ភ្នំពេញៈ មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់សិន និង​អង្គការ USAID បាន​ចាត់ទុក​ជំងឺរបេង នៅតែ​ជា​បញ្ហា​កង្វល់​សម្រាប់​កម្ពុជា បើទោះ​ជា​អត្រា​មរណៈ និង​អត្រា​ឆ្លង​នៃ​ជំងឺ​នេះ​បាន​ថយចុះ​ជា​លំដាប់​ក្តី​ក៏ប៉ុន្តែ​ករណី​ជំងឺរបេង​ជាច្រើន​នៅតែ​មិនទាន់បាន​រកឃើញ និង​ធ្វើ​រោគវិនិច្ឆ័យ ដែល​នៅ​បន្ត​ការចម្លង​នៅក្នុង​សហគមន៍​។

ដោយសារតែ​បែបនេះ​ហើយ ទើប​កាលពី​ថ្ងៃទី​ ១៤ ​កុម្ភៈ​អង្គការ USAID បានប្រគល់​ម៉ាស៊ីន​ធ្វើ​រោគវិនិច្ឆ័យ ទ្រូណាត (True-nat) ​ដល់​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់សិន ដែល​ម៉ាស៊ីន​ស៊េរី​ទំនើប​នេះ​នឹង​ជួយ​ស្វែងរក និង​កំណត់​អត្តសញ្ញាណ​ជំងឺរបេង​ដែល​ស៊ាំ​នឹង​ថ្នាំ​ជាច្រើន​ប្រភេទ​ក្នុងប្រទេស​កម្ពុជា ខណៈ​ការធ្វើ​រោគវិនិច្ឆ័យ​រោគរបេង​បាន​លឿន និង​ត្រឹមត្រូវ​ខ្ពស់ ដើម្បី​ឱ្យ​អ្នកជំងឺ​អាច​ចាប់ផ្តើម​ការព្យាបាល​បាន​ឆាប់រហ័ស​។

អង្គការ USAID បាន​និយាយថា​៖ «​ម៉ាស៊ីន​ទាំងនេះ​នឹង​គាំទ្រ​ដល់​កម្មវិធី​ជាតិ​កំចាត់​រោគរបេង​ក្នុង​កិច្ចប្រឹងប្រែង​ស្វែងរក​ជំងឺរបេង​នៅតាម​មណ្ឌល​សុខភាព និង​ក្នុង​សហគមន៍​។ ម៉ាស៊ីន ទ្រូណាត យើង​មាន​មោទនភាព​ចំពោះ​ភាពជា​ដៃគូ​ជាមួយ​នឹង​កម្មវិធី​ជាតិ​កំចាត់​រោគរបេង ហើយ​យើង​ទាំងអស់​គ្នា​អាចឈាន​ទៅដល់​គោលដៅ​លុបបំបាត់​ជំងឺរបេង​នៅ​កម្ពុជា​ឱ្យបាន​ត្រឹម​ឆ្នាំ​ ២០៣០»​។

លោកស្រី Nancy Eslick តំណាង​បេសកកម្ម USAID បាន​ថ្លែងថា ជំងឺរបេង នៅតែ​ជា​ជំងឺឆ្លង​ដ៏កាចសាហាវ​មួយ​នៅក្នុង​ពិភពលោក ហើយ​ប្រទេស​កម្ពុជា ស្ថិតនៅ​ក្នុងចំណោម​ប្រទេស ដែលមាន​បន្ទុក​ជំងឺ​របេង​ខ្ពស់​ជាងគេ​។ ខណៈ​ដែល​អត្រា​មរណៈ និង​អត្រា​ឆ្លង​នៃ​ជំងឺ​របេង​បាន​ថយចុះ​ជា​លំដាប់​ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ ក៏ប៉ុន្តែ​ករណី​ជំងឺរបេង​ជាច្រើន​នៅតែ​មិនទាន់បាន​រកឃើញ និង​ធ្វើ​រោគវិនិច្ឆ័យ ដែល​នៅ​បន្ត​ការចម្លង​នៅក្នុង​សហគមន៍​។

លោកស្រី បាន​បញ្ជាក់ថា​៖ «​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ប្តេជ្ញា​បន្ត​ការជួយឧបត្ថម្ភ​គាំទ្រ​ប្រទេស​កម្ពុជា​ ដើម្បី​កាត់បន្ថយ​បន្ទុក​ជំងឺរបេង តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​លទ្ធភាព​ទទួលបាន​ការព្យាបាល និង​ការធ្វើ​រោគវិនិច្ឆ័យ​ប្រកបដោយ​គុណភាព​ខ្ពស់​»​។

លោក​ ហួត ចាន់យុដា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កំចាត់រោគ​របេង និង​ហង់សិន បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៦​ កុម្ភៈ​ថា កម្ពុជា​នៅមាន​មនុស្ស​ប្រមាណ ​១ ​ភាគ​ ​៣ ​ដែល​កំពុង​ឈឺ​ដោយសារ​ជំងឺរបេង ហើយ​ពួកគេ​នៅ​មិនទាន់​ទទួលបាន​ការថែទាំ ការធ្វើ​រោគវិច្ឆ័យ និង​ការព្យាបាល​ទាន់ពេល ដែល​នេះ​គឺជា​ហានិភ័យ​លើ​ការបន្ត​ការចម្លង និង​ការឆ្លង​ដែល​ធ្វើឱ្យមាន​ផលប៉ះពាល់​ដល់​សុខភាព​សាធារណៈ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ​។

បន្ថែម​ពីនេះ លោក​បានឱ្យដឹង​បន្តថា ជា​រៀងរាល់ឆ្នាំ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់សិន​បានធ្វើការ​ស្រាវជ្រាវ និង​បានផ្តល់​ការថែទាំ ការធ្វើ​រោគវិនិច្ឆ័យ និង​ការព្យាបាល​ដល់​អ្នក​ជំងឺរបេង​ប្រមាណ​ជិត​ ឬ​ជាង​ ៣ ​ម៉ឺន​នាក់​។ លោក​រៀបរាប់​បន្តថា​៖ «​ជា​ឧទាហរណ៍ ក្នុង​ឆ្នាំ ២០១៨ មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់សិន​បានផ្តល់​ការថែទាំ ការធ្វើ​រោគវិនិច្ឆ័យ និង​ការព្យាបាល​ដល់​អ្នកជំងឺ​របេង​ចំនួន ២៨ ៤៦៤ នាក់ និង​ក្នុង​ឆ្នាំ​ ២០១៩ មាន​ចំនួន ៣០ ១៤៨ ​នាក់ និង​ក្នុង​ឆ្នាំ​ ២០២០ មាន​ចំនួន ២៩ ២៩៩ គឺមាន​ការថយចុះ​បន្តិចបន្តួច​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩»​។

លោក​រៀបរាប់​ទៀតថា​៖ «​បើទោះ​ជា​យើង​មាន​ការប្រឈម​ជាមួយ​នឹង​ការរាតត្បាត​ជំងឺ​កូវីដ ១៩ តែ​សកម្មភាព​ស្រាវជ្រាវ ការធ្វើ​រោគវិនិច្ឆ័យ និង​ការព្យាបាល​ជំងឺរបេង​នៅ​បន្ត​អនុវត្ត ដោយ​គោរព​តាម​គោលការណ៍ និង​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​លើ​ការបង្ការ និង​ការពារ​ជំងឺ​កូវីដ ជាពិសេស​ការចូលរួម​ដ៏សកម្ម​របស់​អង្គការ​សង្គម​ស៊ីវិល និង​បុគ្គលិក​សុខាភិបាល​របស់​យើង​»​។

បើតាម​របាយការណ៍​សកល​ស្តីពី​ជំងឺរបេង ផ្សព្វផ្សាយ​ក្នុង​ឆ្នាំ​ ២០២១ ដោយ​អង្គការ​សុខភាព​ពិភពលោក កម្ពុជា​នៅមាន​ចំនួន​អ្នក​ឈឺ​ដោយសារ​ជំងឺរបេង ប្រមាណ​ ២៧៤​ នាក់​ក្នុង​ចំណោម​ប្រជាជន​ ១​ សែន​នាក់ និង​មាន​អ្នកស្លាប់​ ២០ ​នាក់ ក្នុងចំណោម​ប្រជាជន​ ១​ សែន​នាក់​៕