ភ្នំពេញៈ រាជធានី-​ខេត្ត​ចំនួន ៣ គឺ​ខេត្តកណ្តាល ខេត្ត​កែប និង​រាជធានី​ភ្នំពេញ​លែង​ជា​តំបន់​រង​ផលប៉ះពាល់​ដោយសារ​គ្រាប់មីន​ប្រឆាំង​មនុស្ស​មុនគេ ចាប់ពីពេលនេះ​តទៅ និង​ទិសដៅ​បន្តបន្ទាប់​អាចជា​ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្ត​កំពង់ចាម និង​ខេត្តតាកែវ​។

តាម​របាយការណ៍​របស់​អង្គភាព​ស៊ីម៉ាក់​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១៦ ខែកុម្ភៈ ឱ្យដឹងថា អង្គភាព​ស៊ីម៉ាក់​បានសម្រេច​ភារកិច្ច​ក្នុងការ​បញ្ចប់​កិច្ច​ប្រតិបតិ្តការ​រំដោះ​ផ្ទៃដី​​រង​ផលប៉ះពាល់​ដោយ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ដែល​បានដឹង និង​មាន​កំណត់ត្រា​ពហុកោណ​ក្នុង​ទិន្នន័យ​ជាតិ ស្ថិតក្នុង​ខេត្ត​កែប ខេត្ត​កណ្តាល និង​រាជធានី​ភ្នំពេញ​បន្តបន្ទាប់​ទាំងស្រុង​ហើយ​។

ក្នុងនោះ​ខេត្តកណ្តាល​មាន​ចំនួន ​៣ ​ពហុកោណ (​ចម្ការមីន​) មាន​ផ្ទៃដី​ចំនួន ៦៤ ​ហិកតា ខេត្ត​កែប មាន​ចំនួន​ ៨​ ពហុកោណ ស្មើនឹង​ ៦៩,៨ ​ហិកតា និង​រាជធានី​ភ្នំពេញ​មាន​ចំនួន​ ៨ ​ពហុកោណ​ស្មើនឹង ៩៨៣​ ហិកតា​។

របាយការណ៍​នេះ​សរសេរថា «​ដូចនេះ​ខេត្ត​ទាំង​ ២ គឺ​ខេត្តកណ្តាល និង​ខេត្ត​កែប ព្រមទាំង​រាជធានី​ភ្នំពេញ ជា​ខេត្ត​/​រាជធានី​អស់​តំបន់​រង​ការគំរាមកំហែង​ដោយសារ​គ្រាប់មីន​ប្រឆាំង​មនុស្ស​មុនគេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ទិសដៅ​បន្តបន្ទាប់​គឺ​អង្គភាព​ស៊ីម៉ាក់ ចល័ត​កម្លាំង​ចូលទៅ​ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ចាម និង​ខេត្តតាកែវ ដែលជា​គោលដៅ​បញ្ចប់​បញ្ហា​គ្រាប់មីន​ប្រឆាំង​មនុស្ស​ក្នុង​ឆ្នាំ​ ២០២២ ​នេះ​»​។

លោក ហេង រតនា អគ្គនាយក​អង្គភាព​ស៊ីម៉ាក់ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១៧ ខែកុម្ភៈ​ថា តំបន់​ដែលមាន​កំណត់ត្រា ថា មាន​គ្រាប់មីន​ស្ថិតនៅក្នុង​រាជធានី​ខេត្ត​ទាំង​ ៣ ​នេះ​ត្រូវបាន​អង្គភាព​ស៊ីម៉ាក់​ដោះ​អស់ហើយ​។ ម្យ៉ាងទៀត​តំបន់​ដែលមាន​កំណត់ត្រា​នេះ ធានា​បាន​នូវ​ប្រព័ន្ធ​សុវត្ថិភាព និង​លែង​មាន​ការគំរាមកំហែង​នៅក្នុង​តំបន់​ដែលមាន​គ្រាប់មីន​។

លោក​ថ្លែងថា​៖ «​នៅពេលដែល​យើង​ដោះមីន​រួច​អស់ហើយ នឹងធ្វើ​ឱ្យ​តំបន់​ទាំងនេះ​មាន​សុវត្ថិភាព និង​លែង​បង្ក​ភាពភ័យខ្លាច​។ ដូចជា​ករណី​នៅ​កែប យើង​ដក​កម្លាំង​ចេញ​ស្ទើរតែ​មិន​ចង់​ទាន់​ផង គាត់​បាន​ប្រើប្រាស់ ដី​នោះ ហើយ​គាត់​សប្បាយរីករាយ និង​អស់​ភ័យខ្លាច​ជាពិសេស យុវជន​រស់នៅក្នុង​តំបន់​នោះ​»​។

ទោះជា​យ៉ាងណា​លោក​ថា ការ​ប្រកាសថា ខេត្ត​គ្មាន​តំបន់​គំរាមកំហែង​ដោយសារ​គ្រាប់មីន ប្រឆាំង​មនុស្ស​ ឬ​ហៅថា​ "​ខេត្ត​គ្មាន​គ្រាប់មីន​" វា​មិន​មានន័យថា "​ខេត្ត​ទាំងនោះ អស់​បញ្ហា​ជាមួយ​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​នោះទេ​" ការពិត​អាច​បន្ត​មាន​បញ្ហា​សំណល់​​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ពី​សង្គ្រាម​ដទៃទៀត ដូចជា​គ្រាប់បែក​ចង្កោម គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ និង​សំណល់​គ្រាប់​មិនទាន់​ផ្ទុះ​ផ្សេងៗ ក្រៅពី​គ្រាប់មីន​ប្រឆាំង​មនុស្ស​។

លោក​ពន្យល់ថា ដោយសារ​បញ្ហា​គ្រាប់មីន​ប្រឆាំង​មនុស្ស គឺ​ស្ថិតនៅក្រោម​អនុសញ្ញា​អន្តរជាតិ​អូតាវ៉ា ដែលមាន​សមាជិក​ហត្ថលេខី​ចំនួន​ ១៦៤​ ប្រទេស​ក្នុង​ចំនួន​នេះ​មាន​ប្រទេស​ចំនួន​ ១៣៣ ជា​រដ្ឋ​សមាជិក ដោយ​បូករួម​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។ រាជរដ្ឋាភិបាល​ក្នុងនាម​ជា​រដ្ឋ​សមាជិក​មួយ​សកម្ម បាន​ប្តេជ្ញា​អនុវត្ត​អនុសញ្ញា​នេះ​យ៉ាង​ពេញលេញ ដោយ​អនុម័ត​ផែនការ​យុទ្ធសាស្ត្រ​កម្ពុជា​គ្មាន​គ្រាប់មីន​នៅ​ចុងឆ្នាំ​ ២០២៥​។

បើតាម លោក ហេង រតនា ដូចនេះ​គោលដៅ​សំខាន់​គឺ​តម្រង់ទិស​សម្រេច​បញ្ហា​គ្រាប់មីន​ប្រឆាំង​មនុស្ស​មួយ​នេះ​ឱ្យ​ខាងតែបាន​ត្រឹម​ឆ្នាំ ​២០២៥​។ ដូចដែល​បានដឹង​មកហើយ ព្រះរាជាណាចក្រ​កម្ពុជា ទទួលរង​គ្រោះ​ដោយសារ​សង្គ្រាម​រយ:ពេល​យូរ និង​ទំហំ​​ធ្ងន់ធ្ងរ​បំផុត​លើ​ពិភពលោក ដូចនេះ​សំណល់​យុទ្ធភណ្ឌ​ពី​សង្គ្រាម​ក៏មាន​ទំហំធំធេង​ណាស់ដែរ ហេតុនេះ​មិនអាច​ដោះស្រាយ​ទិដ្ឋភាព​បញ្ហា​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​គ្រប់​ប្រភេទ​បាន​ត្រឹម​ឆ្នាំ​ ២០២៥ ​នោះទេ​។

លោក​បញ្ជាក់ទៀតថា ផ្អែក​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​នេះ អង្គភាព​ស៊ីម៉ាក់​បាន​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​ ៤ ​ឆ្នាំ ​(២០២២-២០២៥)​ រំដោះ​ផ្ទៃដី​រង​ផលប៉ះពាល់​ដោយសារ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ដែល​បានដឹង និង​មាន​កំណត់ត្រា​ក្នុង​ទិន្នន័យ​ជាតិ​ចំនួន​ជាង​ ៧០០​ គីឡូម៉ែត្រ​ក្រឡា​លើ​ចំនួន​នៅសល់​ប្រមាណ​ ៨០០ ​គីឡូម៉ែត្រ​ក្រឡា​គឺ​ប្រមាណ ​៩០% ​នៃ​បញ្ហា​គ្រាប់មីន​ដែល​នៅសល់​។

លោក​ថ្លែងថា​៖ «​សូម​ចៀសវាង​មានការ​យល់ច្រឡំ​ថា "​ខេត្ត​គ្មាន​គ្រាប់មីន​" ជា​ខេត្ត​អស់​បញ្ហា​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ដទៃទៀត​នោះ "​ខេត្ត​គ្មាន​គ្រាប់មីន​"​ ធាតុពិត​ខេត្ត​នោះ មិនទាន់​អស់​បញ្ហា​សំណល់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ជា​មរតក​ពី​សង្គ្រាម​ផ្សេងៗ​ទៀត ដូចជា​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ គ្រាប់បែក​ចង្កោម និង​គ្រាប់​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​នៅឡើយ​ទេ​។ ដូចនេះ​សូម​បន្ត​ប្រុងប្រយ័ត្ន និង​រួមគ្នា​បន្ត​ចាត់វិធានការ​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​ទាំងនោះ​ឱ្យ​អស់ពី​ព្រះរាជាណាចក្រ​នេះ​»​។

លោក អាគីរ៉ា ស្ថាបនិក​អង្គការ​សារមន្ទីរ​គ្រាប់មីន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៧ ខែកុម្ភៈ​ថា រាជធានី​ខេត្ត​ទាំង​ ៣ ខាងលើនេះ​ត្រូវបាន​ដោះមីន​អស់ និង​មាន​សុវត្ថិភាព​មុន​ខេត្ត​ផ្សេងៗ ដែល​វា​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​នៅក្នុង​ប្រទេស​ឱ្យ​កាន់តែ​រីកចម្រើន​ ១ ​កម្រិត​ទៀត​ជាពិសេស​នឹងមិន​បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ និង​វិនិយោគិន​ដែលមាន​បំណង​មក​បណ្តាក់​ទុនវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​ថ្លែងថា​៖ «​ខាង​ខ្ញុំ​ជា​អ្នក​ដោះមីន​ដូចគ្នា​ត្រេកអរ​យ៉ាងខ្លាំង​ដែល​រាជធានី​ខេត្ត​ទាំង​ ៣ ​នេះ​មាន​សុវត្ថិភាព ហើយ​សង្ឃឹមថា នៅសល់​រាជធានី​ខេត្ត​ផ្សេងៗ​ទៀត នឹង​ត្រូវ​ដោះមីន​អស់​នៅក្នុង​ឆ្នាំ​ ២០២៥ ខាងមុខនេះ​»៕