បាត់ដំបងៈ ពលករ​ខ្មែរ​ប្រុស​-​ស្រី រួមទាំង​ក្មេងៗ​ជា​កូន​ពលករ​ចំនួន​ ១៧៥ ​នាក់ បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ នៅ​ថ្ងៃទី​ ១៦ ខែកុម្ភៈ តាម​ច្រក​តំបន់​អូរអន្លក់​ក្នុង​ឃុំ​តាសែន ស្រុក​កំរៀង ខេត្ត​បាត់ដំបង ក្នុងនោះ​មនុស្ស​ ៤៨ ​នាក់​ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​ចត្តាឡីស័ក ដោយសារ​តែ​ពួកគេ​ខ្លះ​ទើបតែ​ចាក់​វ៉ាក់សាំង​បាន​ម្តង និង​មួយចំនួន​មិនទាន់បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​។

លោក​វរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរ​ ៨១៩ ប្រចាំការ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុងស្រុក​កំរៀង ខេត្ត​បាត់ដំបង​បាន​ឱ្យដឹងថា នៅ​ថ្ងៃទី​ ១៦ កុម្ភៈ កម្លាំង​សមត្ថកិច្ច​របស់លោក​បាន​ទទួល​ពលករ​ប្រុស​-​ស្រី និង​ក្មេងៗ​ជា​កូន​ពលករ​ចំនួន​ ១៧៥ នាក់​ (​ស្រី​ ៦៩ ​នាក់​) ក្នុងនោះ មាន​ក្មេងៗ​ចំនួន​ ២៩ ​នាក់​ (​ក្មេងស្រី ១២ ​នាក់​)​។ ចំពោះ​អ្នក​ដែល​ត្រូវ​បញ្ជូនទៅ​មណ្ឌល​ចត្តាឡីស័ក​នៅ​ស្រុក​សំពៅ​លូន​មាន​ចំនួន​ ៤៨​ នាក់ ​( ​ស្រី​ ១៨ នាក់​បូក​ក្មេង ៧​ នាក់​)​។ ការបញ្ជូន​ទៅធ្វើ​ចត្តាឡីស័ក​នេះ ដោយសារតែ​ពួកគេ​នៅ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩​ នៅឡើយ​។

លោក​បញ្ជាក់ថា​៖ «​បើតាម​ខ្ញុំ​សួរ ពលករ​ប្រាប់ថា ពួកគាត់​ត្រឡប់​មក​ស្រុកកំណើត​វិញ​ដោយសារ​ពួកគាត់​ទៅ​ប្រទេស​ថៃ​យូរ​ឆ្នាំ​ដែរ ម្យ៉ាង​គាត់​អស់​ការងារ​ធ្វើ​។ ករណីនេះ​គ្រូពេទ្យ និង​សមត្ថកិច្ច​ខ្ញុំ តែងតែ​អប់រំ​ដល់​ពលករ​ដែល​មកវិញ​ឱ្យ​យល់ដឹង​ពី​ជំងឺ​កូវីដ មុននឹង​អនុញ្ញាត​ឱ្យ​គាត់​ត្រឡប់​ទៅ​លំនៅឋាន​វិញ​»​។

លោក​ ហាត ឡៃឡែ ស្នងការរង​ខេត្តបាត់ដំបង​ទទួល​ផែន​ការងារ​នគរបាល​ព្រំដែន ឱ្យដឹង​នៅ​ថ្ងៃទី​ ១៦ កុម្ភៈ ថា រយៈពេល​ដើមខែ​ក្នុងឆ្នាំនេះ ពលករ​ខ្មែរ​ត្រឡប់​មកពី​ប្រទេស​ថៃ​មាន​ចំនួន​ខ្ទង់ពាន់​នាក់​។ បើតាម​របាយការណ៍​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្រក​អូរអន្លក់​ក្នុង​ឃុំ​តាសែន ស្រុក​កំរៀង និង​នៅ​ច្រក​ពោធិ៍ជ្រៃ ឃុំ​សិរីមានជ័យ ស្រុក​សំពៅលូន ពលករ​ទាំងនោះ​ភាគច្រើន​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​រួចរាល់​ហើយ​។ មូលហេតុ​ដែល​ពួកគេ​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​នេះ ដោយ​ពួកគេ​លើកឡើងថា នៅ​តំបន់​ដែល​ពួកគេ​រស់នៅ​នោះ​អស់​ការងារ​ធ្វើ ហើយ​ម្យ៉ាងទៀត​ពួកគេ​ចង់​មកលេង​ស្រុក​កំណើត​ផង​។

បើតាម​លោក​ស្នងការរង ពលករ​ទៅ​ប្រទេស​ថៃ​ភាគច្រើន​ស៊ីឈ្នួល​ធ្វើ​ចម្ការ ឬ​បេះ​ផ្លែឈើ​ឱ្យគេ​។ ពាក់ព័ន្ធ​នឹង​ចំនួន​ពលករ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​ប្រចាំខែ​វិញ គឺ​លោក​មិនបាន​សរុប​របាយការណ៍​ពី​ចំនួន​តួលេខ​នេះ​ទេ​។

លោក​ថ្លែងថា​៖ «​ពលករ​ឥឡូវ​ក៏​អត់​ការងារ​ធ្វើ​ដែរ វា​មាន​អ្នក​ដែល​ទើបនឹង​ទៅ​ថ្មី និង​អ្នក​ទៅ​យូរ​ឆ្នាំ​។ បើ​អ្នក​ដែល​អត់​បាន​ចាក់​វ៉ាក់សាំង​ទេ យើង​នឹង​យក​គាត់​ទៅធ្វើ​ចត្តាឡីស័ក​។ តែបើ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ បើ​ធ្វើ​តេស្ត​ទៅ​មិនឃើញ​មាន​កូវីដ​ទេ យើង​ឱ្យ​គាត់​ទៅផ្ទះ​បាន​»​។

ទោះយ៉ាងណា លោកស្រី​ រស់ ជីវី ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ខេត្ត​បាត់ដំបង​ប្រាប់​នៅ​ថ្ងៃទី​ ១៦ ខែកុម្ភៈ ថា លោកស្រី​ពុំមាន​ចំនួន​ពិតប្រាកដ​ទេ ចំពោះ​ពលករ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​។ ប៉ុន្តែ​បើ​គិតពី​ដើមខែ​មករា ឆ្នាំ​ ២០២២ ដល់ពេលនេះ គឺ​ពលករ​មាន​ចំនួន​ក្បែរ​ពាន់​នាក់​ហើយ​។

លោកស្រី​បាន​ថ្លែងថា​៖ «​ពលករ​ទាំងនោះ​ភាគច្រើន​ចាក់​វ៉ាក់សាំង​រួចហើយ​។ តែ​ចំពោះ​សកម្មភាព​មេខ្យល់​លួច​នាំ​ពលករ ឆ្លងដែន​ទៅ​ប្រទេស​ថៃ​វិញ គឺ​ពុំ​ឃើញ​មាន​ទេ​»៕