ភ្នំពេញៈ អតីត​អង្គរក្ស​លោក​ ថោង សារ៉ាត់ ​ម្នាក់​ត្រូវបាន​តុលាការ​កំពូល​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​ ១៧ ​កុម្ភៈ​សម្រេច​តម្កល់​ទោស​ជាប់ពន្ធនាគារ​ ១​ ជីវិត​ដដែល បន្ទាប់ពី​បាន​បើកសវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ២៦ មករា ជាប់ចោទ​បាញ់សម្លាប់​លោក ឧកញ៉ា អ៊ឹង ម៉េងជឺ នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​ ២០១៤​។

ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃទី​ ១៧ ​កុម្ភៈ ខណៈ​អវត្តមាន​ទាំង​មេធាវី និង​ជនជាប់ចោទ លោក​ចៅក្រម យូរ ឧត្តរា បាន​អាន​សាលដីកា​ថា ជនជាប់ចោទ​ក្នុង​សំណុំ​រឿងនេះ​ឈ្មោះ សៀង វាសនា អាយុ ៥២ ​ឆ្នាំ​ជាប់ចោទ​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន ហើយ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ១ ​ជីវិត​។

លោក​បន្តថា កាលពី​ថ្ងៃ​ជំនុំជម្រះ​ថ្ងៃទី ​២៦ ​មករា ជន​ជាប់ចោទ​បាន​និយាយប្រាប់​តុលាការ​ថា ពាក់ព័ន្ធ​ការបាញ់សម្លាប់​លោក​ឧកញ៉ា​ អ៊ឹង ម៉េងជឺ គឺ​ជនជាប់​ចោទថា មិនបាន​សម្លាប់​ជនរងគ្រោះ​ទេ​។ ចំពោះ​ចម្លើយ​ដែល​ជនជាប់ចោទ​ឆ្លើយ​នៅ​នគរបាល​យុត្តិធម៌​គឺ​គាត់​បាន​ឆ្លើយ​សារភាព​មែន​ព្រោះ​កាលនោះ​នគរបាល​បានធ្វើ​ទារុណកម្ម​គាត់​។ ប៉ុន្តែ​នៅ​តុលាការ​កំពូល​ជនជាប់ចោទ​បាន​ឆ្លើយ​បដិសេធថា គាត់​មិនបាន​បាញ់​សម្លាប់​ជនរងគ្រោះ​ទេ​។ ទោះយ៉ាងណា​ការឆ្លើយ​បដិសេធ​នេះ​គឺ​គ្រាន់តែ​ជាការ​ដោះសា​របស់​ជនជាប់ចោទ​ប៉ុណ្ណោះ​។ ព្រោះថា ជនជាប់ចោទ​បាន​ឆ្លើយ​នៅមុខ​ចៅក្រម​ស៊ើបសួរ​កាលពី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ខ្លួន​ព្រម​ទទួលយក​នូវ​ចម្លើយ​ដែល​បាន​ឆ្លើយ​នៅ​ដំណាក់កាល​នគរបាល​យុត្តិធម៌​។

លោក​បន្តទៀតថា កាលពី​ជំនុំជម្រះ​នៅ​សាលាឧទ្ធរណ៍​ភ្នំពេញ ជនជាប់ចោទ​ក៏បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ដែរ​ថា គាត់​ទទួលយក​នូវ​ចម្លើយ​របស់​ខ្លួន​កាលពី​ឆ្លើយ​នៅ​ដំណាក់កាល​នគរបាល​យុត្តិធម៌​ដដែល​។ រីឯ​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ដើម​បណ្តឹងរដ្ឋប្បវេណី​ឈ្មោះ តាំង គឹមឆេង ​(​ប្រពន្ធ​លោក​ អ៊ឹង ម៉េងជឺ​) ​ដែលជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ សៀង វាសនា ដែរនោះ​ក៏បាន​លើកឡើង​កាលពី​ថ្ងៃ​ជំនុំជម្រះ​នៅ​តុលាការ​កំពូល​ដែរ​ថា កូនក្តី​របស់លោក​មិន​សុខចិត្ត​នឹង​ការដោះលែង​លោក ថោង សារ៉ាត់ រួម​មនុស្ស ៤ ​នាក់​ទៀត​នោះទេ និង​ទាមទារ​ឱ្យ​តុលាការ​កោះ​ហៅ​មក​ផ្តន្ទាទោស​ឡើងវិញ​។

លោក​ចៅក្រម​ យូរ ឧត្តរា​ ថ្លែងថា​៖ «​បញ្ហា​នេះ​តុលាការ​កំពូល​មិនអាច​ពិចារណា​បានឡើយ​ព្រោះ​ទាំង​អគ្គព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​ភ្នំពេញ​ទាំង​អគ្គព្រះរាជអាជ្ញា​តុលាការ​កំពូល​មិនបាន​ប្តឹង​សារទុក្ខ​ទេ​។ ហេតុ​ដូច្នេះ​តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​ទុក្ខ​ជា​បានការ​ដដែល​»​។

តាម​អង្គហេតុ​របស់​តុលាការ​កំពូល​បង្ហាញថា កាលពី​វេលា​ម៉ោងជាង ៧ ​យប់​ថ្ងៃទី​ ២២ វិច្ឆិកា ឆ្នាំ​ ២០១៤ មាន​ករណី​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ ស្ថិត​នៅមុខ​ហាង​លក់​ផ្លែឈើ​មួយកន្លែង​ក្បែរ​ផ្សារ​អូឡាំពិក​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ទួលស្វាយព្រៃ​ទី ​២ ខណ្ឌចំការមន​។ ក្រោយ​ហេតុការណ៍​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​មនុស្ស​ចំនួន​ ៦​ នាក់ មាន​លោក ថោង សារ៉ាត់ និង​អង្គរក្ស​ចំនួន ៥ ​នាក់​ទៀត ឈ្មោះ សៀង វាសនា មាស សម្បត្តិ​, ឈុន ចិត្រា លី សៅ និង​ឈ្មោះ កូយ ចាន់ថុល​។

សំណុំ​រឿងនេះ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២៦ ខែ​ឧសភា ឆ្នាំ​ ២០១៥ សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ម្នាក់ៗ​អស់​ ១​ ជីវិត​ដោយ​ចោទប្រកាន់​លោក ថោង សារ៉ាត់ ពី​បទ​ផ្តើមគំនិត​ក្នុង​ឃាតកម្ម​គិតទុក​មុន​។

ចំណែកឯ​អង្គរក្ស​របស់គាត់ ៥ ​នាក់​ទៀត ចោទ​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​តាម​មាត្រា​ ២០០ នៃ​ក្រមព្រហ្មទណ្ឌ និង​រួមគ្នា​សងជំងឺចិត្ត​ ១០ ​លាន​ដុល្លារ​។ ដោយ​មិន​សុខចិត្ត​នឹង​សាលក្រម​នេះ ជនជាប់ចោទ​ទាំង ៦ នាក់​បាន​ប្តឹង​ឧទ្ធរណ៍​ភ្នំពេញ ហើយ​ត្រូវបាន​សាលាឧទ្ធរណ៍​បើកសវនាការ និង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី ​៤ វិច្ឆិកា ឆ្នាំ ២០២០ សម្រេច​ដោះលែង​ជនជាប់ចោទ ៥ ​នាក់​ក្នុងនោះ​មាន​ទាំង​លោក ថោង សារ៉ាត់ ផង ខណៈ​ដែល​ឈ្មោះ លី សៅ បាន​ស្លាប់​ក្នុង​ពន្ធនាគារ​៕

វីដេអូ៖