ភ្នំពេញៈ រដ្ឋាភិបាល​បារាំង​​សម្រេច​ផ្តល់ជំនួយ​ចំនួន ២០ ម៉ឺនអឺរ៉ូ​ដល់​កញ្ចប់​ថវិកា​ឆ្នាំ​ ២០២២ របស់​ភាគី​អន្តរជាតិ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ.វ.ត.ក) ដែល​ធ្វើឱ្យ​ជំនួយ​សរុប ដែល​ប្រទេស​បារាំង​ផ្តល់ឱ្យ អ.វ.ត.ក មាន​ចំនួន​ ៦,៩ ​លាន​អឺរ៉ូ គិត​ចាប់តាំងពី​តុលាការ​នេះ​ត្រូវបាន​បង្កើតឡើង​។

តាម​ការផ្សព្វផ្សាយ​របស់​គេហទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​បារាំង​នៅ​ថ្ងៃទី​ ១៥ ខែកុម្ភៈ​បានឱ្យដឹងថា ការផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែមទៀត​នេះ​ត្រូវ​បានប្រកាស​ក្នុងអំឡុង​នៃ​កិច្ចប្រជុំ​នៃ​ក្រុម​មិត្ត អ.វ.ត.ក ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​ ១៥ ខែកុម្ភៈ ក្រោម​សហ​អធិបតី​លោក ហ្សាក់ ប៉ឺឡែ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា និង​លោក ម៉ាសាហ៊ីរ៉ូ មីកាមី ឯកអគ្គ​រដ្ឋទូត​ជប៉ុន ប្រចាំ​កម្ពុជា​។

កិច្ច​ជំនួប​នេះ​គឺជា​លើក​ទី​ ១​ របស់​ក្រុម​មិត្ត អ.វ.ត.ក ដោយមាន​វត្តមាន​ដោយផ្ទាល់ ចាប់​តាំងពី​ការលេចឡើង​នៃ​ជំងឺ​កូវីដ​ ១៩​។ កិច្ច​ជំនួប​នេះ​គឺជា​ឱកាស​នៃ​ការពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា​ជាមួយ​តំណាង​រដ្ឋបាល​នៃ អ.វ.ត.ក និង​តំណាង​ស្ថានទូត​ជាច្រើន​ដែល​ចូលរួម​សង្កេតមើល​ពី​សេចក្តីសម្រេច​ថ្មីៗ​របស់ អ.វ.ត.ក កាលវិភាគ​របស់ អ.វ.ត.ក ការជះឥទ្ធិពល​នៃ​ជំងឺ​កូវីដ​ ១៩ លើ​សកម្មភាព​របស់ អ.វ.ត.ក ការបំពេញ​មុខងារ ដែល​នៅ​សេសសល់​របស់ អ.វ.ត.ក ក្រោយ​ការបញ្ចប់​អាណត្តិ​របស់ខ្លួន​។

លោក នេត្រ ភក្ត្រា អ្នក​នាំពាក្យ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ប្រាប់​ភ្នំ​-​ពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១៥ ខែកុម្ភៈ​ថា ប្រទេស​បារាំង​ជា​ប្រទេស​ម្ចាស់ជំនួយ​ដ៏ធំ​មួយ​របស់​សាលាក្តី​ខ្មែរក្រហម ដែល​តែងតែ​ផ្តល់​ការគាំទ្រ និង​បាន​ចូលរួម​គាំទ្រ​ដល់​ដំណើរការ​ស្វែងរក​ការពិត និង​យុត្តិធម៌​ដល់​ជនរងគ្រោះ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។

លោក​បាន​ថ្លែងថា​៖ «​សាលាក្តី​ខ្មែរក្រហម​សូម​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​បារាំង ដែល​បាន​បន្ត​ផ្តល់​ការគាំទ្រ ផ្នែក​ហិរញ្ញវត្ថុ​មក​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដើម្បី​បន្ត​កិច្ចការងារ​ដ៏មាន​សារៈសំខាន់​របស់ខ្លួន​ក្នុង​ដែន​យុត្តាធិការ​នាំយក​អតីត​មេដឹកនាំ និង​អ្នកទទួលខុសត្រូវ​ជាន់​ខ្ពស់​ក្នុង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​មក​ជំនុំ​ជម្រះក្តី ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើតឡើង​នៅក្នុង​របប​ខ្មែរក្រហម​ដែល​ត្រូវបាន​ចោទប្រកាន់​ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​»​។

បើតាម​លោក​ នេត្រ ភក្ត្រា បច្ចុប្បន្ននេះ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅសល់​សំណុំរឿង​ ១ គឺ​សំណុំ​រឿង ០០២/០០២ ដែល​រហូតមក​ដល់ពេលនេះ​រង់ចាំ​ប្រកាស​សាលដីកា​ស្ថាពរ​លើ​សំណុំរឿង​ ០០២/០០២ ដែលជា​បណ្តឹង​សារទុក្ខ​របស់​លោក ខៀវ សំផន ប្រឆាំង​ទៅនឹង​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង​ដែល​សម្រេច​ផ្តន្ទាទោស​គាត់​ដាក់ពន្ធនាគារ​អស់​ ១​ ជីវិត​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​។ សាលដីកា​ស្ថាពរ​នេះ​រំពឹងថា នឹង​ប្រកាស​នៅ​ត្រីមាស​ទី​ ៤ ឆ្នាំ ២០២២ នេះ ដោយ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​-​កម្ពុជា​។ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ.វ.ត.ក​) ​គឺជា​តុលាការ​កូនកាត់​មួយ​ដែល​ទទួលបាន​ការគាំទ្រ​ពី​មជ្ឈដ្ឋាន​អន្ដរជាតិ​តាមរយៈ​​អង្គការ​សហប្រជាជាតិ (UNAKRT)​។

តុលាការ​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​ ៦ ខែមិថុនា ឆ្នាំ ២០០៣ ដើម្បី​នាំយក​អតីត​មេដឹកនាំ និង​អ្នក​ទទួលខុស​ត្រូវ​ជាន់ខ្ពស់​ក្នុង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​មក​ជំនុំ​ជម្រះក្តី ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បានកើត​ឡើង​នៅក្នុង​របប​ខ្មែរក្រហម ដែល​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​៕