ស្ទឹងត្រែងៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង សម្រេច​ផ្ទេរតំណែង​ប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង និង​មន្ត្រី ​៤ ​នាក់​ផ្សេងទៀត​ឱ្យ​ទៅ​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​។ មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បានឱ្យដឹងថា ការផ្ទេរ​តំណែង​នេះ​មូលហេតុ​ចម្បង​អាច​បណ្តាល​មកពី​ការធ្វេសប្រហែស ដែលនាំឱ្យ​អ្នកទោស​ ៧ ​នាក់​ទម្លុះ​ជញ្ជាំង​រត់គេច​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​។

យោងតាម​លិខិត​ប្រកាស​របស់លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី ​១៦ ខែកុម្ភៈ បានសម្រេច​ផ្ទេរ​ភារកិច្ច​មន្ត្រី​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង​ចំនួន​ ៥ ​រូប ដែលមាន​ប្រធាន​ ១ ​រូប អនុប្រធាន​ ២ ​រូប និង​ ២ ​រូប​ទៀត ជា​ប្រធានការិយាល័យ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​មុខរបរ​ពន្ធនាគារ និង​ប្រធាន​ផ្នែក​ទិន្នន័យ និង​បណ្ណសារ​នៃ​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង​ឱ្យ​ទៅ​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​។

លិខិត​របស់លោក​ ស ខេង បាន​បញ្ជាក់ថា មន្ត្រី​ទាំង​ ៥​ រូប​រួមមាន លោក​ ឈុន ដារ៉ា ប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង លោក​ រស់ សុធា អនុប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង លោក​ ជា សុជាតិ អនុប្រធាន​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង លោក ​ប៉ិន សំអូន ប្រធាន​ការិយាល័យ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​មុខរបរ​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង និង​លោក​ លាង សំអឿន ប្រធាន​ផ្នែក​ទិន្នន័យ និង​បណ្ណសារ​នៃ​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​។

បើតាម​សេចក្តី​ប្រកាស​ដដែល រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​តែងតាំង​មន្ត្រី​ពន្ធនាគារ​ថ្មី​ចំនួន​ ២ ​រូប គឺ​លោក​ ប្រាជ្ញ សុភី ឱ្យ​កាន់​មុខតំណែង​ជា​ប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង និង​លោក​ រិទ្ធ ឌីណា ឱ្យ​កាន់តំណែង​ជា​អនុប្រធាន​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​។

ក្នុង​លិខិត លោក ស ខេង មិនបាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​ជុំវិញ​ការផ្ទេរ​តំណែង​ប្រធាន អនុប្រធាន និង​មន្ត្រី​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​ទាំងនោះ​ទេ​។ ភ្នំពេញ​ប៉ុស្តិ៍​ក៏​មិនអាច​ទាក់ទង​ទៅ​លោក​ នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បានដែរ​នៅ​ថ្ងៃទី​ ១៧ ខែកុម្ភៈ​។ ប៉ុន្តែ​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ម្នាក់​ដែល​សុំ​មិន​ឱ្យ​បញ្ចេញ​អត្តសញ្ញាណ​បាន​ឱ្យដឹងថា ការដកតំណែង​នេះ គឺអាច​បណ្តាល​មកពី​ការធ្វេសប្រហែស ដែល​ធ្វើឱ្យ​អ្នកទោស​ ៧ ​នាក់ បាន​ទម្លុះ​ជញ្ជាំង​រត់ចេញ​ពី​ពន្ធនាគារ​។

លោក​ថ្លែងថា​៖ «​ការដកតំណែង​នេះ​មិនមែន​ធ្វើឡើង​ដោយសារ​ដល់​អាណត្តិ​ត្រូវ​ផ្លាស់ប្តូរ​នោះទេ​។ ប៉ុន្តែ​អាច​បណ្តាលមកពី​ការ​ធ្វេសប្រហែស​របស់គាត់​បណ្តាល​ឱ្យមាន​អ្នកទោស​ទម្លុះ​ជញ្ជាំង​រត់គេចខ្លួន​បាន​កាលពី​ប៉ុន្មាន​ខែ​មុន​។ យ៉ាងណា ទោះជា​មាន​អ្នកទោស​រត់គេច​ក៏ដោយ​តែ​ពួកគាត់​​បាន​សហការ​ចាប់​មក​វិញ​បាន​ទាំងអស់​»​។

សូម​រំឭកថា នៅ​យប់​ថ្ងៃទី​ ៨ ខែវិច្ឆិកា ឆ្នាំ​ ២០២១ មាន​អ្នកទោស​ដែលជា​ឧក្រិដ្ឋជន​គ្រឿងញៀន​ចំនួន​ ៧ ​នាក់​បាន​វាយទម្លុះ​ជញ្ជាំង​ពន្ធនាគារ​រត់គេចខ្លួន ប៉ុន្តែ​ត្រូវបាន​ចាប់​មកវិញ​ទាំងអស់​នៅ​ថ្ងៃទី​ ១៧ ខែវិច្ឆិកា ឆ្នាំ​ ២០២១​។ ជុំវិញ​រឿង​អ្នកទោស​រត់គេចខ្លួន​នេះដែរ លោក ស ខេង បាន​បញ្ជា​ឱ្យធ្វើ​អធិការ​កិច្ច​ជាបន្ទាន់ ចំពោះ​បញ្ហា​ដែល​កើតឡើង​នោះ ទោះបី​ជា​អ្នកទោស​ត្រូវ​ចាប់បាន​មកវិញ​អស់​ក៏ដោយ​៕