សៀមរាបៈ អាជ្ញាធរជាតិ​អប្សរា​ដាក់​ឱ្យ​ដំណើរការ​គេហទំព័រ​ទម្រង់​ថ្មី​ចាប់​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ ២០២២ តទៅ ដើម្បី​អបអរសាទរ​ខួប​២៧ឆ្នាំ នៃ​ការ​បង្កើត​អាជ្ញាធរ​ជាតិ​អប្សរា។

តាម​រយៈលិខិត​របស់​អាជ្ញាធរជាតិ​អប្សរា​ដែល​ភ្នំពេញ​ប៉ុស្តិ៍ ទទួល​បាន​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​នេះ​បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ ២០២១ កន្លងមក អាជ្ញាធរជាតិ​អប្សរា បាន​ចាប់​ផ្តើម​កែ​លម្អ​គេហទំព័រ​ដែល មាន​អាសយដ្ឋាន www.apsaraauthority.gov.kh។

បច្ចុប្បន្ន​គេហទំព័រ​នេះ​ ត្រូវ​បាន​កែ​សម្រួល រួច​រាល់​ជា​ស្ថាពរ ក្នុង​នោះ​បាន​បញ្ចូល​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ដូចជា លិខិត​បទដ្ឋាន​គតិយុត្តនានា​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ជាតិ​អប្សរា ឯកសារ​ទិន្នន័យ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ព័ត៌មាន​អំពី​ប្រាសាទ​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ រចនាសម្ព័ន្ធ​គ្រប់គ្រង​អាជ្ញាធរជាតិ​អប្សរា កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ព្រឹត្តិការណ៍​សំខាន់ៗ​នៅ​តំបន់​រមណីយដ្ឋានអង្គរ​និង សារព័ត៌មាន​ពាក់​ព័ន្ធ​ដែល​បាន​សហការ​ចុះ​ផ្សាយ​ការ​ងារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា។

អាជ្ញាធរជាតិ​អប្សរា​បញ្ជាក់​ថា៖ «ក្នុង​ន័យ​នេះ អាជ្ញាធរជាតិ​អប្សរា​នឹង​ដាក់​ឱ្យ​ដំណើរការ​គេហទំព័រ​ទម្រង់​ថ្មី​ចាប់​ពី​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ ២០២២ តទៅ ដើម្បី​អបអរសាទរ​ខួប ២៧​ឆ្នាំ នៃ​ការ​បង្កើត​អាជ្ញាធរ​ជាតិ​អប្សរា»។

ទន្ទឹម​នឹង​ការ​ដាក់​ឱ្យ​ដំណើរការ​គេហទំព័រ​ទម្រង់​ថ្មី​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​និង​កំពុង​ធ្វើ​ការ​កែសម្រួល​គេហទំព័រ​អង្គរ​ផងដែរ (angkor.com.kh) ហើយ​នឹង​បង្កើត​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​ចំនួន​ទៀត​នា​ពេល​ខាង​មុខ​រួមមាន៖ Instagram, LinkedIn, Telegram Chanel និង APSARA Newsletter ក្នុង​គោលដៅ​ដើម្បី​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​អាជ្ញាធរជាតិ​អប្សរា​កាន់​តែ​មាន​ភាពទូលំទូលាយ​បន្ថែម​ទៀត៕