ភ្នំពេញៈ កម្ពុជា និង​សិង្ហបុរី បញ្ជាក់​ជំហរ​ជាថ្មី​ក្នុង​ការពង្រីក​ទំនាក់ទំនង​ដ៏យូរអង្វែង​នៃ​ប្រទេស​ទាំង​ ២ ខណៈ​ភាគី​ទាំង​ ២ ឯកភាពគ្នា​ជំរុញ​ឱ្យ​អាជ្ញាធរ​យោធា​មីយ៉ាន់ម៉ា អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥​ ចំណុច​របស់​អាស៊ាន​ឱ្យបាន​ពេញលេញ​ និង​ឆាប់រហ័ស​។

ការប្រកាស​ជំហរ​បែបនេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ វីវៀន បាឡាគ្រីស្សណាន់​ (Vivian Balakrishnan) ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សិង្ហបុរី​នា​ថ្ងៃទី ​១៦ ខែកុម្ភៈ នៅ​វិមាន​សន្តិភាព​។

លោក វីវៀន បាន​សរសេរ​នៅលើ Twitter ក្រោយ​ជំនួប​នេះ​ថា «​យើង​បានបញ្ជាក់​ឡើងវិញ​នូវ​ទំនាក់ទំនង​ដ៏យូរអង្វែង​របស់​ប្រទេស​សិង្ហបុរី និង​កម្ពុជា​។ ខ្ញុំ​សូម​អបអរសាទរ​សម្តេច ហ៊ុន សែន ដែល​ទទួលជោគជ័យ​ក្នុង​ការគ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ របស់​កម្ពុជា​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​កន្លងទៅ​»​។

លោក​បាន​សរសេរ​បន្ត​ថា​៖ «​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ខ្ញុំ​បាន​ឯកភាព​គ្នា​ថា ការរៀបចំ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​ការធ្វើ​ជា​តំណាង​ក្នុង​កម្រិត​មិន​នយោបាយ​នៅ​កិច្ចប្រជុំ​អាស៊ាន​នៅតែ​បន្ត​។ អាជ្ញាធរ​យោធា​មីយ៉ាន់ម៉ា​ចាំបាច់​ត្រូវ​អនុវត្ត​ឱ្យបាន​ឆាប់រហ័ស និង​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥​ ចំណុច​របស់​អាស៊ាន​។ របៀបវារៈ​ពេញលេញ​របស់​អាស៊ាន​មិន​ត្រូវបាន​ធ្វើជា​ចំណាប់ខ្មាំង​ដោយ​ស្ថានភាព​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នោះទេ​»​។

ហ្វេសប៊ុក​លោក ហ៊ុន សែន បញ្ជាក់​នា​ថ្ងៃទី​ ១៦ ខែកុម្ភៈ ថា សិង្ហបុរី បន្ត​គាំទ្រ​ និង​ជំរុញ​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ ជាពិសេស​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ និង​គាំទ្រ​កម្ពុជា​ជា​ប្រធាន​អាស៊ាន​។ ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា​៖ «​សម្ដេច​តេជោ​បាន​លើក​ទឹកចិត្ត​ឱ្យមាន​ការជំរុញ ការវិនិយោគ​មក​កម្ពុជា​កាន់តែ​ច្រើន ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​២ ឱ្យ​កាន់តែ​ធំ និង​ពិនិត្យមើល​លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ លើ​វិស័យ​សុខាភិបាល និង​វិស័យ​ដទៃទៀត​ដែល​អាចធ្វើ​ទៅបាន​»​។

ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី បន្តថា លោក វីវៀន ក៏បាន​អបអរសាទរ​ចំពោះ​លោក ហ៊ុន សែន ផងដែរ ដែល​បានទទួល​នូវ​ជោគជ័យ​ «​យ៉ាង​ត្រចះ​ត្រចង់​» នៅក្នុង​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដោយ​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​បាន​ច្រើនជាងគេ នៅក្នុង​តំបន់​ច្រើនជាង​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន ហើយ​អត្រា​ស្លាប់​ក៏មាន​ទាប​ជាងគេ​ដែរ​។

ហ្វេសប៊ុក​ដដែល​លើកឡើងថា នេះ​គឺជា​កត្តា​ដែល​អនុញ្ញាត​ឱ្យ​កម្ពុជា​អាច​បើក​ប្រទេស​ឡើងវិញ​បាន​យ៉ាង​ឆាប់​រហ័ស ហើយ​អ្នកវិនិយោគ​សិង្ហបុរី​ក៏មាន​ចំណាប់​អារម្មណ៍​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ ជាពិសេស​នៅលើ​វិស័យ​ពាណិជ្ជកម្ម​លើ​វិស័យ​ឃ្លាំង​ស្តុក​ទំនិញ​ត្រជាក់ ក៏ដូចជា​វិស័យ​ដឹកជញ្ជូន​ផងដែរ​។ លោក ហ៊ុន សែន អរគុណ​ដល់​ប្រទេស​សិង្ហបុរី ដែល​បាន​គាំទ្រ​កម្ពុជា​ជា​ប្រធាន​អាស៊ាន ហើយ​ចាត់ទុក​កម្ពុជា​ជា​តំបន់​សុវត្ថិភាព​ក្នុង​ការបើកការ​ហោះហើរ​ឡើងវិញ​។

លោក ហ៊ុន សែន ក៏បាន​ប្រាប់​លោក វីវៀន ​អំពី​គោលបំណង​របស់លោក ក្នុងការ​ធ្វើដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ដើម​ខែមករា គឺ​ធ្វើយ៉ាងណា​កាត់បន្ថយ​ ឬ​លុបបំបាត់​អំពើហិង្សា​តាមរយៈ​ការឈប់​បាញ់​គ្នា​រក​វិធី​ផ្ដល់ជំនួយ​មនុស្សធម៌​ជូន​ដល់​ប្រជាជន​​មីយ៉ាន់ម៉ា​ដោយ​គ្មាន​ការរើសអើង និង​បង្កើត​នូវ​ការសន្ទនា​។

បើតាម​ហ្វេសប៊ុក​ដដែល​លោក​ វីវៀន បាន​អបអរសាទរ​ចំពោះ​លោក​ ហ៊ុន សែន ដែល​បានទទួល​ពានរង្វាន់​សន្តិភាព ស៊ុន​ហាក់​ដោយ​លើកឡើងថា នេះ​ជាការ​ទទួលស្គាល់ មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា ឬ​នៅក្នុង​តំបន់​ទេ​គឺ​ទូទាំង​ពិភពលោក ។

គួរបញ្ជាក់ថា កាលពី​ថ្ងៃទី​ ១២ ខែកុម្ភៈ អង្គការ​ UPF បានប្រគល់​ពានរង្វាន់​សន្តិភាព​ស៊ុនហាក់​ដល់​លោក ហ៊ុន សែន ដែលជា​ពានរង្វាន់​អន្តរជាតិ​សម្រាប់​បុគ្គល​ដែល​បានធ្វើ​ពលិកម្ម​អាយុជីវិត​ ដើម្បី​បុព្វហេតុ​សន្តិភាព​ និង​បាន​បំផុសគំនិត​មនុស្សជាតិ​ឱ្យ​ស្វែងរក​សន្តិភាព​ពិភពលោក​។ អង្គការ UPF បានទទួល​ស្គាល់​លោក ហ៊ុន សែន ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​អស់​មួយជីវិត និង​សមិទ្ធផល ក្នុង​ការបញ្ចប់​សង្គ្រាម​ស៊ីវិល ដែល​អូសបន្លាយ​អស់​ជាច្រើន​ទសវត្សរ៍ និង​ការបង្កើត​សន្តិភាព​ពេញលេញ​នៅ​កម្ពុជា​។

លោក វីវៀន មក​បំពេញ​ទស្សនកិច្ច និង​មក​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​កម្ពុជា​រយៈពេល​ ៣ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១៥ ដល់ទី ​១៧ កុម្ភៈ​ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​កម្ពុជា-សិង្ហបុរី​។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​របស់​លោក វីវៀន មកកាន់​កម្ពុជា​នឹង​ពង្រឹង និង​ធ្វើឱ្យ​ស៊ីជម្រៅ​បន្ថែមទៀត​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​កម្ពុជា និង​សិង្ហបុរី ដើម្បី​ផលប្រយោជន៍​រួម​របស់​ប្រទេស​ទាំង​ ២៕