ភ្នំពេញៈ និយតករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សម្រេចបិទខ្ទប់ឈ្មោះដែន (Domain Names) ចំនួន ១៥ ទៀត ដែលក្នុងនោះមាន ១៤ ឈ្មោះ ដែន កំពុងដំណើរការគេហទំព័រល្បែងឆ្នោតខុសច្បាប់ នៅព្រះរាជាណាចក្រកម្ពុជា និង ១ ទៀតគេហទំព័រដែលក្លែងបន្លំឈ្មោះ ដែន សម្រាប់ការស្នើសុំទិដ្ឋាការនៃសាធារណរដ្ឋអ៊ីស្លាម ប៉ាគីស្ថាន។
លិខិតប្រកាសព័ត៌មានរបស់និយតករទូរគមនាគមន៍កម្ពុជា ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី ១៧ កុម្ភៈ បង្ហាញថា ន.ទ.ក. បានចាត់វិធានការបិទខ្ទប់ឈ្មោះ ដែន (Domain Names) សរុបចំនួន ១៥ ដែលក្នុងនោះមាន ១៤ ឈ្មោះ ដែន កំពុងដំណើរការគេហទំព័រល្បែងឆ្នោតខុសច្បាប់នៅព្រះរាជាណាចក្រកម្ពុជា និង ១ ទៀតក្លែងបន្លំជាឈ្មោះ ដែន សម្រាប់ការស្នើសុំទិដ្ឋាការនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។
ន.ទ.ក. បញ្ជាក់ថា ឈ្មោះដែនក្លែងបន្លំសម្រាប់ស្នើសុំទិដ្ឋាការរបស់សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន គឺ pakistanvisaonline.org ចំណែកឈ្មោះ ដែន ដែលដំណើរការល្បែងឆ្នោតខុសច្បាប់ រួមមាន minhngoc.com minhngoc.app minhngoc.io minhngoc.me minhngoc.news minhngoc.games minhngoc.services minhngoc.win minhngoc.vet minhngoc.casino minhngoc.bingo minhngoc.website vina24h.com vina24.net ។
និយតករទូរគមនាគមន៍កម្ពុជាឱ្យដឹងថា កន្លងមកខ្លួនធ្លាប់បានចាត់វិធានការបិទខ្ទប់ឈ្មោះ ដែន ដែលដំណើរការល្បែងឆ្នោតខុសច្បាប់ចំនួន ២៥ រួចមកហើយ ដូចមានក្នុងសេចក្តីប្រកាសព័ត៌មានលេខ ០៦៦០ ន.ទ.ក. ចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២។
ន.ទ.ក. បញ្ជាក់ថា៖ «នឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់ឈ្មោះ ដែន ដែលធ្វើប្រតិបត្តិការ និងផ្តល់សេវាល្បែងស៊ីសងអនឡាញ និងល្បែងឆ្នោត ដែលផ្ទុយច្បាប់ និងសារាចរណែនាំរបស់រាជរដ្ឋាភិបាល»។
និយតករទូរគមនាគមន៍កម្ពុជាបន្ថែមថា សារាចរណែនាំរបស់រាជរដ្ឋាភិបាល លេខ ០៧ សរណន ចុះថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ គឺ ស្តីអំពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក តាមរយៈអ៊ីនធឺណិត-អនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ ព្រមទាំងឈ្មោះ ដែន ផ្សេងទៀតទាំងឡាយណាដែលធ្វើប្រតិបត្តិការខុសច្បាប់ក្នុងគោលដៅចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម។
លោក ប៉ិច ពិសី នាយកអង្គការតម្លាភាពកម្ពុជាថ្លែងនៅថ្ងៃទី ១៧ ខែកុម្ភៈ ថា ការលេងឆ្នោត និងល្បែងស៊ីសង ដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវអាចបង្កបញ្ហាច្រើនដល់សង្គម និងប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ។ ហេតុនេះការអនុវត្តច្បាប់របស់អាជ្ញាធរពាក់ព័ន្ធទៅនឹងការបិទជាគេហទំព័រក្តី បិទប្រតិបត្តិការលេងឆ្នោតក្តី គឺជាសកម្មភាពមួយល្អ ដែលខាងអង្គការសង្គមស៊ីវិលគាំទ្រ និងជំរុញឱ្យបន្តមានការបិទល្បែងស៊ីសងគ្រប់ប្រភេទថែមទៀត។
លោក ពិសី បន្តថា តាមការកត់សម្គាល់ឃើញថា ការលេងល្បែងឆ្នោតមានការផុលផុសខ្លាំងនៅកម្ពុជា សូម្បីតែនៅតាមភូមិ ឬតាមច្រកល្ហកតូចៗក៏មានការលេងផងដែរ។ ការលេងល្បែងឆ្នោតនេះ មិនត្រឹមតែធ្វើឱ្យពលរដ្ឋខាតបង់ថវិកានោះទេ គឺថែមទាំងជាហេតុបណ្តាលឱ្យគ្មានសុវត្ថិភាពនៅតាមភូមិឃុំក្នុងមូលដ្ឋានទៀតផង។ លោកថា ពលរដ្ឋខ្លះសុខចិត្តសន្សំលុយចាក់ឆ្នោត ប៉ុន្តែមិនហ៊ានប្រើសម្រាប់ទិញគុយទាវហូបឡើយ។ ចំណែកអ្នកខ្លះទៀត លេងឆ្នោតរហូតដល់ថ្នាក់អស់របស់ក្នុងផ្ទះក៏មានដែរ ព្រោះតែការជក់លេងឆ្នោតពេក។
លោកថ្លែងថា៖ «ឆ្នោតភាគច្រើនអត់សូវមានតម្លាភាពទេ ព័ត៌មានឆ្នោតអ្នកណាត្រូវ ចាប់លេខយ៉ាងម៉េចយ៉ាងម៉ា ក៏មិនមាន ការគ្រប់គ្រងច្បាស់លាស់ដែរ។ អ៊ីចឹងអាចប៉ះពាល់ច្រើនណាស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយធ្វើឱ្យសង្គមពុលទៅនឹងការលេងល្បែង ដែលអាចជំរុញដល់ការលួច ប្លន់ ឆក់ អសន្តិសុខសង្គម ដោយសារគាត់ត្រូវការលុយលេងឆ្នោត»។
និយតករទូរគមនាគមន៍កម្ពុជាបានអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមរាយការណ៍មក ន.ទ.ក. តាមរយៈលេខទូរស័ព្ទ ៦ ៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬតាមបណ្តាញសង្គម Facebook:“ និយតករទូរគមនាគមន៍កម្ពុជា-Telecommunication Regulator of Cambodia" នូវឈ្មោះដែនដែលធ្វើប្រតិបត្តិការ និងផ្តល់សេវាល្បែងស៊ីសង អនឡាញ ល្បែងឆ្នោតខុសច្បាប់ និងបង្ហោះ រូបភាព និងវីដេអូអាសអាភាសកុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយ ន. ទ.ក. នឹងរក្សាការសម្ងាត់ជូន៕
វីដេអូ៖