មន្ត្រីជាន់ខ្ពស់​នៃ​កាកបាទក្រហម​កម្ពុជា​បាន​លើកឡើងថា អត្រា​បុរស​-​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ចាំបាច់​ត្រូវ​ទៅ​ទទួល​សេវា​ពិនិត្យ​ផ្ទៃពោះ ថែទាំ​ផ្ទៃពោះ និង​ការថែទាំ​ក្រោយពេល​សម្រាល មាន​ការធ្លាក់ចុះ ទោះបី​រាជរដ្ឋាភិបាល​ខិតខំ​ដោះស្រាយ​គោលនយោបាយ គាំពារ​សង្គម​ជួយ​ដល់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ក្នុង​បរិបទ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោកស្រី ប៊ុន រ៉ានី ប្រធាន​កាកបាទ​ក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី និង​កុមារ​បាន​លើកឡើង​ដូចនេះ​ក្នុង​សារលិខិត​នាឱកាស​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ២១ កុម្ភៈ ២០២២​។

ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ធ្វើឡើង​ក្រោម​ប្រធានបទ «​ពង្រឹង​ការផ្តល់សេវា​សុខភាព​បន្ត​ពូជ សុខភាព​មាតា ទារក និង​កុមារ និង​ការផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​មាតា​កំពុង​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​»​។

លោកស្រី​បានឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ​ ២០១៩ រហូត​មកដល់​ពេលនេះ សកលលោក​ទាំងមូល​ក្នុងនោះ​រួមទាំង​ព្រះរាជាណាចក្រ​កម្ពុជា​បានទទួល​រង​នូវ​ហានិភ័យ និង​ផលប៉ះពាល់​អវិជ្ជមាន​ពី​ការរាតត្បាត​នៃ​មេរោគ​កូវីដ ​១៩ មកលើ​វិស័យ​ជាច្រើន ជាពិសេស​ការយាយី​ដល់​អាយុជីវិត​មនុស្ស​។

ដោយឡែក​ក្នុង​វិស័យ​សុខភាព​វិញ​តាម​ឯកសារ​របស់​អង្គការ​សុខភាព​ពិភពលោក​នាពេល​ថ្មីៗ​នេះ​បានឱ្យដឹងថា នៅតាម​ប្រទេស​មួយចំនួន ជំងឺ​កូវីដ​ ១៩​ បាន​កាត់ផ្តាច់​សេវាកម្ម​សុខភាព​ជា​សារវ័ន្ត រួមទាំង​សេវាកម្ម​សុខភាព​មាតា ទារក និង​កុមារ​ផងដែរ​។

ការកាត់ផ្តាច់ ការទទួល​បាន​នូវ​សេវា​នេះ បណ្តាល​មកពី​មូលហេតុ​ចម្បង​ ២​ គឺ ទីមួយ កង្វះខាត​អ្នកផ្តល់​សេវា​សុខាភិបាល ព្រោះ​បុគ្គលិក​សុខាភិបាល និង​គ្រូពេទ្យ​ជាប់ដៃ​មមាញឹក​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩ ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត​អ្នកជំងឺ​កូវីដ​ ១៩​។ ទី​ពីរ​គឺ ការបិទខ្ទប់​នៅនឹងកន្លែង ដែល​ធ្វើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ជា​មាតា​មិនអាច ទៅ​ទទួល​សេវា​ពិនិត្យ​/​ថែទាំ​សុខភាព​បាន​។ ដោយសារ​មូលហេតុ​ចម្បង​ទាំង​ ២ ​នេះហើយ ដែល​ធ្វើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ជួប​ផលវិបាក​ផ្នែក​សម្ភព បង្ក​ការលំបាក​ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត​មាតា និង​ទារក​។

លោកស្រី ប៊ុន រ៉ានី បាន​បញ្ជាក់ថា៖ «​នៅ​កម្ពុជា​ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​ក្នុង​វិស័យ​សុខភាព​មាតា ទារក និង​កុមារ​នេះ​ទទួលរង​ប៉ះពាល់​យ៉ាងខ្លាំង ព្រោះថា​អត្រា​បុរស​-​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ចាំបាច់​ត្រូវ​ទៅ​ទទួល​សេវា​ពិនិត្យ​ផ្ទៃពោះ ថែទាំ​ផ្ទៃពោះ និង​ការថែទាំ​ក្រោយពេល​សម្រាល គឺមាន​ការធ្លាក់ចុះ​»​។

លោកស្រី​បន្តថា៖ «​ទោះបី​រាជរដ្ឋាភិបាល​ខិតខំ​ដោះស្រាយ​គោលនយោបាយ គាំពារ​សង្គម​ជួយ​ដល់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ឱ្យទទួល​បាន​នូវ​ការឧបត្ថម្ភ​ជីវភាព​រស់នៅ និង​ទទួលបាន​អត្ថប្រយោជន៍​ក្នុង​ការថែទាំ​សុខភាព ទទួល​បាន​នូវ​ការពិគ្រោះ ពិនិត្យ​ព្យាបាល​ជំងឺ ទទួល​របប​ឧបត្ថម្ភ​ពេល​សម្រាក​មាតុភាព ដើម្បី​ជួយ​ឱ្យ​គ្រួសារ​នីមួយៗ​អាច​រស់​នៅតាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​ ១៩ និង​ទទួលបាន​នូវ​សេវា​សុខភាព​ក៏ដោយ​»​។

ដោយសារ​ការធ្លាក់ចុះ​នេះ ទើប​កាកបាទ​ក្រហមកម្ពុជា និង​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​ដោយ​ចុះ​ជួប​ផ្ទាល់ និង​ដោយ​ប្រយោល​តាម​ប្រព័ន្ធ​ព័ត៌មាន​ស្តីពី​សារប្រយោជន៍​នៃ​ការពិនិត្យ​ផ្ទៃពោះ​, ការ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​, ការពិនិត្យ និង​ការថែទាំ​សុខភាព​មាតា​ និង​ទារក​ក្រោយ​សម្រាល​, ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ១១ ​មុខ​ដល់​កុមារ​, ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ​១៩ ជាដើម​។

លោកស្រី ប៊ុន រ៉ានីថា ក្នុង​ឆ្នាំ​ ២០២១ ខ្លឹមសារ​នៃ​សារ​គន្លឹះ​សំខាន់​ទាំងអស់នេះ បាន​ជា​ព័ត៌មាន​ទៅដល់​ផ្ទាល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កូនតូច​ចំនួន ៨ ៤៩៨ ​នាក់ រីឯ​ការជួយឧបត្ថម្ភ​ផ្នែក​ជីវភាព​ដល់​ស្ត្រី​សម្រាលកូន​រួច​សម្រេចបាន ២ ០៦៤ ​នាក់​។

លោកស្រី​បញ្ជាក់ថា៖ «​ក្នុងស្ថានភាព​បែបនេះ ខ្ញុំ​យល់ឃើញ​ថា យើង​ត្រូវការ​ចាំបាច់​ជាទីបំផុត​ការរួម​កម្លាំង​គ្នា និង​ការធ្វើ​តាម​គ្រប់​លទ្ធភាព​ដើម្បី​ពង្រឹង​ការផ្តល់សេវា​សុខភាព​បន្ត​ពូជ សុខភាព​មាតា ទារក និង​កុមារ និង​ការផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​មាតា​កំពុង​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ឱ្យបាន​ល្អប្រសើរ​ឡើងវិញ ឱ្យបាន​សមស្រប​ជាមួយនឹង​ប្រធានបទ​នៃ​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ឆ្នាំ​ ២០២២ ​នេះ​»​។

ជាមួយ​គ្នានេះ លោកស្រី​ក៏បាន​អំពាវនាវ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​សុខាភិបាល​អ្នកផ្តល់​សេវា​ទាំងអស់ រួមទាំង​សាខា​អនុសាខា​កាកបាទ​ក្រហមកម្ពុជា និង​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ ចូលរួម​គាំទ្រ ការអនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ឆ្ពោះទៅ​សម្រេចបាន​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។

លោកស្រី​ក៏​សូម​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ជាតិ និង​អន្តរជាតិ បន្ត​ជួយ​វិនិយោគ គាំទ្រ​ដល់​ការងារ​សុខភាព​មាតា ទារក និង​កុមារ ពិសេស​ជួយ​លើ​ការងារ​បណ្តុះបណ្តាល និង​វិក្រឹត្យការ​ដល់​មន្ត្រី​/​បុគ្គលិក​សុខាភិបាល អាជ្ញាធរ​មូលដ្ឋាន អ្នក​អប់រំ​ផ្សព្វផ្សាយ​នៅតាម​សហគមន៍ ឱ្យ​ទទួលបាន​ចំណេះដឹង និង​ជំនាញ​ពិតប្រាកដ​។

លោកស្រី ប៊ុន រ៉ានី បាន​លើកឡើង​ថា៖ «​ខ្ញុំ​ពិតជា​មាន​ក្តីសង្ឃឹម និង​ជឿជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បង្កើន​លទ្ធភាព​ថ្មីៗ​បន្ថែមទៀត​ក្នុងការ​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ស្ថានភាព​សុខភាព​មាតា ទារក និង​កុមារ​នៅ​កម្ពុជា​»៕