ភ្នំពេញៈ អគ្គនាយក​អង្គភាព​ស៊ីម៉ាក់​លោក​ ហេង រតនា បានឱ្យដឹងថា មេពូជ​សុនខ​ហិត​មីន​ចំនួន​ ៤​ សម្បុក​បង្កើតកូន​បាន​ ៣៤ ​ក្បាល​កាលពី​ថ្ងៃទី​ ១៤ ខែកុម្ភៈ ឆ្នាំ ​២០២២ នឹងត្រូវ​បង្ហាត់​ហ្វឹកហ្វឹន​ឱ្យ​ក្លាយទៅជា​សុនខ​មាន​ជំនាញ​ខាង​ហិត​មីន សម្រាប់​បម្រើឱ្យ​វិស័យ​មីន​នៅ​កម្ពុជា​ និង​បរទេស ដើម្បី​សុខភាព​សុវត្ថិភាព​សង្គមមនុស្ស​។

លោក ហេង រតនា ប្រាប់​ភ្នំពេញ-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៧ ខែកុម្ភៈ​ថា តាមពិត​មេពូជ​សុនខ​ហិត​មីន​ទាំង ៤ នេះ​បង្កើតកូន​បាន ៣៥ ក្បាល ប៉ុន្តែ​ជា​អកុសល​បាន​ស្លាប់​មួយ​ទៅវិញ​នៅ​​សល់ ៣៤ ក្បាល ។ ស៊ីម៉ាក់​នឹង​បន្ត​ហ្វឹកហ្វឺន ជ្រើសរើស​សុនខ​ណា​ដែល​អាចមាន​សមត្ថភាព​បន្ត​ភារកិច្ច​ដោះមីន និង​ស្រាវជ្រាវ​រក​មីន​នៅក្នុង​ប្រទេស​កម្ពុជា និង​ត្រៀម​យកទៅ​ដោះមីន​នៅក្រៅ​ប្រទេស​ផងដែរ​។

បច្ចុប្បន្ននេះ អង្គភាព​ស៊ីម៉ាក់​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​បណ្តា​ប្រទេស​មួយចំនួន ដូចជា​ពេល​ថ្មីៗ​នេះ ប្រទេស Serbia បាន​ឯកភាព​ទិញ​សុនខ​ជំទង់ ចំនួន ៦ ​ក្បាល និង​មួយ​ទៀត​ប្រទេស​មួយចំនួន​ក៏បាន​ទាក់ទង​មក​អង្គភាព​ស៊ីម៉ាក់ ដើម្បី​ទិញ​សុនខ​យកទៅ​បង្កើត​ក្រុម​ថ្មី​នៅក្នុង​ប្រទេស​របស់​ពួកគេ​។

លោក​ថ្លែងថា​៖ « អ៊ីចឹង​កូន​សុនខ​តូចៗ​ទាំងនេះ យើង​នឹង​ខិតខំ​ហ្វឹកហ្វឺន​ជ្រើសរើស​សុនខ​ណា ដែល​អាច​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​ចាំបាច់​ដែល​គេ​ចង់បាន​។ ប៉ុន្តែ​សុនខ​មួយចំនួន​ក៏​ត្រូវបាន​ផ្តល់ឱ្យ​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់ យក​ទៅ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ក៏មានដែរ​»​។

បើតាម​លោក ហេង រតនា កម្ពុជា​កាលពី​មុន​បាន​នាំយក​សុនខ​ហិត​មីន​នេះ មកពី​ប្រទេស​ដទៃ សម្រាប់​ផ្គត់ផ្គង់ និង​ប្រើប្រាស់​សម្រាប់​ស្រាវជ្រាវ និង​ហិត​មីន​នៅក្នុង​ប្រទេស​។ ប៉ុន្តែ​បច្ចុប្បន្ននេះ​កម្ពុជា​មាន​សមត្ថភាព​មិន​ត្រឹមតែ​អាច​ផ្គត់ផ្គង់ និង​ធានា​និរន្តភាព​នៅក្នុង​ប្រទេស​ទេ គឺ​កម្ពុជា​អាច​ផ្តល់ទៅឱ្យ​ប្រទេស​ដទៃទៀត​ដើម្បី​ជួយ​បម្រើ​ការងារ​នៅក្នុង​វិស័យ​មីន​ដែល​នេះ គឺជា​មោទនភាព​មួយ​ដែល​កម្ពុជា​អាច​ពង្រឹង​ភាពជា​ម្ចាស់​នៅក្នុង​ប្រទេស និង​ទំនាក់ទំនង និង​កិច្ចសហការ​ជាមួយ​ប្រទេស​ខាងក្រៅ​។

លោក​បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ​កម្ពុជា​មាន​សុនខ ៩៨ ក្បាល​ដែល​កំពុង​ប្រើប្រាស់ និង​ប្រតិបត្តិការ​នៅតាម​ការដ្ឋាន​នានា​ និង​ត្រៀម​ប្រមាណ​ ៧០ ​ក្បាល​ទៀត​សម្រាប់​ឆ្នាំ​ ២០២២ ​នេះ ព្រោះ​ឆ្នាំនេះ អង្គភាព​ស៊ីម៉ាក់​បាន​ធ្វើការ​កែទម្រង់​ថ្មី ដោយ​បង្កើន​សមត្ថភាព​ស្រាវជ្រាវ និង​ដោះមីន​ពី ​១២០ គីឡូម៉ែត្រ​ក្នុង​ ១​ ឆ្នាំៗ ទៅ ២០០ គីឡូម៉ែត្រ​ក្នុង​ ១ ​ឆ្នាំៗ​វិញ ដែល​ក្នុងនោះ​នឹងត្រូវ​ដាក់បញ្ចូល​សុនខ​មួយចំនួន​ទៅក្នុង​ប្រតិបត្តិការ​នេះ​។

តាម​របាយការណ៍​របស់​អង្គភាព​ស៊ីម៉ាក់​បង្ហាញថា សុនខ​ហិត​មីន​ត្រូវបាន​បង្កើតឡើង និង​នាំចូល​ផ្តល់​ការគាំទ្រ​ដល់​អង្គភាព​ស៊ីម៉ាក់ ដោយ​កងទ័ព​ប្រទេស​ស៊ុយអែត​កាលពី​ឆ្នាំ​ ១៩៩៦ ក្នុង​កម្រិត​ហ្វឹកហ្វឺន​សាកល្បង​ប្រើប្រាស់​សុនខ​ហិត​មីន​នៅ​កម្ពុជា និង​បានបញ្ចប់​គម្រោង​នៅ​ឆ្នាំ​ ២០០២​។ ប៉ុន្ដែ ស៊ីម៉ាក់​បាន​ចាប់ផ្ដើម​ពង្រឹង​ភាពជា​ម្ចាស់ និង​ភាពជា​ដៃគូ​នៃ​កម្មវិធី សុនខ​ហិត​មីន​ចាប់ពី​ឆ្នាំ​ ២០០២ រហូត​ទទួលបាន​ភាពជោគជ័យ និង​រឹងមាំ​តែម្ដង​នៅ​អំឡុង​ឆ្នាំ​ ២០១៦​។

របាយការណ៍​បន្តថា បច្ចុប្បន្ន ស៊ីម៉ាក់ បាន​កែប្រែ​ស្ថានភាព​ពី​ទិញ ឬ​សុំ​សុនខ​ពី​បរទេស​មក​ប្រតិបត្តិការ​នៅ​កម្ពុជា​ក្លាយជា​អ្នកផ្គត់ផ្គង់​សុនខ​ទៅ​អន្តរជាតិ និង​គាំទ្រ​កិច្ចប្រតិបត្តិការ​ក្នុង​ប្រទេស​ផងដែរ​។ លើសពីនេះ​ទៀត សុនខ​ហិត​មីន បាននិង​កំពុង​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការរំដោះ​ផ្ទៃដី​ដែលមាន​មីន​នៅក្នុង​ប្រទេស​កម្ពុជា​។ សុនខ មាន​ជំនាញ​ហិត​មីន ដែល​កប់​ដី និង​សារធាតុ​ផ្ទុះ​ផ្សេងៗ​។ សុនខ​ហិត​មីន មិន​ត្រឹមតែ​ជួយ​ដល់​ការងារ​របស់ ស៊ីម៉ាក់ ប៉ុណ្ណោះ​ទេ ថែមទាំង​ចូលរួម​ជាមួយ​សមត្ថកិច្ច​ក្នុង​ការស្រាវជ្រាវ​រក​នូវ​សារធាតុ​ញៀន និង​រក​នូវ​ជនសង្ស័យ​ទៀតផង​៕