ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​កិច្ចការពារ​ពី​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ​បន្ថែមទៀត បន្ទាប់ពី​សង្កេតឃើញថា​អំឡុងពេល​នៃ​ការបិទខ្ទប់​ក្រុងព្រះសីហនុ​ក្នុងពេល​កន្លងមក​ពលរដ្ឋ​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរខេត្ត​បាន​យ៉ាង​ល្អប្រសើរ​ដែល​ធ្វើឱ្យ​អត្រា​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩​ នៅក្នុង​ខេត្ត​ព្រះសីហនុ​មានការ​ថយចុះ​។

តាមរយៈ​ហ្វេសប៊ុក​រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​យប់​ថ្ងៃទី​ ១៨ ខែកុម្ភៈ បានឱ្យដឹងថា កន្លងមក​ដោយមាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ នៅក្នុង​ខេត្ត​ព្រះសីហនុ ជាពិសេស​ការឆ្លង​រាលដាល​នៅតាម​ទីផ្សារ​នានា​ដែលជា​ទីតាំង​ដែល​មាន​ការប្រមូលផ្តុំ រដ្ឋបាលខេត្ត​បានដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល​ដោយបាន​សម្រេច​បិទខ្ទប់​ក្រុងព្រះសីហនុ និង​មួយផ្នែក​នៃ​ក្រុង​ស្រុក​នានា ព្រមទាំង​ចេញ​សេចក្តី​សម្រេច​បិទ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ដំណើរការ​អាជីវកម្ម​ទីផ្សារ​នៅ​ទូទាំង​ខេត្ត ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ ​នៅក្នុង​សហគមន៍​។

រដ្ឋបាលខេត្ត​នេះ​បន្តថា ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​វិធានការ​រដ្ឋបាល​នៅក្នុង​ភូមិសាស្ត្រ​នៃ​ខេត្ត​ព្រះសីហនុ ទាំង​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរខេត្ត​បាន​យ៉ាង​ល្អប្រសើរ​ដែល​ធ្វើឱ្យ​អត្រា​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ខេត្ត​ព្រះសីហនុ​មាន​ការថយចុះ​ជា​លំដាប់​។

ដោយសារ​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩​ នៅក្នុង​ខេត្ត​មានការ​ថយចុះ រដ្ឋបាលខេត្ត​បានចេញ​សេចក្តីណែនាំ ស្តីពី​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅតាម​ផ្សារ​ដែលមាន​លក្ខណៈ​ប្រមូលផ្ដុំ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​។

បន្ទាប់ពី​ទទួលបាន​ការណែនាំ​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ អ្នកគ្រប់គ្រង និង​អាជីវករ​នៅតាម​ទីផ្សារ​ទាំងអស់​បាន​ចូលរួម​ធ្វើការ​រៀបចំ​កែលម្អ​ទីតាំង​លក់ដូរ​ឱ្យមាន​សណ្តាប់ធ្នាប់​របៀប​រៀបរយ មាន​សោភ័ណភាព អនាម័យ និង​គម្លាត​សុវត្ថិភាព កាត់បន្ថយ​ការឆ្លង​រាលដាល រហូត​មកទល់​បច្ចុប្បន្ន​បងប្អូន​បាន​បន្ត​ការលក់ដូរ​នៅក្នុង​ស្ថានភាព​ដ៏ល្អប្រសើរ​។

រដ្ឋបាលខេត្ត​ព្រះសីហនុ​បញ្ជាក់ថា​៖ «​រដ្ឋបាលខេត្ត​សូម​វាយតម្លៃ​ខ្ពស់ និង​លើកទឹកចិត្ត​ឱ្យ​បងប្អូន​បន្ត​អនុវត្ត​ទៅតាម​គោលការណ៍​ណែនាំ​របស់​រដ្ឋបាលខេត្ត និង​វិធានការ​របស់​ក្រសួង​សុខាភិបាល ព្រមទាំង​វិធានការ ៣. ​ការពារ ៣. ​កុំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សំដៅ​ទប់ស្កាត់​ការឆ្លង​រាលដាល​ឡើងវិញ​នៃ​ជំងឺ​កូវីដ ១៩ ជាពិសេស​មេរោគ​បំប្លែង​ថ្មី អូមីក្រុង​»៕