ភ្នំពេញៈ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​រកឃើញ​វិជ្ជមាន​កូវីដ ​១៩ លើ​ក្រុម​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំនួន​ ១៦​ នាក់​បន្ថែមទៀត កាលពី​ថ្ងៃទី​ ១៦ ​កុម្ភៈ បន្ទាប់ពី​ពួកគេ​បានមក​ធ្វើតេស្ត​ជា​លើក​ទី​ ២ ក្រោយ​ផ្អាក​ការជួបជុំ និង​ធ្វើ​ចត្តាឡីស័ក​តាម​ការណែនាំ​របស់​​មន្ត្រី​សុខាភិបាល​។

គិត​ត្រឹម​ថ្ងៃទី​ ៧ ​កុម្ភៈ ក្រុម​គ្រូពេទ្យ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត TYDA បាន​រកឃើញ​ករណី​វិជ្ជមាន​កូវីដ ​១៩ ចំនួន​ ៤១​ នាក់​ក្នុង​ចំណោម​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំនួន ៥៤៦​ នាក់​ដែល​បាន​ទៅធ្វើ​តេស្ត​ជា​លើក​ទី​ ២​។

សេចក្តី​ជូនដំណឹង​របស់​មន្ទីរសុខាភិបាល​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​ ១៦ ខែកុម្ភៈ បានឱ្យដឹងថា​ក្រុមគ្រូពេទ្យ​បានធ្វើ​តេស្ត​យក​សំណាក​ដើម្បី​ស្វែងរក​មេរោគ​​កូវីដ​ ១៩ លើ​ក្រុមបាតុករ អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ លើក​ទី​ ២ ចំនួន​ ១៦៣ ​នាក់​ហើយ​ជា​លទ្ធផល​គឺមាន​ ១៦​ នាក់​ត្រូវបាន​រកឃើញថា មាន​ផ្ទុកមេរោគ​កូវីដ​ ១៩​។

មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ក៏​ឱ្យដឹង​បន្ថែមថា​៖ «​បាតុករ​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែល​បានមក​ធ្វើតេស្ត​យក​សំណាក​ជា​លើក​ទី​ ២ ​នេះ គឺ​ក្នុងចំណោម​ក្រុមបាតុករ​ដែល​បានមក​យក​សំណាក​ចាប់ពី​ថ្ងៃទី​ ៥ ដល់​ថ្ងៃទី​ ៧ ខែកុម្ភៈ ឆ្នាំ​ ២០២២ ដែលមាន​ចំនួន​សរុប ៨៧៩​ នាក់​»​។

ជាមួយ​នឹង​ការរកឃើញ​វិជ្ជមាន​ជា​បន្តបន្ទាប់​នេះ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ណែនាំ​ក្រុមបាតុករ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែលជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកវិជ្ជមាន​កូវីដ​ ១៩ ​ចំនួន​ ១៦​ នាក់​ខាងលើ ត្រូវធ្វើ​ចត្តាឡីស័ក​រយៈពេល​ ៧ ​ថ្ងៃ ដោយ​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​តាម​វិធាន​សុខាភិបាល​។

លោក ងី មានហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែមថា ដើម្បី​បញ្ចៀស​បាន​នូវ​ការឆ្លង​រាលដាល បុគ្គលិក​ទាំងអស់​ត្រូវតែ​បញ្ឈប់​ការប្រមូលផ្តុំ​ហើយ​បន្តធ្វើ​ចត្តាឡីស័ក​ឱ្យបាន​ត្រឹមត្រូវ​តាម​វិធាន​សុខាភិបាល​។

លោក​បាន​បញ្ជាក់ថា​៖ «​ការធ្វើ​ចត្ថាឡីស័ក​នេះ គឺ​យើង​បានកំណត់​ហើយ គឺ​ ១ ​អាទិត្យ យើង​ធ្វើ​ម្តង​។ ដូច្នេះ​ខ្ញុំ​សូម​សំណូមពរ​ឱ្យ​ពួកគាត់​អនុវត្ត​ឱ្យបាន​ល្អ​ទៅ ជារួម​យើង​មិន​អាចឱ្យ​ជុំគ្នា​នោះទេ​ព្រោះ​បើ​ជុំគ្នា​គឺ​មិនអាច​អនុវត្តបាន​ទៅតាម​វិធាន​សុខាភិបាល​ទេ​»​។

ជុំវិញ​វិវាទ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នេះដែរ ក្រុម​អ្នកជំនាញ​នៃ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស UN កាលពី​ថ្ងៃទី​ ១៦ ​កុម្ភៈ បាន​ចាត់ទុក​ថា​វិធានការ​ថ្មី​ ដើម្បី​ទប់ស្កាត់​ការធ្វើ​កូដកម្ម​របស់​កម្មករ​ក្នុង​ក្រុមហ៊ុន​នេះ គឺជា​រឿង​មិន​សមហេតុផល ហើយ​អាជ្ញាធរ​មិន​ត្រូវយក​វិធានការ​សុខភាព​សាធារណៈ ជា​សំអាង​ក្នុងការ​បង្ក្រាប​លើ​សកម្មភាព​ឧស្សាហកម្ម​ស្របច្បាប់ និង​ដោយ​សន្តិវិធី​នោះទេ​។

ក្រុម​អ្នកជំនាញ​បាន​លើកឡើង​ថា​៖ «​យើង​ឃើញ​មាន​ភាពមិន​ស៊ីចង្វាក់​គ្នា​ជារួម និង​កង្វះ​តម្លាភាព​ក្នុង​វិធានការ គ្រប់គ្រង​ជំងឺ​កូវីដ ​១៩ របស់​កម្ពុជា​។ ក្នុងករណីនេះ អាជ្ញាធរ​ហាក់ដូចជា ប្រឹងប្រែង​រារាំង​សកម្មភាព​ការងារ ដោយ​សន្តិវិធី និង​ស្របច្បាប់​ដោយ​សំអាង​លើ​វិធានការ​សុខភាព​សាធារណៈ​។ អាជ្ញាធរ​មិនគួរ​ប្រើប្រាស់​វិធាន​មួយ សម្រាប់​អនុវត្ត​ជាមួយ​ក្រុម​កូដករ និង​វិធាន​មួយទៀត​សម្រាប់​សាធារណជន​ទូទៅ​នោះទេ​»​។

ពួកគេ​ក៏បាន​រិះគន់​ចំពោះ​ការចាត់​វិធានការ​ឱ្យ​កម្មករ​កាស៊ីណូ​ដែល​បានធ្វើ​កូដកម្ម​នៅ​កម្ពុជា​បន្ត​ធ្វើ​ចត្តាឡីស័ក​ក្នុង​ក្របខ័ណ្ឌ​ការពារ​ជំងឺ​កូវីដ​ ១៩ និង​បាន​សម្តែង​ការព្រួយបារម្ភ​ថា ជាង​ ១​ សប្តាហ៍​បន្ទាប់ពី​ការបង្ខំ​ឱ្យធ្វើ​តេស្ត​រក​មេរោគ​កូវីដ​ ១៩ ក្រុម​កូដករ​រាប់រយ​នាក់​បាន​ផ្ដល់​ព័ត៌មាន​ថា ខ្លួន​នៅ​មិនទាន់​ទទួល​បាន​លទ្ធផល​តេស្ត​ ឬ​ភាពច្បាស់លាស់​អំពី​ពេលវេលា​ដែល​​ពួកគេ​នឹង​ត្រូវបាន​អនុញ្ញាតឱ្យ​បញ្ចប់​ចត្តាឡីស័ក​នោះទេ​។

កាលពី​ថ្ងៃទី​ ១៥ ខែកុម្ភៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​សេចក្ដី​ជូនដំណឹង​ដោយ​ណែនាំ​ក្រុម​កូដករ​ឱ្យ​ផ្លាស់​ទៅធ្វើ​កូដកម្ម​នៅ​ទីតាំង​ផ្សេង ក្រៅពី​ទីប្រជុំជន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩​ បំប្លែង​ខ្លួន​ថ្មី ប្រភេទ​អូមីក្រុង​ចូលក្នុង​សហគមន៍​កាន់តែ​ច្រើនឡើងៗ ក៏ដូចជា​ធានាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​គូសបញ្ជាក់ថា​៖ «​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ដាច់ខាត​ឱ្យមាន​ការប្រមូលផ្តុំ​ធ្វើ​សកម្មភាព​បាតុកម្ម​ខុសច្បាប់​របស់​ក្រុម​អតីត​បុគ្គលិក និង​បុគ្គលិក ក្រុមហ៊ុន​ណាហ្គាវើលដ៍ នៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន​ទៀតឡើយ​។ ក្នុងករណី​រឹងរូស​បន្តសកម្មភាព​ខុសច្បាប់​ទៀត​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​គ្មាន​ការលើកលែង​»៕