ឧត្តរមានជ័យៈ សត្វ​ទន្សោង​មួយ​ក្បាល​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជាប់អន្ទាក់​ហើយ​ព្រាន​វាយ​បន្ថែម​នៅក្នុង​ភូមិសាស្ត្រ​ព្រៃ​សន្លុង ភូមិ​គោកសំព័រ ឃុំ​លំទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ កាលពី​ថ្ងៃទី​ ១៨ ខែកុម្ភៈ ឆ្នាំ ២០២២​។

ក្រុម​ល្បាត​សង្ឃរុក្ខវ័ន​បានឱ្យដឹងថា សត្វ​ទន្សោង​នោះ​បាត់បង់​ជីវិត​ដោយសារ​ជាប់អន្ទាក់​ជើង​ក្រោយ​ផ្នែក​ខាងស្តាំ​ (​ដាច់​ពី​អន្ទាក់​) ​ត្រូវបាន​ឆ្កែ​ដេញ​ខាំ ហើយ​ម្ចាស់​ឆ្កែ​វាយ​ថែម​ធ្វើឱ្យ​បាត់បង់​ជីវិត​តែម្តង​។ បច្ចុប្បន្ន​សត្វ​នេះ​ត្រូវបាន​ដឹកយក​ទៅ​ទីស្នាក់ការ​កណ្តាល​សង្ឃរុក្ខវ័ន ដើម្បី​ធ្វើ​ពិធី​បង្សុកូល​ និង​បញ្ចុះ​នៅ​ទីនោះ​។

ក្រុម​ល្បាត​សង្ឃរុក្ខវ័ន​បញ្ជាក់ថា​៖ «​បាន​ជួបប្រទះ​សត្វ​ទន្សោង ​១ ​ក្បាល​ជាប់អន្ទាក់​ជើង​ក្រោយ​ខាងស្តាំ​ដាច់​កជើង​។ ក្រុមការងារ​យើង​បានឮ​សំឡេង​ឆ្កែ​ព្រុស​ក៏​ទៅ​មើលឃើញ​ជនល្មើស​កំពុង​តែ​វ៉ៃ​យក​ស្នែង​សត្វ​ទន្សោង​ឱ្យស្លាប់ ក្រុម​ជនល្មើស​មាន​គ្នា​ ៤​ ទៅ​ ៥​ នាក់ បានឃើញ​ក្រុមការងារ​យើង​មុន ក៏​គេចខ្លួន​បាត់ទៅ​»​។

ក្រុមការងារ​សង្ឃរុក្ខវ័ន​បញ្ជាក់​បន្ថែមថា សាកសព​សត្វ​ទន្សោង​នេះ​បាន​ដឹក​យកមក​បញ្ចុះ​បង្សុកូល​នៅ​ទីស្នាក់ការ​កណ្តាល​សហគមន៍​រួច​នៅវេលា​ម៉ោង​ ៦ និង ៤៥ ​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល​៕