ព្រះសីហនុៈ លោក ឡុង ឌីម៉ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ​ថ្លែងថា គណនេយ្យភាព​សង្គម​មាន​សារៈសំខាន់​ក្នុងការ​ចូលរួម​ចំណែក​ដល់​ការពង្រឹង​អភិបាលកិច្ច​នៅតាម​ថ្នាក់មូលដ្ឋាន និង​ជំរុញ​ការចូលរួម​របស់​ប្រជាពលរដ្ឋ ព្រមទាំង​សំខាន់​ក្នុង​ការផ្ដល់​សេវាសាធារណៈ សេវា​រដ្ឋបាល ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅក្នុង​មូលដ្ឋាន​។

លោក​ ឡុង ឌីម៉ង់ ​ថ្លែង​បែបនេះ​ក្នុងពេល​គណៈប្រតិភូ​គណៈកម្មាធិការ​គ្រប់គ្រង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណៈនេយ្យភាព​សង្គម បានធ្វើ​ដំណើរ​ទស្សនកិច្ច​ស្វែងយល់​អំពី​ការអនុវត្ត​ផែនការ​ការងារ​គណៈនេយ្យភាព​សង្គម​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ​ ២០២២​។

ការធ្វើ​ទស្សនកិច្ច​នេះ​មានការ​ចូលរួម​ពី​លោកស្រី ឃុន រចនា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា និង​ជា​សមាជិក គ.គ.អ.ស និង តំណាង​អង្គការ​ដៃគូ​។

លោក ឡុង ឌីម៉ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ​លើកឡើង​ថា គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​បានបង្ហាញ​ឱ្យឃើញ​នូវ​ឆន្ទៈ​ដ៏មោះមុត​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ចដំណើរការ​កំណែទម្រង់​រដ្ឋបាល​ថ្នាក់មូលដ្ឋាន ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ជំរុញ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​។

លោក​បញ្ជាក់ថា៖ «​គណនេយ្យភាព​សង្គម ក៏​ជា​ឧបករណ៍​ដ៏​មាន​សារៈសំខាន់​ក្នុងការ​ចូលរួមចំណែក​ដល់​ការពង្រឹង​អភិបាលកិច្ច​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់មូលដ្ឋាន និង​ធានា​ដល់​ការបង្កើត​នូវ​តម្លាភាព ជំរុញ​ការចូលរួម​របស់​ប្រជាពលរដ្ឋ ការយកចិត្ត​ទុកដាក់​លើ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ក្រុម​ជន​ងាយ​រងគ្រោះ​ក្នុង​ការធ្វើ​សេចក្តី​សម្រេចចិត្ត​លើ​ការវិភាជន៍ ការប្រើប្រាស់ និង​ការគ្រប់គ្រង​ធនធាន ព្រមទាំង​ការផ្ដល់​សេវាសាធារណៈ សេវា​រដ្ឋបាល ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅក្នុង​មូលដ្ឋាន​»​។

លោក​បន្ថែមថា ទន្ទឹមនេះ​រដ្ឋបាលខេត្ត​បាន​ខិតខំ​យកចិត្ត​ទុកដាក់​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យភាព​សង្គម​ដំណាក់កាល​ទី​ ២ (២០១៩-២០២៣) ឱ្យ​សម្រេចបាន​នូវ​គោលបំណង នៃ​កំណែទម្រង់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។

លោក​អភិបាលរង​ខេត្ត សង្ឃឹម​យ៉ាង​មុតមាំ​ថា លទ្ធផល​ដែល​ទទួលបាន​ពី​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​គណៈកម្មាធិការ​គ្រប់គ្រង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណៈនេយ្យភាព​សង្គម​ថ្នាក់ក្រោម​ជាតិ​នៅ​ខេត្ត​ព្រះសីហនុ​នាពេលនេះ​នឹង​ផ្ដល់​ជា​បទពិសោធន៍ និង​អនុសាសន៍​ល្អ​ដែលជា​ធាតុ​ចូល​ដ៏​សំខាន់​ដល់​ក្រុមការងារ​គណនេយ្យភាព​សង្គម ដើម្បី​ពង្រឹង និង​ពង្រីក​វិសាលភាព នៃ​ការអនុវត្ត​ការងារ​គណនេយ្យភាព​សង្គម​ឱ្យ​កាន់តែ​ទទួលបាន​លទ្ធផល​ប្រសើរ​ឡើង​នាពេល​អនាគត ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​៕