អ្វីដែលកម្ពុជាបាននិងកំពុងទទួលផលនេះ គឺជាចំណែកនៃទំនាក់ទំនងល្អរវាងមេដឹកនាំកម្ពុជា និងមេដឹកនាំជប៉ុន។ លោកនាយករដ្ឋមន្ត្រីឱ្យដឹងថា ថវិកាដែលចំណាយក្នុងការសាងសង់ស្ពានទាំង ៧ នេះ គឺជប៉ុនបានផ្តល់ជំនួយប្រមាណ ៣៥ លានដុល្លារ និងមួយផ្នែកទៀតជាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយផលប៉ះពាល់ផ្សេងទៀត ដែលសរុបទាំងអស់ចំណាយថវិកាប្រមាណ ៤០ លានដុល្លារ។

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក MIKAMI Masahiro ថ្លែងថា ស្ពានចំនួន ៧ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុននឹងគាំទ្រដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទៅបណ្តាខេត្តផ្សេងៗ។ ការអភិវឌ្ឍផ្លូវដែលជួយទ្រទ្រង់ដល់សេដ្ឋកិច្ចទាំងមូល គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ដាច់ស្រយាល ដែលមិនសូវទទួលបានអំណោយផលសេដ្ឋកិច្ចក៏មានសារៈសំខាន់ផងដែរ។
លោកថ្លែងថា៖ «ទោះគម្រោងនេះមិនមានការលេចធ្លោខ្លាំងក៏ដោយ ប៉ុន្តែខ្ញុំមានមោទនភាពណាស់ដែលគម្រោងនេះអាចរួមចំណែកដល់ប្រជាជនក្នុងតំបន់ដែលរងគ្រោះ ដោយទឹកជំនន់ញឹកញាប់ និងការដឹកជញ្ជូនដែលធ្លាប់កកស្ទះនៅពេលមានទឹកជំនន់»។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ថ្លែងថា សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន។ សមិទ្ធផលនេះ កើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុនជូនដល់ប្រជាពលរដ្ឋខេត្តក្រចេះ និងខេត្តព្រៃវែង ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។ ស្ពានទាំង ៧ កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ស្ថិតនៅទីតាំងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានមានប្រវែងសរុប ៦៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣ ៤២៤ ម៉ែត្រ។
លោកថា៖ «ការសាងសង់ឡើងវិញនូវស្ពានទាំង ៧ កន្លែងនេះ គឺដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលនៃគ្រោះមហន្តរាយទឹកជំនន់ ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងអំឡុងរដូវវស្សា ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន និងបង្កផលលំបាកផ្សេងៗដល់ការធ្វើចរាចរណ៍ឆ្លងកាត់ភូមិសាស្ត្រនៃខេត្តទាំង ២»។
លោកបន្តថា បច្ចុប្បន្ន ស្ពានទាំង ៧ កន្លែងបានក្លាយជាផ្នែកមួយនៃការតភ្ជាប់ និងគាំទ្រដល់ខ្សែផ្លូវជាតិចំនួន ២ គឺផ្លូវជាតិលេខ ៧៣ (ខេត្តក្រចេះ) និងផ្លូវជាតិលេខ ១១ (ខេត្តព្រៃវែង) ដែលជាខ្សែផ្លូវមានភាពមមាញឹកខ្លាំង សម្រាប់ការធ្វើចរាចរណ៍ដឹកជញ្ជូនគ្រប់ប្រភេទ និងជាខ្សែផ្លូវតភ្ជាប់របៀងសេដ្ឋកិច្ចកណ្តាល និងរបៀងសេដ្ឋកិច្ចខាងត្បូង។
ស្ពានទាំង ៧ ដែលបានសាងសង់នេះ ស្ពានចំនួន ៥ កន្លែង ស្ថិតក្នុងខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ ៧៣ គឺស្ពានព្រែកសណ្តាន់ ប្រវែង ៣៥ ម៉ែត្រ ស្ពានព្រែកឫស្សី ប្រវែង ៦២ ម៉ែត្រ ស្ពានអន្លង់ឃ្លេ ប្រវែង ៤៨ ម៉ែត្រ។ ស្ពានព្រែកឆ្លូងប្រវែង ១៤០ ម៉ែត្រ និងស្ពានពាមទេរប្រវែង ១៧៥ ម៉ែត្រ។ ស្ពាន ២ កន្លែងទៀត ស្ថិតក្នុងខេត្តព្រៃវែងតាមបណ្តោយផ្លូវជាតិលេខ ១១ រួមមាន ស្ពានបាបោងលេខ ១ ប្រវែង ១០៥ ម៉ែត្រ និងស្ពានបាបោងលេខ ២ ប្រវែង ១០៥ ម៉ែត្រ។
លោកទេសរដ្ឋមន្ត្រីឱ្យដឹងថា គម្រោងខាងលើនេះបានស្ថាបនាច្រាំងការពារការហូរច្រោះទឹកជំនន់ និងត្រូវបានស្ថាបនាជាប្រភេទស្ពានបេតុងក្រាលកៅស៊ូ AC កម្រាស់ ១០ សង់ទីម៉ែត្រ។ ស្ពានទាំង ៧ កន្លែងនេះបានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមិថុនា ឆ្នាំ ២០១៨ និងបានបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ ២០២០។ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៩ ខែ សាងសង់ដោយក្រុមហ៊ុន Hazama Ando Corporation និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស CTI Engineering International Co., Ltd. បានចំណាយថវិកាអស់ប្រមាណ ៣៥ លានដុល្លារអាមេរិក។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការសម្រេចបាននូវការអភិវឌ្ឍ និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេសដូចនាពេលបច្ចុប្បន្ន គឺបានកើតឡើងដោយសារសុខសន្តិភាព និងស្ថិរភាពនយោបាយ។ នេះជាកត្តាសារវន្ត ដែលមិនអាចខ្វះបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចាត់ទុកការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការដឹកជញ្ជូនជាវិស័យអាទិភាពរបស់ជាតិ និងបានពុះពារស្វះស្វែងរកប្រភពធនធានពីគ្រប់មជ្ឈដ្ឋាន ដើម្បីអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេសឱ្យកាន់តែមានភាពល្អប្រសើរឡើង៕