ខេត្តកំពតៈ រដ្ឋបាល​ខេត្តកំពត​នឹង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ (​ស៊ីណូវ៉ាក់​) ​ដូស​ជំរុញ ឬ ដូស​ទី​ ៣ ជូន​ដល់​កុមារ​ដែលមាន​អាយុ ៦ ​ឆ្នាំ ដល់​អាយុ​ក្រោម ១២ ​ឆ្នាំ និង​កុមារ​ដែលមាន​អាយុ​ ៥​ ឆ្នាំ ក្នុង​ខេត្តកំពត​ចាប់ពី​ថ្ងៃទី ២២ ខែកុម្ភៈ ខណៈ​ការចាក់​ដូស​មូលដ្ឋាន (​ដូស​ទី ​១ និង ដូស​ទី ​២) ជូន​ដល់​កុមារ​ដែលមាន អាយុ ៣ ​ឆ្នាំ ដល់​ក្រោម ៥ ​ឆ្នាំ ចាប់ពី​ថ្ងៃទី​ ២៣ ខែកុម្ភៈ ឆ្នាំ​ ២០២២​។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តកំពត​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ១៩ ខែកុម្ភៈ​នេះ​បានឱ្យដឹងថា រដ្ឋបាល​ខេត្តកំពត​នឹង​ផ្តល់​ការចាក់​វ៉ាក់សាំង ដូស​ជំរុញ ឬ ដូស​ទី​ ៣ ដោយ​ប្រើ​វ៉ាក់សាំង ស៊ីណូវ៉ាក់​ជូន​ដល់​កុមារ ដែលមាន​អាយុ​ ៦ ​ឆ្នាំ ដល់​អាយុ​ក្រោម ១២ ​ឆ្នាំ និង កុមារ​ដែលមាន​អាយុ ៥ ឆ្នាំ ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ទី​ ១ និង ដូស​ទី ​២ រួចរាល់ ហើយ​មាន​គម្លាត​ចាប់ពី​ ៤ ​ខែ​ឡើង បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​ដូស​ទី​ ២ រួច​។

ក្នុង​លិខិត​ជូនដំណឹង​បង្ហាញថា ការចាក់​វ៉ាក់សាំង​នេះ​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ​ ២០២២ នេះ​តទៅ​ពី​ម៉ោង ​៨ ដល់​ម៉ោង ​១៧ (​ដោយ​ឈប់សម្រាក​អាហារ​ថ្ងៃត្រង់​ចន្លោះ​ម៉ោង​ ១២ ដល់​ម៉ោង ​១៤ នាទី​រសៀល​) ហើយ​ពុំមាន​ការឈប់​សម្រាក ថ្ងៃ​សៅរ៍​-​អាទិត្យ និង ថ្ងៃបុណ្យ​ឡើយ​។

រដ្ឋបាល​ខេត្តកំពត​បញ្ជាក់​ថា​៖ «​សូមមេត្តា​រួសរាន់​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ឱ្យបាន​គ្រប់គ្នា​ និង​យកមក​ជាមួយ​នូវ​បណ្ណ​ចាក់​វ៉ាក់សាំង​លើក​មុន ដើម្បីឱ្យ​ក្រុមគ្រូពេទ្យ​បន្ត​បញ្ចូល​ទិន្នន័យ​ក្នុង​ប្រព័ន្ធគ្រប់គ្រង​ការចាក់​វ៉ាក់សាំង ហើយ​សូម​ប្រកាន់​ភ្ជាប់​នូវ​វិធានការ ៣ ការពារ និង ៣ ​កុំ និង​រក្សា​សណ្តាប់ធ្នាប់​របៀបរៀបរយ​ឱ្យបាន​ល្អប្រសើរ​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​»​។

រដ្ឋបាល​ខេត្តកំពត​សង្ឃឹម​ និង​ជឿជាក់ថា កុមារ-​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតា-​បិតា និង​អាណាព្យាបាល​ទាំងអស់​ក្នុង​ខេត្តកំពត​នឹង​នាំ​កូន ក្មួយ បង ប្អូន មកចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ការពារ​សុខភាព​រួមចំណែក​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ​ក្នុង​សហគមន៍​ជាពិសេស​ប្រភេទ​វីរុស​បំប្លែង​ខ្លួន​ថ្មី​។

ដោយឡែក​ការចាក់​វ៉ាក់សាំង​កូវីដ ១៩ (​ស៊ីណូវ៉ាក់​) ដូស​មូលដ្ឋាន (​ដូស​ទី​ ១ និង ដូស​ទី​ ២) ជូន​ដល់​កុមារ​ដែលមាន​អាយុ ៣ ​ឆ្នាំ ដល់​ក្រោម ៥ ​ឆ្នាំ នៅក្នុង​ខេត្តកំពត​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ២៣ ខែកុម្ភៈ ឆ្នាំ​ ២០២២​។

រដ្ឋបាល​ខេត្តកំពត​បាន​រំឭក មាតាបិតា អាណាព្យាបាល​ទាំងអស់​ឱ្យ​នាំ​កុមារ​ដែលមាន​អាយុ ​៥​ ឆ្នាំ មកចាក់​វ៉ាក់សាំង​នៅតាម​ទីតាំង​ដែល​កំណត់​ក្នុង​តារាង​ដែល​បង្ហោះ​ក្នុង​ហ្វេសប៊ុក​រដ្ឋបាលខេត្ត និង សូម​យកមក​ជាមួយ​នូវ​៖ សំបុត្រកំណើត ឬ សំបុត្រ​បញ្ជាក់​កំណើត ឬ សៀវភៅ​គ្រួសារ ឬ សៀវភៅ​ស្នាក់នៅ ឬ លិខិតបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន ដើម្បីឱ្យ​ក្រុម គ្រូពេទ្យ​ធ្វើ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ជូន​ និង​បញ្ចូល​ទិន្នន័យ​ក្នុង​ប្រព័ន្ធគ្រប់គ្រង​ការចាក់​វ៉ាក់សាំង ហើយ​សូម​ប្រកាន់​ភ្ជាប់​នូវ​វិធានការ ៣ ​ការពារ និង ៣ ​កុំ និង រក្សា​សណ្តាប់ធ្នាប់​របៀបរៀបរយ​ឱ្យបាន​ល្អប្រសើរ​ប្រកប​ដោយ​សេចក្តីថ្លៃថ្នូរ​។

រដ្ឋបាល​ខេត្តកំពត សង្ឃឹម​ និង​ជឿជាក់ថា អាណាព្យាបាល​ទាំងអស់​នឹង​យកចិត្ត​ទុកដាក់​នាំ​កូន​មកចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ការពារ​សុខភាព រួមចំណែក​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ក្នុង​សហគមន៍​៕