សៀមរាបៈ អាជ្ញាធរជាតិ​អប្សរា និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន (JICA) ពិភាក្សា​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល(Digital) លើ​សេវាកម្ម​ទេសចរណ៍ នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​រៀបចំ​ទីក្រុង​ឆ្លាត (Smart City) នៅខេត្តសៀមរាប។

កិច្ច​ពិភាក្សា​នេះ​ធ្វើ​ឡើង​នា​ថ្ងៃទី​១៨ ខែ​កុម្ភៈ រវាង​លោក ហង់ ពៅ អគ្គនាយក​នៃ​អាជ្ញាធរជាតិ​អប្សរា និង​លោក Kai Kurimoto ប្រតិបត្តិករ​គោល​នយោបាយ និង​ផែនការ​ផ្នែក​ដឹក​ជញ្ជូន នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​ទីក្រុង តំណាង​ទីភ្នាក់ងារ JICA ជប៉ុន​ប្រចាំ​កម្ពុជា។

អាជ្ញាធរជាតិ​អប្សរា​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​ថា ៖«នៅ​ក្នុង​ជំនួប​នេះ បាន​ពិភាក្សា​ផ្តោត​សំខាន់​ទៅ​លើ​ការ​ប្រើប្រាស់ Digital របស់​គម្រោង​ទីក្រុង​ឆ្លាត (Smart City) សម្រាប់​ទីក្រុង​សៀមរាប នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ការ​ប្រើប្រាស់​ប្រព័ន្ធ Digital ជាពិសេស​លើ​សេវាកម្ម​ទេសចរណ៍»។

តាមហ្វេសប៊ុក​ដដែល​លោក ហង់ ពៅ បាន​ពន្យល់​ថា ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​សេវាកម្ម​ទេសចរណ៍​លក្ខណៈ Digital និង​រាល់​ការ​អភិវឌ្ឍនៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ចាំបាច់​ត្រូវ​ឆ្លង​កាត់​ការ​សិក្សា ពិនិត្យ វាយ​តម្លៃ​អំពី​ផល​ប៉ះពាល់​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ព្រម​ទាំង​ដាក់​ឆ្លង​មតិយោបល់​អ្នក​ជំនាញ​ចំពោះ​កិច្ច​របស់​គណៈកម្មាធិការ​ អាយស៊ីស៊ី-អង្គរ៕