The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តុលាការ​នឹង​បន្ត​សវនាការ​លោក កឹម សុខា ថ្ងៃទី​ ២៣ កុម្ភៈ​ទៀត

តុលាការ​នឹង​បន្ត​សវនាការ​លោក កឹម សុខា ថ្ងៃទី​ ២៣ កុម្ភៈ​ទៀត

Content image - Phnom Penh Post
លោក កឹម សុខា ពេល​ដើរ​ចេញពី​សវនាការ​កន្លង​មក​។ ហុង មិនា

តុលាការ​នឹង​បន្ត​សវនាការ​លោក កឹម សុខា ថ្ងៃទី​ ២៣ កុម្ភៈ​ទៀត

ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បន្ត​សវនាការ​ករណី​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ដោយ​ចាក់​ភ័ស្តុតាង​វីដេអូ​ឃ្លីប​ពី​សហមេធាវី​របស់លោក​ កឹម សុខា ប៉ុន្តែ មិនទាន់​ត្រូវបាន​បញ្ចប់​ទេ គឺ​បន្ត​លើក​ពេល​សវនាការ​ទៅ​ថ្ងៃទី​ ២៣ ខែកុម្ភៈ ក្នុង​សប្តាហ៍​ក្រោយ​។

សវនាការ​ករណី​លោក កឹម សុខា លើក​នេះ ក៏ដូចជា​លើក​មុនៗ​ដែរ គឺមាន​ការចូលរួម​ឃ្លាំ​មើល និង​តាមដាន​ពី​បណ្តា​តំណាង​ស្ថានទូត អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន​មួយចំនួន​ផងដែរ​។

ទោះបីជា​យ៉ាងណា​ក្រោយ​បញ្ចប់​សវនាការ​ ២ ​លើក​ចុងក្រោយ​នេះ កងកម្លាំង​ចម្រុះ​របស់​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យ​លោក កឹម សុខា បាន​ជួប​មុខ​អ្នកគាំទ្រ និង​អ្នក​សារព័ត៌មាន​ដែល​កំពុង​រង់ចាំ​នៅ​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះទេ​។

ក្រោយ​បញ្ចប់​សវនាការ​ពេញ​មួយ​ព្រឹក​ថ្ងៃទី​ ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ លោក ផេង ហេង សហមេធាវី របស់ លោក កឹម សុខា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា សវនាការ​នៅពេលនេះ​ដូច​ទៅនឹង​សវនាការ​កាលពី​លើក​មុន​ដែរ គឺជា​ការបង្ហាញ​នូវ​ភ័ស្តុតាង​ដែល​ក្រុម​សហ​មេធាវី​របស់លោក​បាន​ដាក់ជូនទៅ​តុលាការ តាមរយៈ​ការចាក់​ឃ្លីប​វីដេអូ ដើម្បី​បកស្រាយ​បញ្ជាក់ថា លោក កឹម សុខា ​មិន​ប្រព្រឹត្ត​ខុស​នោះទេ​។

លោក​បន្តថា ការចាក់​វីដេអូ​ឃ្លីប​បង្ហាញ​នៅក្នុង​សវនាការ​នេះ​ក្នុង​គោលបំណង ដើម្បី​ដោះ​បន្ទុក​កូនក្តី​របស់​លោក ដែល​ត្រូវបាន​ទទួលរង​នូវ​ការចោទប្រកាន់​ពី​តំណាង​អយ្យការ និង​ដាក់​ភ័ស្តុតាង​មក​ចោទ​លោក កឹម សុខា ថា​បាន​ប្រព្រឹត្ត​បទល្មើស សន្ទិដ្ឋភាព​ជាមួយ​បរទេស ប្រទូសរ៉ាយ និង​ប្រើប្រាស់​អំពើហិង្សា​។ ដូច្នេះ​ការដាក់​វីដេអូ​ទៅវិញ​នេះ​បញ្ជាក់ថា លោក​ កឹម សុខា គ្មាន​ប្រើ​អំពើហិង្សា និង​ប្រទូស​រ៉ាយ ហើយក៏​គ្មាន​ត្រូវរ៉ូវ​ជាមួយ​បរទេស​ដែរ​។ លោក​ថ្លែងថា​៖ «​យើង​ចាក់​វីដេអូ ដែល​បាន​ដកស្រង់​សម្ដី​របស់លោក កឹម សុខា នៅតាម​កម្មវិធី​នានា ដោយ​ក្នុងនោះ​ក៏បាន​ដាក់​វីដេអូ​មួយ​ដែល​គួរឱ្យ​ចាប់​អារម្មណ៍ គឺ ការធ្វើ​សមាជ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានតែងតាំង លោក កឹម សុខា ​ធ្វើជា​ប្រធាន​នៅ​ខែមេសា ឆ្នាំ ២០១៧ ផងដែរ​»​។

បើតាម លោក ផេង ហេង តាមរយៈ​ការចាក់​វីដេអូ​នេះ​ មេធាវី​ដើម​បណ្តឹងរដ្ឋប្បវេណី​ក៏បាន​ធ្វើការ​កត់សម្គាល់​ទៅនឹង​ចំណុច​ពាក្យពេចន៍​ខ្លះ​ទៅលើ «​ប្រតិ​ចរិត​» នៃ​សហមេធាវី​របស់លោក ដែលមាន​ការខ្វះ​មួយ​ពាក្យ និង​លើស​មួយ​ពាក្យ ឬ ពាក្យ​ខ្លះ ក៏​ហ្វុង​អក្សរ​ក៏បាន​លោត «​ទី​» ទៅជា «​ទៅ​» មួយទៀត ដូចជា​យើង​ដាក់ «​ខែកញ្ញា​» នៅក្នុង​វីដេអូ​ថា «​ខែ ៩» ជាដើម​។ ទោះជា​យ៉ាងណា ខ្លឹមសារ គឺ​មិនមាន​ការដូរ​នោះទេ គ្រាន់តែ​លើសខ្វះ​បន្តិចបន្តួច ដោយសារ​បច្ចេកទេស​កុំព្យូទ័រ ដែល​បាន​លោត​ហ្វុង​អក្សរ​ប៉ុណ្ណោះ​។

លោក ផេង ហេង បន្តថា រហូតមកទល់​ពេលនេះ សហមេធាវី​របស់​លោក កឹម សុខា បាន​ចាក់​វីដេអូ​បន្ត​ពី ទី​ ៧ រហូតមកដល់​ ១៥ និង​សល់​វីដេអូ ២ ឃ្លីប​ទៀត និង​ឯកសារ​ជា​ភ័ស្តុតាង​មួយចំនួន​ដែល​នឹង​បង្ហាញ​នៅ​ថ្ងៃទី​ ២៣ ខែកុម្ភៈ​សប្តាហ៍​ក្រោយនេះ​។

ជាមួយ​គ្នានេះ រាល់​ឃ្លីប​វីដេអូ​ផ្តោត​សំខាន់​ទៅលើ​គោលនយោបាយ​នៃ​ការរួបរួម​រវាង​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី​ដែល​និយាយ​ពី​ការមិន​ប្រើប្រាស់​អំពើហិង្សា គោលនយោបាយ​ឆ្ពោះទៅរក​ការបោះឆ្នោត និង ការអភិវឌ្ឍ​ភូមិ​ឃុំ សង្កាត់​។

បើតាម លោក ផេង ហេង នៅពេល​ដែល​មេធាវី​ឆ្លើយ​បញ្ជាក់​មិន​គ្រប់​ជ្រុងជ្រោយ​ទៅលើ​វីដេអូ​ឃ្លីប លោក កឹម សុខា ក៏បាន​ជួយ​បំពេញបន្ថែម​ខ្លះ​ដែរ​ថា​លោក បាន​អប់រំ ណែនាំ​ឱ្យ​យុវជន​ដែល​បន្តវេន កុំ​ប្រកាន់​យក​អំពើហិង្សា បើ​​ទោះបី​គេ​ប្រើ​ហិង្សា​ក៏ដោយ ក៏​មិនត្រូវ​ប្រើ​អហិង្សា​ជាមួយ​​គេ ដើម្បី​ចូលរួម​បោះឆ្នោត ​ខ្លឹមសារ​នៃ​កា​ឈ្នះ គឺជា​ការឈ្នះ​ដោយ​កិត្តិយស មិនមែន​ឈ្នះ​ដោយ​ប្រើពាក្យ​អសុរោះ ឬ​ហិង្សា និង​ប្រកាន់​ពូជសាសន៍​នោះទេ​។

ក្រោយ​បញ្ចប់​សវនាការ លោក ផ្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​សាលាដំបូង​រាជធានី​-​ភ្នំពេញ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាងខ្លី​ថា «​សវនាការ​បាន​ដំណើរការ​ទៅជា​ធម្មតា ហើយ​សវនាការបន្ត​ទៀត​នោះ​នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃទី​ ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ វេលា​ម៉ាង ៨ : ៣០ ​នាទី​ព្រឹក​»​។

លោកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ដែល​បាន​ចូលរួម​ឃ្លាំមើល និង​តាមដាន​នៅក្នុង​បន្ទប់​សវនាការ​របស់​លោក កឹម សុខា បាន​ថ្លែង​ដោយ​កត់សម្គាល់ថា សវនាការ​នេះ​មានការ​ដេញដោល​អំពី​ការ​ស្រង់​សម្ដី​ជា​លាយលក្ខណ៍អក្សរ​ដែល​ខ្វះ​ ឬ​លើស​ខ្លះ ពី​តំណាង​មេធាវី​រដ្ឋាភិបាល ហើយ​បាន​ពិភាក្សា​អស់​ជាង​ ៣៥ ​នាទី​លើ​បញ្ហា​នេះ​។

លោកស្រី​បន្តថា ភាគី​ទាំង​ ២ ​បន្ត​ចោទ​គ្នា​ទៅវិញទៅមក​រឿង​ការដេញដោល​ហួស​នីតិវិធី​ ឬ​ចេតនា​ពន្យារពេល និង​ភាពតានតឹង​ប៉ះ​ពាក្យសម្ដី​គ្នា​រវាង​ព្រះរាជអាជ្ញា និង​មេធាវី​រហូត​ចៅក្រម​អន្តរាគមន៍​ និង​រំឭក​មិនឱ្យ​ភាគី​ឌឺដង​គ្នា វាយប្រហារ​គ្នា​។ ក្នុងនោះ​គួរឱ្យ​កត់សម្គាល់ថា មាន​ការពោល​ពាក្យ​បែប​វាយប្រហារ​គ្នា​ជា​លក្ខណៈ​បុគ្គល​លើ​សមត្ថភាព ចំណេះដឹង ឬ​បទពិសោធ​ផងដែរ ដែល​ប្រការនេះ​មិនគួរ​កើតឡើង​ក្នុង​អង្គ​ជំនុំ​នោះឡើយ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍