ភ្នំពេញៈ គម្រោង​រេដបូក​ទំរីង សហការ​ជាមួយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ បាន​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​វត្តមាន​សត្វ​ល្មូន​នៅក្នុង​តំបន់​គម្រោង​ទាំងមូល ដោយ​រកឃើញ​សត្វ​ល្មូន​ចំនួន​ ៤៩ ​ប្រភេទ​។ នេះ​បើតាម​ហ្វេសប៊ុក​របស់​គម្រោង​រេដបូក​ទំរីង​នៅ​ថ្ងៃទី​ ១៧ ខែកុម្ភៈ​។

គម្រោង​រេដបូក​ទំរីង បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​នា​ថ្ងៃទី​ ១៧ ​កុម្ភៈ​ថា ក្នុងពេល​ថ្មីៗ​កន្លងទៅនេះ គម្រោង​បាន​សហការ​ជាមួយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ បាន​ធ្វើការ​សិក្សា​ពី​វត្តមាន​សត្វល្មូន​នៅក្នុង​តំបន់​គម្រោង​ទាំងមូល រកឃើញ​សត្វល្មូន​ចំនួន​ ៤៩​ ប្រភេទ​។

គម្រោង​រេដ​បូក​បញ្ជាក់ថា​៖ «​ម្យ៉ាងទៀត ការសិក្សា​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការរៀបចំ​សម្រាប់​ការផ្ទៀងផ្ទាត់​ឥណទាន​កាបូន​លើក​ទី​ ២ (Second Verification) របស់​គម្រោង​ផងដែរ​»​។

លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ ថ្លែង​នៅ​ថ្ងៃទី ​១៧ ខែកុម្ភៈ ថា គោលបំណង​នៃ​ការសិក្សា​ស្រាវជ្រាវ​ប្រភេទ​សត្វ​ល្មូ​ន នៅក្នុង​ដែន​គម្រោង​រេដ​បូក​ទំរីង​នេះ គឺ​ដើម្បី​ដឹងថា នៅ​តំបន់​នោះ​មាន​ប្រភេទ​សត្វ​អ្វីខ្លះ និង​មាន​ចំនួន​ប៉ុន្មាន​។ ព្រោះ​កាលណា​អនុវត្ត​គម្រោង​រេដ​បូក គឺ​មិន​ត្រឹមតែ​ធ្វើការ​ការពារ​ដើមឈើ ដើម្បី​ស្រូបយក​ឧស្ម័ន​កាបូ​និក​នោះទេ គឺ​ត្រូវ​ដឹង​ពី​ជីវចម្រុះ​ក្នុង​តំបន់​នោះ​ថែម​ទៀតផង​។

លោក​ប្រធាន​នាយកដ្ឋាន​ប្រាប់ថា នេះ​គឺជា​ការសិក្សា​ស្រាវជ្រាវ​លើកដំបូង ដែល​ចាប់ផ្តើម និង​បញ្ចប់​ក្នុង​ខែធ្នូ ឆ្នាំ​ ២០២១ ដែល​អាច​ចាត់ទុក​បាន​ថា ជា​ចុងរដូវ​ប្រាំង​។ លោក​បញ្ជាក់ថា ក្រុមការងារ​ស្រាវជ្រាវ​នឹង​ចាប់ផ្តើម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ម្តងទៀត​នៅ​ដើមរដូវ​វស្សា ឆ្នាំ​ ២០២២ ​នេះ ក្នុង​អំឡុង​ខែមិថុនា ដើម្បី​យក​ចំនួន​សត្វ​ទៅ​ប្រៀប​គ្នា​។

លោក​ថ្លែងថា​៖ «​យើង​នឹង​យក​ទិន្នន័យ​ ២ ​ហ្នឹង​មក​ប្រៀបធៀប​គ្នា ថា​តើ​ចំនួន​សត្វ​ហ្នឹង វា​អាច​កើនឡើង​ជាង​មុន ឬ​មានការ​ថយចុះ​ជាង​មុន ហើយ​បាន​យើង​ស្វែងរក​របកគំហើញ​ថា ហេតុអ្វី​បាន​កើនឡើង ហេតុ​អី​បាន​ថយចុះ​»​។

លោក គ្រី ម៉ះផល ឱ្យដឹងថា ការចុះទៅ​សិក្សា​ស្រាវជ្រាវ​នេះ ក្រុមការងារ​បាន​បែង​ចែកជា​ ៣ ​ក្រុម​ដែល​ក្នុង​ ១ ​ក្រុម​មាន​គ្នា​ចន្លោះ​ពី​ ៥-៧ ​នាក់ មាន​រយៈពេល​បំពេញ​ការងារ​ ១០ ​ថ្ងៃ ធ្វើការ​ស្រាវជ្រាវ​រក​ថនិកសត្វ​ប្រភេទ​តូច ថនិកសត្វ​ថ្នាក់​ធំ ឧរង្គសត្វ និង​ថលជលិក​សត្វ​ក្នុងនោះ​ក៏មាន​ការដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ចំនួន​ ១៤​ គ្រឿង ដោយ​ថត​បាន​សត្វ​មួយចំនួន​ផងដែរ​។

លោក​ប្រធាន​នាយកដ្ឋាន​បញ្ជាក់ថា តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​នេះ​អាច​នឹង​ឈានដល់​មាន​ការបោះពុម្ព​ជា​លក្ខណៈ​ទស្សនាវដ្តី​អន្តរជាតិ ឬក៏​អាច​ចុះ​ក្នុង​សារព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ និង​ទុកជា​ឯកសារ​សម្រាប់​ស្រាវជ្រាវ​បន្តទៀត​៕