ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ACU បង្ហាញ​លទ្ធផល​សង្កេតការណ៍​ពី​ដំណើរការ​ប្រឡង​ជ្រើសរើស​សិស្ស​ក្រឡាបញ្ជី​ និង​ការប្រឡង​ជ្រើសរើស​និស្សិត​ចូលរៀន​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស​ (DES) ​ដោយ​ចាត់ទុកថា​ដំណើរការ​ប្រឡង ទាំង​ ២ ​នេះ គឺធ្វើឡើង​ត្រឹមត្រូវ​តាម​នីតិវិធី​ និង​មាន​តម្លាភាព​។

ការប្រឡង​ជ្រើសរើស​សិស្ស​ក្រឡាបញ្ជី ជំនាន់​ទី​ ៨ នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ២៨ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ដោយមាន​ចំនួន​សិស្ស​ក្រឡាបញ្ជី​ដែល​ត្រូវ​ជ្រើសរើស​ចំនួន​ ១០០ ​រូប​នៃ​បេក្ខជន​សរុប​ចំនួន​ ៩៣២ ​រូប​។ ការប្រឡង​នេះ គឺ​បាន​ធ្វើឡើង ១ ​មណ្ឌល​ដែលមាន ៣៨ ​បន្ទប់ នា​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ហើយ​ការប្រកាស​លទ្ធផល​ស្ថាពរ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ២៨ ខែមករា ឆ្នាំ​ ២០២២​។

ចំណែក​ការប្រឡង​ជ្រើសរើស​និស្សិត​ចូលរៀន​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស (DES) ឆ្នាំ​សិក្សា ២០២១ ​និង​ ២០២២ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ២១ ធ្នូ ឆ្នាំ​ ២០២១ ដោយ​ជ្រើសរើស​ចំនួន ៣៩៨ ​នាក់​ក្នុង​ចំណោម​បេក្ខជន​ប្រឡង​សរុប​ចំនួន ៧៣០ ​នាក់ នា​មណ្ឌល​ប្រឡង​សាកល​វិទ្យាល័យ​វិទ្យាសាស្ដ្រ​សុខាភិបាល​។

អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ឱ្យដឹង​នៅក្នុង​សេចក្តី​ជូនដំណឹង​ចំនួន​ ២​ ច្បាប់​ផ្សេងគ្នា ចុះ​ថ្ងៃទី ​១៤ កុម្ភៈ​ថា​តាមរយៈ​ការចូលរួម​របស់​មន្ត្រី​សង្កេតការណ៍ ACU គ្រប់​ដំណាក់កាល​ទាំង​មុន​ការប្រឡង អំឡុងពេល​ប្រឡង ការកែ​វិញ្ញាសា និង​ដំណាក់កាល​ប្រឡង​ផ្ទាល់មាត់​រួមទាំង​ដំណាក់កាល​ប្រកាស​លទ្ធផល​គឺ​ការប្រឡង​ទាំង ​២ នេះ ប្រកបដោយ​ភាពត្រឹមត្រូវ​។

ACU បាន​អះអាង​ទៀតថា តាមរយៈ​ការចូលរួម​គ្រប់​ដំណាក់​នេះ​ក៏បាន​​សង្កេតឃើញថា ដំណើរការ​ប្រឡង​ទាំង​ ២ ​នេះ គឺ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​តម្លាភាព បើទោះបីជា​ក្នុងដំណាក់កាល​ខ្លះ​បាន​រកឃើញ​ពី​បញ្ហា​បច្ចេកទេស​បន្តិចបន្តួច​យ៉ាងណាក្តី​។

ACU បាន​បញ្ជាក់ថា​៖ «​ជារួម​ក្រុមការងារ ACU សង្កេតឃើញថា ដំណើរការ​ប្រឡងប្រជែង​មាន​ការរៀបចំ​បាន​ត្រឹមត្រូវ ស្រប​តាម​នីតិវិធី​ និង​សហការ​បានល្អ​ជាមួយ​ក្រុមការងារ ACU ដោយ​គណៈកម្មការ​ប្រឡង​បាន​អញ្ជើញ​ក្រុមការងារ​ឱ្យចូល​រួម​គ្រប់​កិច្ចប្រជុំ និង​ចូលរួម​ទប់ស្កាត់​ភាពមិនប្រក្រតី គ្រប់​ដំណាក់កាល​ទាំងអស់​»​។

លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​សាទរ​ចំពោះ​ដំណើរការ​ប្រឡង ដែលមាន​ការចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​តែងតែ​ចូលរួមចំណែក​ក្នុង​ការពង្រឹង​តម្លាភាព​សុចរិតភាព​ជាពិសេស​ធានាបាន​នូវ​ការប្រឡង​ដែល​មិនមាន​អំពើពុករលួយ​។

ជាមួយ​នឹង​ការទប់ស្កាត់​អំពើ​ពុករលួយ​នេះ លោក​ក៏​រំពឹងថា រាល់​ការប្រឡង​គ្រប់​បណ្តា​ស្ថាប័ន​នានា​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស គួរតែ​មាន​ការចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នេះ ដើម្បី​ធានា​ឱ្យបាន​ថា​អ្នកមាន​សមត្ថភាព​គឺជាប់​។

លោក​បាន​បញ្ជាក់ថា​៖ «​បើសិនជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចូលរួម​កាន់តែច្រើន គឺ​ធ្វើឱ្យ​សុចរិតភាព​នៃ​ការប្រឡង​កាន់តែ​ប្រសើរ​។ ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ បើសិនជា​មាន​ការប្រឡង បើទោះជា​នៅ​ថ្នាក់​ខេត្ត​ក្តី​បើ​មាន​ធនធានមនុស្ស​គ្រប់គ្រាន់ គួរតែមាន​កិច្ចសហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ធ្វើឱ្យ​ការប្រឡង​ប្រកបដោយ​ភាពសុក្រឹត​»​។

ប៉ុន្តែ​ទោះយ៉ាងណា​លោក ប៉ិច ពិសី ក៏​យល់ឃើញ​ដែរ​ថា ដើម្បី​សម្រេច​កិច្ចការ​ទាំងនេះ​បាន​ដោយ​ជោគជ័យ លុះត្រាតែ​ស្ថាប័ន​ទាំងអស់​នោះ​មាន​ឆន្ទៈ​ក្នុង​ការពង្រឹង​សុចរិតភាព តម្លាភាព​នៅក្នុង​ផ្ទៃក្នុង​របស់ខ្លួន​ជាមុនសិន ព្រោះ​ការចូលរួម​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ​៕