បាត់ដំបងៈ លោក ស ខេង ជំរុញឱ្យអាជ្ញាធរខេត្តបាត់ដំបងគ្រប់លំដាប់ថ្នាក់ ដោះស្រាយទំនាស់ដីធ្លីប្រកបដោយតម្លាភាព និងយុត្តិធម៌ ព្រមទាំងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ពិសេសក្រុមប្រឹក្សាឃុំសង្កាត់ ស្មៀនឃុំសង្កាត់ ប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងមេភូមិ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំ និងសមាជិកសមាជិការគណបក្សដែលស្ថិតក្នុងមុខតំណែងសាធារណៈផ្សេងៗនៅតាមមូលដ្ឋានខេត្តបាត់ដំបង ឱ្យបន្តខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យបានល្អ រួមគ្នាដោះស្រាយភាពអសកម្មទាំងឡាយដែលប៉ះពាល់ដល់ប្រយោជន៍ជាតិ និងប្រជាជន។
ក្នុងនោះរាប់ទាំងការដោះស្រាយបញ្ហារំលោភដីព្រៃលិចទឹកជាប់បឹងទន្លេសាប ចាប់ពីស្រុកមោងឬស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល។ លោក ស ខេង បានណែនាំឱ្យផ្ដល់ព័ត៌មានជូនលោកអំពីបញ្ហានេះ ដើម្បីចូលរួមចំណែកជំរុញការដោះស្រាយទៅតាមយន្តការដែលអាចធ្វើទៅបាន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញបែបនេះ ក្នុងសន្និបាតបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ ២០២១ និងលទ្ធផលអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែកុម្ភៈនេះ។
ជាមួយគ្នានោះ លោក ស ខេង ក៏បានជំរុញឱ្យខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ពិសេសក្រុមប្រឹក្សាឃុំសង្កាត់ ស្មៀនឃុំសង្កាត់ ប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងមេភូមិ។ បន្ថែមលើនោះ លោកក៏បានផ្ដល់អនុសាសន៍ជំរុញការដោះស្រាយទំនាស់ដីធ្លីប្រកបដោយតម្លាភាព និងយុត្តិធម៌៕