ភ្នំពេញៈ នគរបាល​បង្ក្រាប​​ទីតាំង​សណ្ឋាគារ​មួយកន្លែង​ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១៦ ​កុម្ភៈ បាន​ឃាត់ខ្លួន​មនុស្ស​ ៨ ​នាក់ ដែល​សង្ស័យថា ជា​បទល្មើស​ធ្វើ​ទារុណកម្ម និង​ជំរិត​ទារប្រាក់​។

មន្ត្រីនគរបាល​ខណ្ឌចំការមន​មួយរូប​បាន​ថ្លែង​នៅ​ថ្ងៃទី​ ១៦​ កុម្ភៈ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​ ៤ ​នាក់ និង​ជនជាតិខ្មែរ​ដែលជា​បុគ្គលិក​នៅក្នុង​សណ្ឋាគារ​នោះ​ចំនួន​ ៤ ​នាក់​។ ពួកគេ កំពុង​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​យកទៅ​សាកសួរ​ពាក់ព័ន្ធ​បទល្មើស​ជំរិត​ទារប្រាក់​។

យោងតាម​កំណត់ហេតុ​បិទ​ទីតាំង​បណ្តោះអាសន្ន​របស់​គណៈកម្មការ​ចម្រុះ​ដែល​ភ្នំពេញ​-​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី ​១៦ កុម្ភៈ​បាន​បង្ហាញថា ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ ប៊ុន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មាន​លោក​ ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃ​អយ្យការអម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្របសម្រួល​ផ្លូវច្បាប់​។

ពាក់ព័ន្ធ​ការបង្ក្រាប​នេះ​នៅ​ថ្ងៃទី​ ១៦ ​កុម្ភៈ​ភ្នំពេញ​ប៉ុស្តិ៍​បាន​ទូរស័ព្ទ​ទៅ​លោក​ ប៊ុន សត្យា ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដើម្បី​ស្នើសុំ​ព័ត៌មាន ប៉ុន្តែ​ទូរស័ព្ទ​របស់លោក​គ្មាន​អ្នកទទួល​។

ទោះយ៉ាងណា​បើតាម​កំណត់ហេតុ​របស់​គណៈកម្មការ​ចម្រុះ​ក្នុង​ការចុះ​ប្រតិបត្តិការ​នេះ​បង្ហាញថា កាលពី​វេលា​ម៉ោង ​២ កន្លះ​ជិត​ភ្លឺ​ឈានចូល​ថ្ងៃទី​ ១៦ កុម្ភៈ ឆ្នាំ​ ២០២២ កម្លាំង​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​បទល្មើស​ជាក់ស្តែង​។ ចំពោះ​ទីតាំង​ដែល​បង្ក្រាប​នោះ​ស្ថិតនៅ​ចំណុច​សណ្ឋាគារ​ខលល័រ ​(Color)​ ផ្លូវ​សុធារស សង្កាត់​ចតុមុខ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

កំណត់ហេតុ​បន្តថា​៖ «​បាន​ចុះ​ធ្វើការ​បង្ក្រាប​ក្នុង​បទល្មើស​ជាក់ស្តែង​នៅ​ទីតាំង​ខាងលើ​ដែល​ពាក់ព័ន្ធ​បទល្មើស​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​ធ្វើ​ទារុណកម្ម​ដើម្បី​ជំរិត​ទារប្រាក់​។ បន្ទាប់ពី​ការពិនិត្យ​ជាក់ស្តែង​មក សមត្ថកិច្ច​សម្រេច​បិទ​ទីតាំង​ជា​បណ្តោះអាសន្ន​រង់ចាំ​ការសម្រេច​ជា​ក្រោយ​»​។

លោក​ ពិន វុទ្ធី នាយរង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ទន្លេបាសាក់​ថ្លែង​នៅ​ថ្ងៃទី​ ១៦ កុម្ភៈ​ថា កាលពី​វេលា​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​ ១៦ ​កុម្ភៈ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះបង្ក្រាប​ទីតាំង​សណ្ឋាគារ​យីហោ​ឈ្មោះ ​ខលល័រ​ប៉ុន្តែ​សមត្ថកិច្ច​របស់លោក​គ្រាន់តែ​ចូលរួម​សហការ​ក្នុងនាម​​ជា​អាជ្ញាធរ​មូលដ្ឋាន​តែប៉ុណ្ណោះ​។

«​សមត្ថកិច្ច​បង្ក្រាប​ទីតាំង​នោះ​មែន​តែ​ជា​ការងារ​របស់​ស្នងការដ្ឋាន​នគរបាល​ជំនាញ​រាជធានី​ភ្នំពេញ​ទេ រីឯ​កម្លាំង​របស់ខ្ញុំ​ចូលរួម​ក្នុង​កិច្ចសហការ​ទេ​»៕