ពោធិ៍សាត់ៈ អភិបាលខេត្ត​ពោធិ៍សាត់ បាន​ណែនាំ​ដល់​អង្គភាព​ច្រក​ចេញចូល​តែ​មួយ ត្រូវ​ពិនិត្យ​ឡើង​វិញ ចំពោះ​ស្លាក​ផ្សព្វផ្សាយ​ផ្សេងៗ​ប៉ាណូ​អចល័ត​ដែល​មាន​សភាព​ចាស់ រហែក ដោយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​រុះរើ​ចេញ និង​រៀបចំ​ដាក់​ពាក្យ​ស្នើ​សុំ​ថ្មី យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ២០២២។

លោក ជាវ តាយ អភិបាល​ខេត្តពោធិ៍សាត់ នៅ​ថ្ងៃទី​១៨ ខែ​កុម្ភៈ បាន​ណែនាំ​ដល់​អង្គភាព​ច្រកចេញចូល​តែ​មួយ ត្រូវ​ពិនិត្យ​ឡើង​វិញ ចំពោះស្លាក​ផ្សព្វផ្សាយ​ផ្សេងៗ តាម​ប៉ាណូ​អចល័ត ដែល​មាន​សភាព​ចាស់ រហែក​ឱ្យ​ក្រុមហ៊ុន​ត្រូវ​រុះរើ​ចេញ និង​រៀបចំ​ដាក់​ពាក្យ​ស្នើ​សុំ​ថ្មី យ៉ាងយូរថ្ងៃទី​១ ខែ​មីនា ឆ្នាំ ២០២២។

លោកថា ចំពោះ​ករណី​ប៉ាណូ​កាត់​ទទឹង​ផ្លូវ ត្រូវ​ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន ធ្វើ​យ៉ាងណា​រៀបចំ​ឱ្យ​មាន​ស្លាក​សញ្ញា ចង្អុល​បង្ហាញ​ទិសដៅ ឆ្ពោះ​ទៅ​តាម​បណ្ដា​ខេត្ត ក្រុង ស្រុក​នានា​ឱ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ចូលរួម​លើក​កម្ពស់​សោភ័ណភាព​ខេត្ត។

លោក​អភិបាល​ខេត្ត​បាន​ណែនាំ​បែប​នេះ ក្នុង​ឱកាស​ដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ ស្តីពី​ការ​រៀបចំការ​លើក​ស្លាក​ប៉ាណូ​អចល័ត គ្រប់​ទី​តាំង​ទាំងអស់ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ ដោយ​មាន​ការ​ចូលរួម​ពី លោក​នាយក​រដ្ឋបាល​សាលាខេត្ត លោក​នាយក​ទី​ចាត់​ការ​អន្តរវិស័យ ប្រធាន​អង្គភាព​ច្រកចេញ​ចូល​តែ​មួយ និង​លោក លោកស្រី នាយក និង​តំណាង​ក្រុមហ៊ុន​ជាច្រើន​នាក់ទៀត។

លោក ថន សុភារុណ ប្រធាន​អង្គភាព​ច្រកចេញចូល​តែមួយ ថ្លែងថា បច្ចុប្បន្ននេះ​ស្ថានភាព​ជាក់ស្ដែង នៃ​ចំនួន​ទីតាំង​ស្លាក​ប៉ាណូ​អចល័ត ដែល​បាន​លើក​ស្លាក​រួច​ហើយ ដោយ​មួយ​ចំនួន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ថ្មី មួយ​ចំនួន​ផុត​សុពលភាព និង​មួយ​ចំនួន​ទៀត​ពុំ​មាន​លិខិត​អនុញ្ញាតត្រឹម​ត្រូវ ពី​រដ្ឋបាល​ខេត្ត​នោះ​ទេ។

លោក​ប្រធាន​អង្គភាព​ច្រកចេញចូល​តែមួយ បញ្ជាក់​ថា នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ មាន​សរុប​ចំនួន ២៤១​ស្លាកប៉ាណូ មាន​ទំហំ​សរុបស្មើ ៩៥០០,២៨ ម៉ែត្រការ៉េ ផ្សព្វផ្សាយ ពាណិជ្ជកម្ម​ដោយ​ក្រុមហ៊ុន ចំនួន ២៩​ក្រុមហ៊ុន/ស្ថាប័ន។ ក្នុង​នោះ​ក្រុមហ៊ុន​ដែល​បាន​ដាក់​ពាក្យស្នើ​សុំ​ថ្មី មាន​ចំនួន ៤​ទីតាំង បាន​មក​ដាក់​ពាក្យ​ស្នើសុំ​បន្ត​លិខិត​អនុញ្ញាត និង​ក្រៅ​ពី​នោះ​ក្រុមហ៊ុន/ស្ថាប័ន សុទ្ធតែ​ពុំ​មាន​លិខិត​អនុញ្ញាត ដែល​ចេញ ដោយ​រដ្ឋបាល​ខេត្ត ស្រប​តាម​នីតិវិធី ដែល​តម្រូវ​ឱ្យ​អ្នក​ស្នើ​សុំ មក​ដាក់​ពាក្យ​ស្នើសុំ នៅ​អង្គភាព​ច្រកចេញ​ចូល​តែ​មួយ​នោះ​ទេ។

បន្ទាប់ពី​តំណាង​ក្រុមហ៊ុន/ស្ថាប័ន បាន​មាន​មតិចូលរួម​ពិភាក្សា និង​លើក​ពី​បញ្ហា​នានា ជុំវិញ​ការ​រៀបចំ​លើក​ស្លាក​ប៉ាណូ​អចល័ត​ឱ្យ​ស្រប​តាមលក្ខណៈ​បច្ចេកទេស និង​មាន​លិខិត​អនុញ្ញាត​ត្រឹមត្រូវ​នោះ​រួច​មក លោក ជាវ តាយ បាន​មាន​មតិបូក​សរុប និង​បាន​ដាក់​ចេញ នូវ​អនុសាសន៍​សំខាន់ៗ​មួយ​ចំនួន​ដូចតទៅ៖

ទី១ រដ្ឋបាលខេត្ត និង​អង្គភាព​ច្រកចេញ​ចូលតែមួយ ត្រូវ​រៀបចំ​សេចក្ដី​ជូន​ដំណឹង ទៅ​ក្រុមហ៊ុន/ស្ថាប័ន ដើម្បី​ឱ្យ​មក​ដាក់​ពាក្យ​ស្នើ​សុំ​បន្ត និង​ស្នើសុំ​ថ្មី​ឱ្យ​បាន​យ៉ាងយូរ ត្រឹម​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ ២០២២។

ទី២ តំណាង​ក្រុមហ៊ុន/ស្ថាប័ន ដែល​បាន​ចូលរួម​កិច្ច​ប្រជុំនេះ ត្រូវ​រាយការណ៍​ជូន ប្រធាន​ក្រុមហ៊ុន/ស្ថាប័ន ដើម្បី​ចូលរួម​បំពេញ​កាតព្វកិច្ចច្បាប់ ដោយ​អនុវត្ត​ការងារ ដាក់​ពាក្យ​ស្នើ​សុំ​លិខិត​អនុញ្ញាត​លើក​ស្លាក​ប៉ាណូ​អចល័ត នៅ​អង្គភាព​ច្រកចេញ​ចូល​តែ​មួយ ស្រប​តាម​នីតិវិធី នៃអនុក្រឹត្យ និង​ប្រកាស​អន្តរក្រសួង​ផ្សេងៗ ដែល​បាន​ណែនាំ។

ទី៣ អង្គភាព​ច្រកចេញ​ចូល​តែមួយ ត្រូវ​ពិនិត្យ​ឡើង​វិញ ចំពោះ​ករណី​ប៉ាណូ​កាត់​ទទឹង​ផ្លូវ ត្រូវ​ទំនាក់ទំនង និង​ធ្វើ​យ៉ាង​ណា ឱ្យ​ក្រុមហ៊ុនរៀបចំ​ឱ្យ​មាន​ស្លាក​សញ្ញា ដែល​ចង្អុល​បង្ហាញ​ទិសដៅ ទៅ​តាម​បណ្ដា​ខេត្ត ក្រុង ស្រុក​នានា ដើម្បី​ចូលរួម​លើក​កម្ពស់​សោភ័ណភាព។

ទី៤ ចំពោះ​ស្លាក​ផ្សព្វផ្សាយ​ផ្សេងៗ តាម​ប៉ាណូ​អចល័ត ដែល​មាន​សភាព​ចាស់ រហែក ក្រុមហ៊ុន​ត្រូវ​រុះរើ​ចេញ និង​រៀបចំ​ដាក់​ថ្មី។

និង ទី៥ ក្នុងករណី​ម្ចាស់​ក្រុមហ៊ុន/ស្ថាប័ន មិន​បាន​មក​ទំនាក់ទំនង​រដ្ឋបាល​ខេត្ត ឬ​អង្គភាព​ច្រកចេញចូល​តែ​មួយ តាម​កាល​កំណត់​ទេ​នោះ រដ្ឋបាល​ខេត្ត​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល ស្រប​តាម​ច្បាប់​ដែល​មាន​ជា​ធរមាន៕