ស្ទឹងត្រែងៈ មន្ត្រី​ផ្នែក​ជលផល​ខេត្ត​ស្ទឹងត្រែង​បាន​និយាយថា សពសត្វ​ផ្សោត​ឯកា ដែល​នៅសល់​ចុងក្រោយ​នៅ​អន្លង់​ឈើទាល ត្រូវ​បាន​ស្នើ​យកទៅ​រក្សាទុក​នៅក្នុង​សហគមន៍ បន្ទាប់ពី​បាន​ប្រទះឃើញ​ងាប់​អណ្តែត​ទឹក​កាលពី​ថ្ងៃ​ទី​ ១៥ ខែកុម្ភៈ​។

សត្វ​ផ្សោត ១ ​ក្បាល​នេះ ឃើញ​មាន​របួស​បង្ក​ជា​ដំបៅ ដោយសារ​តែ​កន្ទុយ​របស់​វា​ត្រូវបាន​រុំ​ជាប់​ដោយ​កំណាត់​សរសៃ​មង​អស់​រយៈពេល​ជាង ១ ​ខែ​មកហើយ ដែល​សត្វ​ផ្សោត​ឯកា ១ ​ក្បាល​នេះ​បាន​ធ្លាក់ខ្លួន​ឈឺ​ស្គមរីងរៃ​។

សត្វ​ផ្សោត​ឯកា​នេះ​ដែល​បាន​ងាប់​ចុងក្រោយ​ក្នុង​អន្លង់​ឈើទាល​នេះ គឺជា​សត្វ​ផ្សោត​ឈ្មោល​មាន​អាយុ​ជាង ២០ ឆ្នាំ និង​មាន​ទម្ងន់ ១១០ គីឡូក្រាម​មាន ប្រវែង​ជាង ២ ​ម៉ែត្រ​។ នេះ​បើតាម​លោក ស្រី សំវិចិត្រ ប្រធាន​ផ្នែក​ជលផល​ខេត្តស្ទឹងត្រែង​។

លោក ស្រី សំវិចិត្រ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៦​ កុម្ភៈ​ថា ក្រោយ​ប្រទះឃើញ​ងាប់​នៅក្រោម​អន្លង់​ឈើទាល​ប្រហែល ៣០០ ​ម៉ែត្រ​ជំនាញ​បាន​ពិនិត្យឃើញថា សត្វ​ផ្សោត​នេះ​បាន​ងាប់​ដោយសារតែ​មិនអាច​ទ្រាំទ្រ​នឹង​ស្នាមរបួស​ដែល​ជាប់​មង​បាន ព្រោះ​ចាប់ពី​មាន​របួស​នោះមក វា​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់ ដែល​ធ្វើឱ្យ​វា​ពិបាក​ហែល​ទឹក ស្វែងរក​ចំណី​។

បន្ថែម​ពីនេះ លោក ស្រី សំវិចិត្រ បានឱ្យដឹង​ទៀតថា ក្រោយ​ផ្សោត​នេះ​ងាប់​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ប្រជាសហគមន៍​បាន​ស្នើសុំ​រក្សាទុក​សព​សត្វផ្សោត​នេះ​នៅ​នឹង​មូលដ្ឋាន ដើម្បី​តាំង​បង្ហាញ​ដល់​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ត​ក្នុង​សហគមន៍​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខាង​អាជ្ញាធរ និង​សហគមន៍​គាត់​ស្នើសុំ​ទុក​នៅ​នឹង​មូលដ្ឋាន ដូច្នេះ​ខាង​រដ្ឋបាល​ជលផល​ខេត្ត​ជាមួយ​អង្គការ WWF គឺ​គ្រាន់តែ​ចុះ​ទៅយក​សំណាក​មក​រក្សាទុក ហើយ​ទុក​សាកសព​ហ្នឹង​នៅ​មូលដ្ឋាន​ដើម្បី​ពួកគាត់ ទុក​ឆ្អឹង​តាំង​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរ ព្រោះ​វា​ជា​ផ្សោត​ចុងក្រោយ​»​។

ការបាត់បង់​ផ្សោត​ក្នុង​តំបន់​អន្លង់​ឈើទាល​នោះ​បាន​កើតឡើង​ចាប់​តាំងពី​ឆ្នាំ​២០១៨ មក បន្ទាប់ពី​មានការ​ងាប់​ជា​បន្តបន្ទាប់ ដោយសារ​ករណី​ជាប់​មង​ប្រជានេសាទ ហើយ​ការសិក្សា​ស្រាវជ្រាវ​ក្នុង​ឆ្នាំ​ ២០១៨ រកឃើញ​សល់​ត្រឹម ៣ ក្បាល​ប៉ុណ្ណោះ ខណៈ​នៅ​ឆ្នាំ​ ២០២១ នៅសល់តែ ១ ​ក្បាល ដែល​ត្រូវ​ងាប់​ជា​លើកចុងក្រោយ​។ នេះ​បើតាម​អាជ្ញាធរខេត្ត​ស្ទឹងត្រែង​។ យ៉ាងណាក្តី លោកស្រី សំវិចិត្រ បញ្ជាក់ថា ការបាត់បង់​សត្វផ្សោត​ក្នុង​អន្លង់​ឈើទាល គឺ​មិនអាច​នឹង​ស្វែងរក​សត្វផ្សោត​ផ្សេងទៀត​មក​ជំនួស​កន្លែង​នោះបានទេ ព្រោះថា​ការរស់នៅ​របស់​សត្វផ្សោត​គឺ​ខុសពី​សត្វ​ដទៃ​ ខណៈ​ដែល​ទូទាំង​ខេត្តស្ទឹងត្រែង គឺ​នៅមាន​ផ្សោត​ចន្លោះ ពី ២៩ ទៅ ៣២ ក្បាល​ទៀត ដែល​កំពុង​រស់នៅ​តាម​អន្លង់​មួយចំនួន​ក្នុងស្រុក​សៀម​បូក​៕