ភ្នំពេញៈ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ប្រកាស​ថ្កោលទោស​លោក គឹម ហ៊ាង ដែលជា​អ្នកជំនួញ​ដីធ្លី​ ១​ រូប​ប្រើ​សម្តី​ ដើម្បី​តែ​ផលចំណេញ​នៃ​មុខជំនួញ​របស់ខ្លួន​បំភ្លេចចោល​នូវ​តម្លៃ​នៃ​មរតក​វប្បធម៌​ជាតិ និង​ជំរុញ​ឱ្យ​មាន​ចលនា​ទិញ លក់ដូរ អចលនទ្រព្យ​កាន់តែខ្លាំង​ឡើង​ក្នុង​តំបន់​សៀមរាប​អង្គរ​ដែល​អាច​នាំ​ដល់​ការរីករាលដាល​សំណង់​អនាធិបតេយ្យ​។

យោងតាម​លិខិត​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅ​ថ្ងៃទី​ ១៧ ខែកុម្ភៈ បានឱ្យ​ដឹងថា ថ្មីៗ​នេះ​បណ្តាញ​សង្គម​មួយចំនួន​បាន​ផ្សព្វផ្សាយ​នូវ​វីដេអូ​កាត់​ខ្លី​រយៈពេល ៣ នាទី ៤១ វិនាទី​របស់​លោក គឹម ហ៊ាង អ្នកជំនួញ​ដីធ្លី​ ១ ​រូប បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​មួយ​ស្តីពី​អនាគត​នៃ​វិស័យ​អចលនទ្រព្យ​ខេត្តសៀមរាប ដែល​លើកឡើង​នូវ​ទស្សនវិស័យ​របស់​ខ្លួន​ទាក់ទង​ទៅនឹង​ការអភិរក្ស និង​អភិវឌ្ឍ​នៃ​តំបន់​សៀមរាប​អង្គរ និង​វិធាន​នៃ​ការការពារ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។

ក្រសួង​វប្បធម៌​បាន​បន្ទោស លោក គឹម ហ៊ាង ថា​បាន​ប្រើប្រាស់​សម្ដី​វាយប្រហារ គ្មាន​ការទទួល​ខុសត្រូវ គ្មាន​ការសិក្សា​ស្រាវជ្រាវ​យល់ដឹង​គ្រប់​ជ្រុងជ្រោយ និង​ខ្វះខាត​ចំណេះដឹង​លើ​ផ្នែក​កិច្ចការពារ​បេតិកភណ្ឌ​ពិភពលោក ដោយ​សម្លឹង​ឃើញតែ​ ១ ​ជ្រុង​ទៅលើ​វិស័យ​អចលនទ្រព្យ ដើម្បី​តែ​ផលចំណេញ​នៃ​មុខ​ជំនួញ​របស់ខ្លួន ដោយ​បំភ្លេចចោល​នូវ​តម្លៃ​នៃ​មរតក​វប្បធម៌​ជាតិ ក៏ដូចជា​ការជំរុញ​ឱ្យ​មាន​ចលនា​ទិញ លក់ដូរ អចលនទ្រព្យ​កាន់តែខ្លាំង​ឡើង​ក្នុង​តំបន់​សៀមរាប​អង្គរ ដែល​អាច​នាំ​ដល់​ការរីករាលដាល​សំណង់​អនាធិបតេយ្យ​ក្នុង​តំបន់​រមណីយដ្ឋាន​ការពារ និង​តំបន់​ជុំវិញ​នានា​។ ក្នុង​លិខិត​ដដែល​នោះ​លើកឡើង​ថា ពាក្យសម្ដី​នោះបាន​ធ្វើឱ្យ​ប៉ះពាល់​ទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ ថែរក្សា និង​អភិរក្ស របស់​ឥស្សរជន​ជាន់ខ្ពស់​ថ្នាក់ជាតិ អន្តរជាតិ​គ្រប់​ជំនាន់​។ ជាពិសេស ការខិតខំ​របស់​រាជរដ្ឋាភិបាល ដែល​បាន​សហការ​​ជាមួយ​អង្គការ​យូណេស្កូ​តាមរយៈ​ការជំរុញ និង​គាំពារ​ឱ្យ​បង្កើត​យន្តការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ចគាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយស៊ីស៊ី-អង្គរ (ICC-អង្គរ​) ដឹកនាំ​ដោយ​សហប្រធាន​បារាំង និង​ជប៉ុន ដែល​ប្រមូលផ្ដុំ​ដោយ​អ្នកជំនាញការ​ជាតិ អន្តរជាតិ មាន​អាយុកាល​ជាង ៣០ ​ឆ្នាំ​បាន​រួម​គ្នា​មក​សង្គ្រោះ និង​ការពារ​អង្គរ​។ ក្នុង​នោះបាន​ប្រើប្រាស់​ថវិកា​ច្រើនជាង ៥០០ ​លាន​ដុល្លារ ព្រមទាំង​ជួយ​បណ្តុះបណ្តាល​នូវ​ធនធាន​មនុស្ស​ជូន​កម្ពុជា​ជាច្រើន ដើម្បី​កិច្ចការពារ បេតិកភណ្ឌ​ជាតិ​។

ក្រសួង​បញ្ជាក់ថា​៖ «​ក្នុងន័យនេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សូម​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ និង​ណែនាំ​ឱ្យ​បុគ្គល​រូបនេះ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ពាក្យសម្ដី​ដែល​គ្មាន​ការទទួល​ខុសត្រូវ ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​បែបនេះ ដើម្បី​បញ្ចៀស​នូវ​ការយល់​ច្រឡំ និង​ជំរុញ​នូវ​ការជួញដូរ​ដីធ្លី​ក្នុង​តំបន់​សៀមរាប​អង្គរ ដែល​នឹង​អាចបង្កើត​នូវ​ចលាចល សង្គម​ជាយ​ថាហេតុ​ណាមួយ​»​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃទី ​១៦ ខែកុម្ភៈ​ក្នុងន័យ​ថា លោក គឹម ហ៊ាង គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​មិន​គិតពី​ប្រយោជន៍​ជាតិ និង​កេរដំណែល​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​ដូនតា​បន្សល់ទុក​ឡើយ​។

លោក​បញ្ជាក់ថា​៖ «​តើ​នៅ​កម្ពុជាមាន​មនុស្ស​បែបនេះ​ប៉ុន្មាន​នាក់​? នៅ​ខ្មែរ​មិន​ខ្វះ​ទេ​កន្លែង​សាងសង់​ខ្ពស់ ដើរ ចេញពី​ខេត្តសៀមរាប គេ​អាច​សាងសង់​ប៉ុន្មាន​ពាន់​ជាន់​នៅ​ខេត្ត​ណា​ក៏​បានដែរ ដោយ​កម្ពុជា​មាន​ ២៤​ រាជធានី​ខេត្ត ប៉ុន្តែ​មិនមែន​នៅ​សៀមរាប​ទេ​»​។

ប្រតិកម្ម​ក្នុង​រឿងនេះ​ដែរ លោក ហ៊ុន ម៉ានី ប្រធាន​គណៈកម្មការ​ទី​ ៧ នៃ​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​សរសេរ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​ ១៧ ខែកុម្ភៈ​ថា សិទ្ធិ​ក្នុងការ​បញ្ចេញមតិ និង​គំនិត​មិន​ខុស​អ្វី​ទេ ប៉ុន្តែ​មិន​គួរឱ្យ​សិទ្ធិ​នោះ​មាន​ការប៉ះពាល់​ដល់​កិត្តិយស​បុគ្គល ឬ​ប្រមាថ​ដល់​ស្ថាប័ន ឬ​មន្ត្រីរាជការ​សាធារណៈ (​អាជ្ញាធរ​អប្សរា​) រាប់រយ​នាក់ ដែល​បាននិងកំពុង​បំពេញភារកិច្ច​ក្នុង​ការថែរក្សា​កេរមរតក​ដូនតា​ក្នុង​ក្របខ័ណ្ឌ​ដែល​កំណត់ដោយ​ច្បាប់​។

លោក​ថា គំនិត​ដែល​ចេញ​មកពី​ជ្រុង​តែមួយ​មិនបាន​ឆ្លុះបញ្ចាំង​ពី​តថភាព​ជាក់ស្តែង​នៃ​ស្ថានភាព​ដែល​តោង​អ្នក​បញ្ចេញមតិ (​ដោយ​គ្មាន​ការទទួល​ខុសត្រូវ​នេះ​) ពិចារណា​ឡើយ​។ ការគិតគូរ​របស់​រាជរដ្ឋាភិបាល​មាន​លក្ខណៈ​គ្របដណ្តប់ និង​គ្រប់​ជ្រុងជ្រោយ ដែល​ផល​នៃ​ការសម្រេច​បាន​ជះ​ជា​វិជ្ជមាន​ទៅដល់​មនុស្ស​គ្រប់ស្រទាប់​ក្នុងសង្គម មិន​សំដៅ​តែ​លើ​ក្រុម​ណាមួយ​ឡើយ​។

លោក​បញ្ជាក់ថា​៖ «​ពាក្យ​ថា​ស្រឡាញ់​ជាតិ​មានន័យ និង​ស្មារតី​ខ្ពង់ខ្ពស់​ណាស់ គួរណា​យើង​លើកតម្កើង​ឱ្យបាន​ច្រើន និង​រាល់​ពេលវេលា​។ វា​មិន​ត្រឹមតែ​ជា​ពាក្យសម្ដី ប៉ុន្តែ​ជាការ​ប្រតិបត្តិ​ជាក់ស្តែង​»​។

លោក គឹម ហ៊ាង បានចេញ​លិខិត​សុំទោស​ជា​សាធារណៈ​ភ្លាមៗ​នៅ​ថ្ងៃទី​ ១៧ ខែកុម្ភៈ បន្ទាប់ពី​មានប្រតិកម្ម​ពី​សំណាក់​មហាជន​។

ក្នុង​សិក្ខាសាលា​អចលនទ្រព្យ ឆ្នាំ​ ២០២២ ស្តីអំពី​អនាគត​នៃ​វិស័យ​អចលនទ្រព្យ​ខេត្តសៀមរាប ក្រោយ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ធូរស្រាល កាលពី​ថ្ងៃទី​ ១២ ខែកុម្ភៈ ឆ្នាំ ​២០២២ នៅ​សណ្ឋាគារ អង្គរ​ផារ៉ាឌី ក្រុង​សៀមរាប ខេត្តសៀមរាប លោក គឹម ហ៊ាង បានធ្វើ​បទបង្ហាញ និង​ការវិភាគ​មាន​រយៈពេល​ជាង ២ ​ម៉ោង ដោយបាន​បកស្រាយ​ពី​ចំណុចខ្សោយ ចំណុចខ្លាំង ឱកាស ព្រមទាំង​ការគំរាមកំហែង ដល់​ការវិនិយោគ និង​អភិឌ្ឍន៍​វិស័យ​អចលនទ្រព្យ នៅ​ខេត្តសៀមរាប ដែល​ការបកស្រាយ​នោះ​ពិតជា​មានការ​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ ដែលជា​កំហុស​ដ៏ធំ​មួយ​កើតឡើង​ដោយ​អចេតនា​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំបាទ​សូម​លំឱន​កាយ លើកដៃ​ម្រាម​ ១០​ ដើម្បី​សូមទោស​ជា​សាធារណៈ​ដល់​ប្រជាជន​កម្ពុជា អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ពិសេស​ដល់​ថ្នាក់ដឹកនាំ​ប្រទេស ចំពោះ​កំហុស​ដែល​ខ្ញុំបាទ​បាន​បង្កើតឡើង​កាលពី​ថ្ងៃ​សៅរ៍ ទី​ ១២ ខែកុម្ភៈ ឆ្នាំ​ ២០២២ នៅ​ទី​រួម​ខេត្តសៀមរាប​»៕

វីដេអូ៖