ប៉ៃលិនៈ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ប៉ៃលិន​ដាក់​ផែនការ​យុទ្ធសាស្ត្រ​ចំនួន ៤ គឺ​ការស្ថាបនា​អាង​ស្តុក​ទឹក និង​ពង្រីក​ប្រព័ន្ធធារាសាស្ត្រ ដើម្បី​ផ្គត់ផ្គង់​ទឹក​ដល់​វិស័យ​កសិកម្ម​ឱ្យបាន​គ្រប់គ្រាន់​ ខណៈ​វិស័យនេះ ​គឺជា​អាទិភាព​របស់​ខេត្ត​ដែលមាន​ប្រជាជន​ជាង​ ៧០ ​ភាគរយ​កំពុង​ប្រកបរបរ​កសិកម្ម​។

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​របស់​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន​កាលពី​ថ្ងៃទី​ ១៧ ខែកុម្ភៈ លោក ង៉ា លីហុង ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ប៉ៃលិន​ថ្លែងថា ប៉ៃលិន​ គឺជា​ខេត្ត​មួយដែល​មាន​សក្តានុពល​លើ​វិស័យ​កសិកម្ម ប៉ុន្តែ​នៅ​ខ្វះ​ទឹក ដើម្បី​ស្រោចស្រព​ដំណាំ​របស់​កសិករ​។

លោក​បន្តថា កាលពី​ឆ្នាំ​ ២០១៦ ​ខេត្ត​ប៉ៃលិន ប្រឈម​នឹង​ការខ្វះ​ទឹក​ខ្លាំង​ដែល​នៅពេល​នោះ​មន្ទីរ​ធនធានទឹក​បាន​ផ្តល់​អាទិភាព​ដំបូង​សម្រាប់​ការផ្គត់ផ្គង់​ទឹក​ប្រើប្រាស់​នៅក្នុង​ទីក្រុង ដូចជា​ផលិត​ទឹក​បរិភោគ និង​ប្រើប្រាស់​ប្រចាំថ្ងៃ​។

លោក​ថា​៖ «​នាពេលនោះ ខាង​មន្ទីរ​ស្នើឱ្យ​បងប្អូន​បន្ថយ​ការដាំដុះ ហើយ​ផ្ទៃដី​ដាំដុះ​មាន​ការថយចុះ ព្រោះ​ទឹក​អត់​គ្រប់ ដើម្បី​ទុក​ទឹក​មួយផ្នែកធំ​សម្រាប់​ប្រើប្រាស់ ដូច្នេះ​ការងារ​ធនធានទឹក​គឺ​យើង​ផ្តោត​សំខាន់​លើ​ការងារ​ទឹក​គ្រប់​វិស័យ​»​។

ប៉ុន្តែ​លោក​ថា មន្ទីរ​ធនធាន​ទឹក​បានធ្វើការ​អភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ​ចំនួន​ ៣ ​កន្លែង ដែល​បច្ចុប្បន្ន​មានលទ្ធភាព​ផ្គត់ផ្គង់​ទឹក​ធ្វើ​ស្រូវ​ជាង​ ៦ ៥០០ ហិកតា លើ​ផ្ទៃដី​ស្រូវ ១ ​ម៉ឺន​ហិកតា​។ ​មានន័យថា​ផ្គត់ផ្គង់​បាន​ប្រមាណ ៦៥ ​ភាគរយ​។ ផ្ទៃដី​នេះ កសិករ​មិនមែន​ធ្វើស្រែ ​១​ ដង​ក្នុង​ ១​ ឆ្នាំ​ដូច​លើក​មុន​ទេ​ពោល​ គឺ​កសិករ​កំពុង​ធ្វើ​ស្រូវ​ ៣ ​ដង​ក្នុង​ ១ ​ឆ្នាំ ទាំង​ស្រូវប្រាំង និង​ស្រូវវស្សា​លើ​ផ្ទៃដី​ដដែល​។ ទឹក​ទាំងនោះ​ក៏បាន​ស្រោចស្រព​ដំណាំ​ផ្សេងៗ​ទៀត​ក្រៅពី​ស្រូវ​រួមទាំង​ការចិញ្ចឹម​សត្វ ដំណាំ​បន្លែបង្ការ​ និង​ដំណាំ​កៅស៊ូ ស្វាយ​។ យ៉ាងណា​ក៏ដោយ លោក​បាន​គូសបញ្ជាក់ថា ទោះបី​មាន​ប្រព័ន្ធធារាសាស្ត្រ​ទាំងនេះ​ ប៉ុន្តែ​ការផ្គត់ផ្គង់​ទឹក​នៅ​ខេត្ត​ប៉ៃលិន អត់​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ។

លោក​ ង៉ា លីហុង ឱ្យដឹងថា ដើម្បី​ធានាឱ្យមាន​ទឹក​ប្រើប្រាស់​លើ​គ្រប់​វិស័យ​នៅ​ខេត្ត​ប៉ៃលិន មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​មាន​ផែនការ​ធំៗ​ចំនួន ៤ ដែល​កំពុង​អនុវត្ត​។ ផែនការ​ទី​ ១ តាម​យុទ្ធសាស្ត្រ គឺ​ការស្ថាបនា​អាង​ស្តុក​ទឹក ដែល​ជា​ប្រភព​ផ្គត់ផ្គង់​ទឹក​ដ៏មាន​សារៈសំខាន់​។

បច្ចុប្បន្ន​ក្រសួង​ធនធានទឹក​បាន​ស្ថាបនា​អាងទឹក​នៅ​ទូទាំង​ប្រទេស​បាន​ច្រើន ប៉ុន្តែ​នៅ​ប៉ៃលិន អត់​ទាន់​ចេញ​ជា​រូបរាង​នៅឡើយ​ទេ ខណៈ​មន្ត្រី​ជំនាញ​ធ្វើ​កិច្ចការ​នេះ អស់​រយៈពេល​ ៥​ ឆ្នាំ​ហើយ​។ មូលហេតុ​យឺតយ៉ាវ​នៃ​ការស្ថាបនា​អាង​ស្តុក​ទឹក​ដោយមាន​កត្តា ផ្សេងៗ​ដូចជា កត្តា​កូវីដ​ធ្វើឱ្យ​ដៃគូ​អភិវឌ្ឍន៍​ផ្អាក​គម្រោង​។

ផែនការ​ទី ​២ ពាក់ព័ន្ធ​ទិន្នន័យ ព្រោះ​ការកសាង​អាងទឹក​នីមួយៗ​ត្រូវការ​ទិន្នន័យ​ជល​សាស្ត្រ​ច្បាស់លាស់​ពី​ស្ថានភាព​ទឹក​ខ្ពស់បំផុត​ក្នុង​រយៈពេល ៤០ ទៅ​ ៥០ ឆ្នាំ ខណៈ​ខេត្ត​ប៉ៃលិន​អត់​មាន​ទិន្ន័យ​ផ្នែក​ជល​សាស្ត្រ​ទេ​។

លោក​ថា ការស្ថាបនា​អាងស្តុក​ទឹក​នេះ​មាន​តួនាទី​រំដោះ​ទឹកជំនន់​នៅ​រដូវវស្សា នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង គឺ​អាងទឹក​ស្រូបយក​ទឹក​មិនឱ្យ​ជន់​លិច​ខ្លាំង​។ «​អាងទឹក​នេះ​សម្រាប់​បញ្ចេញ​ទឹក​ដែល​យើង​ស្រូប​ក្នុង​រដូវវស្សា​ភ្លៀង​ច្រើន សម្រាប់​យកទៅ​ប្រើប្រាស់​ក្នុង​រដូវប្រាំង​វិញ​។ អ៊ីចឹង​ផែនការ​យុទ្ធសាស្ត្រ​ដ៏សំខាន់​គឺ​អាង​ស្តុក​ទឹក​»​។

ផែនការ​យុទ្ធសាស្ត្រ​ទី​ ៣ បង្កើត​ប្រព័ន្ធធារាសាស្ត្រ​ថ្មី តាម​ភូមិសាស្ដ្រ​ដែល​អាចធ្វើ​ទៅរួច ខណៈ​មន្ទីរ​មាន​ទិន្នន័យ​ក្នុង​ដៃ​ដែល​អាចធ្វើ​បាន​ថែម​ ១ ឬ​ ២ ​កន្លែង​ទៀត ដែល​កំពុង​សិក្សា​ជាមួយ​ភាគី​ចិន​។ សម្រាប់​ផែនការ​យុទ្ធសាស្ត្រ​ទី​ ៤ គឺ​ធ្វើការ​វាតទី​ក្នុង​ការប្រើប្រាស់​ទឹក​ឱ្យបាន​ពេញលេញ​គ្រប់​ប្រព័ន្ធ​ធារាសាស្ត្រ​ និង​គ្រប់​ប្រព័ន្ធ​អាងទឹក​ទាំងអស់ ដើម្បី​លៃលក​យ៉ាងណា​ឱ្យ​ទឹក​ដែល​យើង​មានប្រើប្រាស់​គ្រប់គ្រាន់​ និង​ទាន់ពេលវេលា​។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​លោក សាយ សុផាត បាន​ថ្លែងថា វិស័យ​កសិកម្ម​នៅក្នុង​ខេត្ត​មាន​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់​បើ​ប្រៀបធៀប​មុន​ឆ្នាំ ២០១៧ ។ ផ្ទៃដី​ដាំដុះ​នៅ​មុន​ឆ្នាំ ​២០១៧ មានតែ ៥៦ ០០០ ​ហិកតា ហើយ​បច្ចុប្បន្ននេះ​មាន​ការកើនឡើង​រហូត​ទៅដល់​ជាង ៧៧ ០០០ ​ហិកតា​។ លោក​ថា​៖ «​ក្នុងនោះ​កត់សម្គាល់​មានការ​កើនឡើង​នៃ​បរិមាណ​ផល​នៅក្នុង​ឆ្នាំ​ ២០១៧ មាន ៥៨ ០០០ ​ពាន់​តោន ក្នុង​ ១ ​ឆ្នាំ​រហូត​ដល់​ឆ្នាំនេះ​មាន​ការកើនឡើង​ជាង ៩ ​ម៉ឺន​តោន​និយាយ​តែ​ដំណាំ​រួមផ្សំ​ផ្សេងៗ​»​។ រីឯ​ដំណាំ​ស្រូវ​ឃើញ​ថា មាន​ការដាំដុះ​ស្រូវប្រាំង​ស្រូវវស្សា​រហូត​ទៅដល់​ជាង​ ១៤ ០០០ ​ហិកតា​។

ខេត្ត​ប៉ៃលិន មាន​ផ្ទៃដី​សរុប ១ ០៦២ គីឡូម៉ែត្រ​ការ៉េ​មាន​ពលរដ្ឋ​សរុប​ជាង​ ៧ ​ម៉ឺន​នាក់​។ សក្តានុពល​សេដ្ឋកិច្ច​របស់​ខេត្ត គឺ​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​៕