ភ្នំពេញៈ សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​នឹង​គណបក្ស​នយោបាយ​នានា​នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ​ ២០២២ ដើម្បី​ពិភាក្សា​ពី​កិច្ចការងារ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​ ៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ ២០២២​។

យោងតាម​លិខិត​របស់​សហភាព​អឺរ៉ុប​ដែល​បាន​បញ្ជូន​ទៅកាន់​គណបក្ស​នយោបាយ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅ​ថ្ងៃទី​ ១៧ ខែកុម្ភៈ​បានសរសេរ​ថា ជាមួយ​នឹង​ការបោះឆ្នោត​ខិតជិត​មកដល់​ក្រុមប្រឹក្សា​នយោបាយ​នៃ​សហភាព​អឺរ៉ុប និង​ស្ថានទូត​នៃ​រដ្ឋ​សមាជិក​សហគមន៍​-​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​មាន​បារាំង អាល្លឺម៉ង់ ស៊ុយអ៊ែត និង​សាធារណរដ្ឋ​ឆែក នឹង​មាន​កិច្ចប្រជុំ​ជាមួយ​គណបក្ស​នយោបាយ ដើម្បី​ពិភាក្សា និង​ស្វែងយល់​ផែនការ​គណបក្ស សម្រាប់​ការបោះឆ្នោត​នៅពេល​ខាងមុខ​។ លិខិត​នេះ​បញ្ជាក់ថា កិច្ចប្រជុំ​ពិភាក្សា​នេះ​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​ ២៣ ខែកុម្ភៈ ឆ្នាំ​ ២០២២ នៅ​ទីស្នាក់ការ​សហភាព​អឺរ៉ុប​។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៧ ខែកុម្ភៈ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្រោម​ការដឹកនាំ​របស់​ព្រះអង្គម្ចាស់​នរោត្តម ចក្រាវុធ បាន​ចាត់​បញ្ជូន ព្រះអង្គ​ម្ចាស់ក្សត្រី នរោត្តម រតនាទេវី គណៈកម្មការ​នាយក​ធ្វើជា​តំណាង​ពិសេស​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដើម្បី​ចូលរួម​ប្រជុំពិភាក្សា​អំពី​ដំណើរការ​នៃ​ការបោះឆ្នោត​ជាមួយ​សហភាព​អឺរ៉ុប​។

លោក​បន្តថា ព្រះអង្គម្ចាស់​នរោត្តម ចក្រាវុធ មិនអាច​ចូលរួម​កិច្ចប្រជុំ​នេះ ព្រោះ​ព្រះអង្គម្ចាស់​មាន​ភារកិច្ច​មមាញឹក​ក្នុង​ការចុះ​តាម​មូលដ្ឋាន នៅតាម​បណ្តា​ខេត្ត​មួយចំនួន​នៅ​ទូទាំង​ប្រទេស​។

លោក​ថ្លែងថា​៖ «​ជាក់ស្តែង​ក្នុង​មួយរយៈ​ពេលនេះ និង​ចាប់ពី​ថ្ងៃទី​ ២២ តទៅ ព្រះអង្គម្ចាស់​ចក្រាវុធ​នឹង​យាងចុះ​ទៅកាន់​ខេត្ត​ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី​ជាដើម​។ អ៊ីចឹង​ទេ ព្រះអង្គម្ចាស់​បាន​ចាត់​ព្រះអង្គ​ម្ចាស់ក្សត្រី រតនាទេវី ឱ្យ​ចូលរួម​កិច្ចប្រជុំ​ដ៏មាន​សារៈសំខាន់​នេះ​»​។

លោក អ៊ូ ច័ន្ទ​រ័ត្ន ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៧ ​កុម្ភៈ​ថា លោក​មិនទាន់​ទទួល​លិខិតអញ្ជើញ​ពី​សហភាព​អឺរ៉ុប​នៅឡើយ​ទេ ប៉ុន្តែ​នៅពេលដែល​ទទួល​លិខិត​អញ្ជើញលោក​នឹង​ចាត់ចែង​ឱ្យ​អ្នកទទួលបន្ទុក​កិច្ចការ​បោះឆ្នោត​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ​។

លោក​យល់ឃើញថា សហភាព​អឺរ៉ុប មាន​គោលជំហរ គឺ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​ការចាប់​ផ្តើម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចុង​ក្រោយនេះ សហភាព​អឺរ៉ុប​បាន​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត ដែលមាន​ការចូលរួម​ពី​អតីត​អ្នក​ប្រឆាំង​។

លោក​ថ្លែងថា​៖ «​បញ្ហា​នេះ យើង​ឃើញថា សហភាព​អឺរ៉ុប​ប្រឹងប្រែង​ដើម្បី​ឱ្យមាន​លទ្ធិប្រជាធិបតេយ្យ តាមរយៈ​ការបោះឆ្នោត ប៉ុន្តែ​អ្វីដែល​គេ​រំពឹង​ចង់បាន គឺ​បោះឆ្នោត សេរី និង​យុត្តិធម៌ និង​សមធម៌ រវាង​ដៃគូ​ប្រកួត ព្រោះ​គណបក្ស​កាន់អំណាច គេ​មាន​អ្វីៗ​គ្រប់​អស់ហើយ ប្រកួតប្រជែង​ជាមួយ​គណបក្ស​ដែល​ទើប​បង្កើត និង​គណបក្ស​ដែល​កើតមក​យូរ ក៏​មិនទាន់​រឹង​ដៃ រឹង​ជើង​ទៀត​»​។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែងថា លោក​ក៏​ដូចជា​គណបក្ស​មិនទាន់​ទទួលបាន​ព័ត៌មាន​ពី​កិច្ចប្រជុំ​រវាង​គណបក្ស និង​សហភាព​អឺរ៉ុប​ទេ​។

ជាមួយ​គ្នានេះ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ក៏​មិន​ទទួលបាន​លិខិតអញ្ជើញ​របស់​សហភាព-​អឺរ៉ុប​ផងដែរ​។ លោក​បន្តថា នៅពេលដែល​មានការ​អញ្ជើញ​លោក​នឹង​ពិនិត្យមើល​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​ជាមុនសិន​៕