ភ្នំពេញៈ មន្ត្រី​យុត្តិធម៌​កម្ពុជា-​ថៃ បាន​ជួប​ពិភាក្សាគ្នា​នៅ​រាជធានី​-​ភ្នំពេញ កាលពី​ថ្ងៃទី​ ១៦ ខែកុម្ភៈ លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ាន​លើ​វិស័យ​ព្រហ្មទណ្ឌ និង​ការប្រយុទ្ធប្រឆាំង​បទល្មើស​ឆ្លងដែន ដើម្បី​ជា​ប្រយោជន៍​រួម​ក្នុង​តំបន់ ក្នុងការ​កាត់បន្ថយ​បទល្មើស​នានា​។

ក្នុងជំនួប​នោះ ដឹកនាំ​ដោយ​រដ្ឋលេខាធិការ និង​ជា​ប្រធាន​ឧត្តមមន្ត្រី​ច្បាប់ និង​យុត្តិធម៌​អាស៊ាន​នៃ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និង​លោក​ Vongthep Arthakaivalvatee អតីត​អគ្គលេខាធិការរង​អាស៊ាន និង​បច្ចុប្បន្ន​ជាទីប្រឹក្សា​ពិសេស​នៃ​វិទ្យាស្ថាន​យុត្តិធម៌​ប្រទេស​ថៃ (TIJ)​។ កិច្ចពិភាក្សា​នេះ​បាន​ផ្តោតលើ​របៀបវារៈ​ចំនួន​ ៣ រួមមាន ១ កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ាន​លើ​វិស័យ​យុត្តិធម៌​ព្រហ្មទណ្ឌ និង​ការប្រយុទ្ធប្រឆាំង​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស និង​ការរៀបចំ​សន្និសីទ​អាស៊ាន​លើក​ទី​ ៣ ​ស្តីពី​ការទប់ស្កាត់​ឧក្រិដ្ឋកម្ម​ក្នុង​តំបន់​នៅ​ភូកេត ប្រទេស​ថៃ​នា​ពាក់កណ្តាល​ខែមីនា ឆ្នាំ​ ២០២២ ខាងមុខនេះ​។ ២ ភាគី​ថៃ​មាន​សំណើសុំ​ការគាំទ្រ​ពី​កម្ពុជា​លើ​ការរៀបចំ​សេចក្តី​ប្រកាស​រួម​អាស៊ាន​ស្តីពី​ការទប់ស្កាត់​ឧក្រិដ្ឋកម្ម និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​យុត្តិធម៌​ព្រហ្មទណ្ឌ​ក្នុង​តំបន់​អាស៊ាន ដែល​ស្នើឡើង​ដោយ​ប្រទេស​ថៃ​។ របៀបវារៈ​ទី​ ៣ ​សំណើសុំ​ការគាំទ្រ​ពី​កម្ពុជា​លើ​ការរៀបចំ​យន្តការ​តំបន់​អាស៊ាន​ក្នុងការ​គ្រប់គ្រង​ស្ត្រី និង​ជនងាយ​រងគ្រោះ​ផ្សេងទៀត​ក្នុង​ពន្ធនាគារ ដែល​ស្នើឡើង​ដោយ​ប្រទេស​ថៃ​។

ប្រធាន​ឧត្តម​មន្ត្រី​ច្បាប់ និង​យុត្តិធម៌​អាស៊ាន​នៃ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គោលបំណង​នៃ​ជំនួប​នេះ ខាង​ភាគី​ថៃ​ចង់បង្ហាញ​ពី​សារៈសំខាន់​នៃ​កិច្ចសហការ​នោះ និង​បាន​សុំ​ការគាំទ្រ​ពី​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ក្នុងឆ្នាំនេះ​។

លោក​ថា​៖ «​ឥឡូវនេះ​ខាង​ភាគី​ថៃ​គេ​ចង់​ស្នើ​រៀបចំ​ជា​សេចក្តីប្រកាស​រួមមួយ​ពាក់ព័ន្ធ​ការទប់ស្កាត់​បទល្មើស និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ព្រហ្មទណ្ឌ អ៊ីចឹង​ខាង​ភាគី​ថៃ​គេ​ដើរ​ជួប​គ្រប់​ប្រទេស​ទាំងអស់ ដើម្បី​ស្នើ​សុំឱ្យ​មានការ​គាំទ្រ​ទៅលើ​សេចក្តី​ប្រកាស​រួម​ដែល​ខាង​ភាគី​ថៃ​ជា​អ្នកស្នើ និង​ផ្តួចផ្តើមឡើង​»​។

លោក​បន្តថា ការផ្តួចផ្តើម​ឱ្យមាន​ការប្រកាស​រួម​នីមួយៗ វា​ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់កាល ដែលមាន​ក្រុមការងារ​ត្រូវ​ជជែក​គ្នា បន្ទាប់មក​មាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ច្បាប់​អាស៊ាន ហើយ​ត្រូវ​ឆ្លង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ច្បាប់ និង​យុត្តិធម៌​អាស៊ាន​បន្តទៀត​។

លោក​ថា​៖ «​មុននឹង​ចេញ គេ​រៀបចំ​សិក្ខាសាលា​រួមមួយ​នៅ​ខែមីនា​ខាងមុខនេះ​ដើម្បី​ពិនិត្យមើល​លើ​ឯកសារ​ទាំងអស់នេះ​ពី​សារៈសំខាន់​ក្នុង​ការរៀបចំ​យន្តការ​ទាំងអស់​នេះ បន្ទាប់ពី​ដាក់​ឆ្លង​ច្រើន​ដំណាក់កាល​ទៀត​»​។

លោក​ក៏បាន​រៀបរាប់​ពី​សិទ្ធិ​នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ថា ជាទូទៅ​ប្រទេស​នីមួយៗ​មាន​សិទ្ធិ​ស្នើ ឬ​លើក​គម្រោង​ដែលជា​ប្រយោជន៍​សម្រាប់​ក្នុង​តំបន់ ហើយ​ប្រទេស​នោះ​ជា​អ្នក​ដឹកនាំ​ធ្វើការ​លើ​រឿងនេះ​។ ទៀតសោត ការស្នើ​នោះ​ត្រូវមាន​ការឯកភាព​ពី​ប្រទេស​នីមួយៗ ព្រោះ​ប្រទេស​ខ្លះ​គេ​យល់ព្រម ខណៈ​ប្រទេស​ខ្លះ​គេ​បដិសេធ​។ ​យ៉ាងណាមិញ​លោក​បាន​គូសបញ្ជាក់​ថា ទោះបី​ឯកសារ​នោះ​ផ្តួចផ្តើម​ដោយ​ភាគី​ថៃ​ក្តី ប៉ុន្តែ​ប្រទេស​ក្នុង​អាស៊ាន​ត្រូវអនុវត្ត​រួមគ្នា ដោយសារ​មុននឹង​ចេញប្រកាស​រួម​នេះ គឺ​មាន​ការ​ឯកភាព​ពី​សមាជិក​ក្នុង​តំបន់​រួចទៅហើយ​។

លោក ជិន ម៉ាលីន ថា ក្នុង​កិច្ចការ​សហការ​លើ​វិស័យ​យុត្តិធម៌​ព្រហ្មទណ្ឌ​នេះ មាន​យន្តការ​ច្រើន​ដែល​ត្រូវអនុវត្ត​​រួមគ្នា រួមមាន​ការទប់ស្កាត់​បទល្មើស ការអប់រំ ការផ្សព្វផ្សាយ ហើយ​មានការ​ផ្លាស់ប្តូរ​ទណ្ឌិត​គ្នា​ទៅវិញទៅមក មាន​ជំនួយ​ផ្នែក​ច្បាប់ និង​បត្យាប័ន​ជាដើម​។

លោក ជិន ម៉ាលីន បាន​គូសបញ្ជាក់​ផងដែរ​ថា សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​រួមចំណែក​កាត់បន្ថយ​បទល្មើស​ក្នុងប្រទេស និង​តំបន់​។

លោក​ថា​៖ «​ព្រោះ​បញ្ហា​ឧក្រិដ្ឋកម្ម​មិនមែនជា​បញ្ហា​របស់​ប្រទេសមួយ​ទេ គឺជា​បញ្ហា​តំបន់​ទាំងមូល ហើយ​ធម្មតា​មាន​ឧក្រិដ្ឋ​មួយ​កើតឡើង​នៅ​ប្រទេស​យើង ហើយ​រត់គេចខ្លួន​ទៅ​បណ្តា​ប្រទេស​ដទៃទៀត​បាន ដូចជា​ការលើកទឹកចិត្ត​ឱ្យ​ជនល្មើស កាន់តែ​ប្រព្រឹត្ត​បទល្មើស​ដោយសារ​មាន​កន្លែង​រត់គេច​។ អ៊ីចឹង​បើសិនជា​ប្រទេស​ទាំងអស់នេះ​សហការគ្នា មានន័យថា​ជនល្មើស​មិនអាច​រត់គេចខ្លួន​បាន ហើយ​មាន​យន្តការ​ទប់ស្កាត់ អ៊ីចឹង​គឺ​កាត់បន្ថយ​ឧក្រិដ្ឋកម្ម​បទល្មើស​ក្នុងប្រទេស​ផង និង​កាត់បន្ថយ​ក្នុង​តំបន់​ផង ជួនកាល​បទល្មើស​មាន​លក្ខណៈ​ឆ្លងដែន ព្រោះ​ករណីខ្លះ​មិនមែន​កើតមាន​នៅ​ប្រទេស​យើង​ទេ ប៉ះពាល់​ប្រទេស​យើង​ទេ ប៉ុន្តែ​វា​ប៉ះពាល់​ដល់​ឆ្លងដែន ដូច​ការចរាចរ​ឆ្លងដែន​ជួញដូរ​មនុស្ស​ពេល​ឆ្លងកាត់​ប្រទេស​ណា​ប៉ះពាល់​ប្រទេស​នោះ​ហើយ ​អ៊ីចឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​វា​សំខាន់​»​។

លោក​ថា កិច្ចសហប្រតិបត្តិការ​នេះ​នៅមាន​ការជជែក​ពិភាក្សា​បន្តទៀត​ទៅ​ថ្ងៃមុខ ព្រោះ​កម្ពុជា​ក៏ត្រូវ​ពិនិត្យ​ឯកសារ ឬ​ស្នើឱ្យ​មានការ​កែប្រែ​ខ្លឹមសារ​ផងដែរ ក្នុងករណី​ចាំបាច់​។

លោក​ថា​៖ «​ព្រោះ​យើង​នៅ​សិក្សា​លម្អិត​ទៀត ព្រោះនេះ​ជា​គំនិត​ផ្តួចផ្តើម​របស់គាត់ ប៉ុន្តែ​គឺ​យើង​នឹងមាន​ក្រុមការងារ​ដើម្បី​សិក្សា​លម្អិត​ទៅលើ​ឯកសារ និង​យន្តការ​ដែល​គាត់​ស្នើ​មក ហើយនឹង​ជជែក​គ្នា​ថា​មានការ​កែប្រែ​យ៉ាងម៉េច​ដើម្បី​បម្រើ​ប្រយោជន៍​តំបន់ អ៊ីចឹង​សួរថា​គាំទ្រ​ ឬ​មិន​គាំទ្រ មិនទាន់​អាច​ឆ្លើយ​បានទេ​»៕