បាត់ដំបងៈ នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​បាត់ដំបង កសាង​សំណុំរឿង​បញ្ជូន​មនុស្ស​ ១១​ នាក់ ដែល​ក្នុងនោះ​មាន​ស្រី ​១ ​នាក់​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី​ ១៧ កុម្ភៈ បន្ទាប់ពី​ចាប់ខ្លួនបាន​ ១ ​ថ្ងៃ​ក្នុង​ការបង្ក្រាប​ក្លិប​ខារ៉ាអូខេ​មួយកន្លែង ដែល​រកឃើញ​មាន​គ្រឿងញៀន​នៅ​ភូមិ​រំចេក ​៤ នៃ​សង្កាត់​រតនៈ ក្រុង​-​ខេត្ត-បាត់ដំបង​។

លោក សុខ និមល នាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បាត់ដំបង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៧ ខែកុម្ភៈ ថា ករណី​ជនសង្ស័យ​ទាំង​ ១១ ​នាក់ ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឃាត់ខ្លួន​នោះ​ត្រូវបាន​សមត្ថកិច្ច​របស់​លោក​បញ្ជូនទៅ​សាលាដំបូង​ខេត្តហើយ​នៅ​ថ្ងៃទី​ ១៧ ​កុម្ភៈ​។

លោក​បាន​បញ្ជាក់ថា​៖ «​ជនសង្ស័យ​មាន​ប្រុស មាន​ស្រី​ចំនួន ​១១ ​នាក់​ត្រូវបាន​លោក​ស្នងការ​កសាង​សំណុំរឿង​បញ្ជូន ពួកគេ​ទៅ​តុលាការ​នៅថ្ងៃនេះ​ (​ថ្ងៃទី​ ១៧ ​កុម្ភៈ​)​។ ចំពោះ​ថា​អ្នកណា​ជាប់​ពាក់ព័ន្ធ​បទល្មើស​អ្វី​នោះ​ខ្ញុំ​មិនដឹង​ទេ​»​។

ទំព័រ​ហ្វេសប៊ុក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដែល​បាន​បង្ហោះ​នៅ​ថ្ងៃទី​ ១៦ កុម្ភៈ បានសរសេរថា កាលពី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​ ១៦ ខែកុម្ភៈ ឆ្នាំ​ ២០២២ សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចុះបង្ក្រាប​ទីតាំង​ខារ៉ាអូខេ​មួយកន្លែង យីហោ ឈ្មោះ​ហាយក្លាស (High Class) ស្ថិតនៅ​ភូមិ​រំចេក​ ៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

ទំព័រ​ហ្វេសប៊ុក​នគរបាល​ខេត្តបាត់ដំបង​បន្តថា ការបង្ក្រាប​នេះ​មាន​ការដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង ខេត្ត​បាត់ដំបង​ផងដែរ​។

ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​នេះ សមត្ថកិច្ច​នគរបាល​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​កេតាមីន​ (KETAMINE) ​ចំនួន​ ២ ​ថង់ ទម្ងន់​ ១,៤០ ​ក្រាម ​(​ទាំង​សម្បក​) ថ្នាំញៀន​ប្រភេទ​អ៊ិចស្តាស៊ី (MDMA) ចំនួន​ ២​ គ្រាប់ និង​ ២ ​កំណាត់ ទម្ងន់ ​០,៨៨ ​ក្រាម ប្រាក់​ដុល្លារ​ចំនួន ២ ៤៥០ ​ដុល្លារ​អាមេរិក​ (​ពីរពាន់​បួន​រយហាសិប​ដុល្លារ​) ប្រាក់រៀល​ចំនួន​ ៦ ​លាន និង​ ១០ ​ម៉ឺន​រៀល​។ បន្ទាប់មក​សមត្ថកិច្ច​នគរបាល​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​ ១១ ​នាក់​ (​ស្រី​ ១​ នាក់​)​។

ពាក់ព័ន្ធ​ការចោទប្រកាន់​ពី​តំណាង​អយ្យការ​យ៉ាងណា​នោះ​នៅ​ថ្ងៃទី​ ១៧ ​កុម្ភៈ ភ្នំពេញ​ប៉ុស្តិ៍​បាន​ទូរស័ព្ទ​ទាក់ទង​លោក ​ដួង សាវ៉ន អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​សុំ​ការបញ្ជាក់​ដែរ តែ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នកទទួល​។

បើតាម​ហ្វេសប៊ុ​ក​ដដែល​បង្ហាញ​កាលពីដើម​ខែមករា ឆ្នាំ​ ២០២២ ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក៏បាន​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​មួយកន្លែង​ទៀត​ដែរ​នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង​។ ក្នុងការ​បង្ក្រាប​នោះ សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ ប្រុស​-​ស្រី​បាន​ចំនួន​ ១៥ ​នាក់ និង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​កេតាមីន (KETAMINE) ​ចំនួន​ ១ ​ថង់ ទម្ងន់​ ០,៨៩ ​ក្រាម (​ទាំង​សម្បក​) ទូរស័ព្ទដៃ​ចំនួន​ ៩ ​គ្រឿង ព្រម​ទាំង​សម្ភារ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត​៕