កែបៈ រដ្ឋបាល​ខេត្ត​កែប ប្រកាស​ឱ្យ​ម្ចាស់​ក្រុមហ៊ុន ពាណិជ្ជករ អាជីវករ សេវាករ ដែល​ប្រកប​អាជីវកម្ម ​សេវាកម្ម ​ពាក់ព័ន្ធ​វិស័យ​ព័ត៌មាន ទៅ​បំពេញ​សំណុំ​បែបបទ​បង់ថ្លៃ​សេវា​ផ្សព្វផ្សាយ សុំ​ការ​អនុញ្ញាតបើក​ថ្មី ឬ​បន្ត​សុពលភាព ​សម្រាប់​ឆ្នាំ​ ២០២២ ឱ្យ​បាន​មុន​ថ្ងៃទី ២៩​ មេសា ​ឆ្នាំ ២០២២។

លិខិត​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​កែប ដែល​ភ្នំពេញ​ប៉ុស្តិ៍ ​ទទួល​បាន​ នៅ​ថ្ងៃទី១៩ ​កុម្ភៈ ឱ្យ​ដឹង​ថា ​ចំពោះ​លោក​លោក​ស្រី ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ ពាណិជ្ជករ ​អាជីវករ​ សេវាករ ​ដែល​ប្រកប​អាជីវកម្ម ​សេវាកម្ម ​ពាក់ព័ន្ធ​វិស័យ​ព័ត៌មាន ​មាន​ដូចជា ​ស្ថានីយ​វិទ្យុ ​ទូរទស្សន៍ ​និង​ទូរទស្សន៍​ខ្សែ​កាប ​សហគ្រាស ​ឬ ​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ ​និង​រោងពុម្ព ​បោះពុម្ព​ដោយ​ដៃ​(អូសស្បៃ) ​បោះពុម្ព​លើ​អាវ​យឺត ​ធៀបការ ​អគារ​លក់​កាសែត ​សៀវភៅ ​និង​ផលិតផល​បោះពុម្ព​ផ្សេងៗ​ទៀត ​អគារ​លក់ ​និង​ជួសជុល​ម៉ាញ៉េ ​វិទ្យុ ​ទូរទស្សន៍ ​អាំភ្លឺ​ មេក្រូរ៉ូណេអូ ​អគារលក់ ​និង​ជួស​ជុល​កុំព្យូទ័រ ​និង​បរិក្ខារ​គ្រប់ប្រភេទ ​អគារ​ថត​ចម្លង​ឯកសារ ​វាយ​កុំព្យូទ័រ​(អត្ថបទ) ​និង​បោះពុម្ព​ផ្សេងៗ ​អគារ​លក់ ​និង​ជួសជុល​ម៉ាស៊ីន​ថត​ ម៉ាស៊ីន​ថត​ចម្លង ​Internet Caté។

អាជីវកម្ម​សេវាកម្ម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់ប្រភេទ​ តាម​រយៈ ​អាហ្វីស ​ប៉ាណូ ​ប័ណ្ណ​ប្រកាស ​ប៉ាណូ​យីហោ ​ស្លាក​សញ្ញា​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ ​តាម​ទី​សាធារណៈ​និង​ជាប់​អគារពាណិជ្ជកម្ម ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍ ​(LED) ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ​តាម​អត្រា​ពាណិជ្ជកម្ម ​ក្រុមហ៊ុន ​ធនាគារ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ​និង​ស្ថានីយ​ប្រេង​ឥន្ធនៈ​នានា និង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ទីសាធារណៈ ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​មធ្យោបាយ​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ ​(រថយន្ត ​ម៉ូតូ ​រ៉ឺម៉ក។ល។) ​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ គេហទំព័រ​ កាសែត ​ព្រឹត្តិបត្រ ​ទស្សនាវដ្ដី ​វិទ្យុ ​ទូរទស្សន៍​និង​ទូរទស្សន៍​ខ្សែកាប។

លោក​-លោកស្រី ​ដែល​ប្រកប​អាជីវកម្ម​ ដូចបាន​ជម្រាប​ជូន​ខាង​លើ​នេះ ​សូម​មក​បំពេញ​សំណុំ​បែប​បទបង់ថ្លៃ​សេវា​ផ្សព្វផ្សាយ ​សុំ​ការអនុញ្ញាត​បើក​ថ្មី ​ឬ​បន្ត​សុពលភាព ​សម្រាប់​ឆ្នាំ២០២២។ ក្នុង​ករណី​ខកខាន​មិន​បាន​បង់​សេវា​កាល​ពី​ ឆ្នាំ២០១៩ បន្ត​បន្ទាប់​រហូត​មក​ដល់​ ឆ្នាំ​២០២២​ នេះ។ រដ្ឋបាល​ខេត្ត​កែប ស្នើ​សុំ​ដល់​ លោក​-លោកស្រី ​ដែល​ប្រកប​អាជីវកម្ម ​ត្រូវ​មក​បង់ប្រាក់​ថ្លៃ​សេវាផ្សព្វ​ផ្សាយ​សរុប​ចូល​រដ្ឋ តាម​ច្បាប់ ​ដែល​បាន​កំណត់​នៅ​អង្គភាព​ច្រកចេញ​ចូល​តែ​មួយ​របស់​រដ្ឋបាល​ខេត្ត ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​បរិវេណ​សាលា​ខេត្ត​កែប។

ដោយ​ឡែក ​ស្លាក​យីហោ ​ឬ​ស្លាក​សញ្ញា​ផ្សេងៗ ​ដែល​មាន​ទំហំ​ក្រោម ​៤ម៉ែត្រ​ការ៉េ​ចុះ ហើយ​ជាប់​នឹងអគារ​ពាណិជ្ជកម្ម ​លោក​-លោកស្រី ​ត្រូវ​សុំ​ការអនុញ្ញាត ​នៅ​ការិយាល័យ​ច្រកចេញ​ចូល​តែ​មួយ ​របស់​រដ្ឋបាល​ក្រុង​-ស្រុក ​លើក​លែង​តែ​នៅ​តាម​សាធារណៈ​ ត្រូវ​សុំ​ការអនុញ្ញាត​នៅ​អង្គភាព​ច្រក​ចេញ​ចូល​តែ​មួយ របស់​រដ្ឋបាល​ខេត្ត​កែប។

រដ្ឋបាល​ខេត្ត​កែប​បញ្ជាក់​ថា​៖«ក្នុង​ករណី​ម្ចាស់​ក្រុមហ៊ុន ​ពាណិជ្ជករ ​អាជីវករ​ទាំង​ឡាយ​ណា ​ដែល​មិនបាន​គោរព និង​អនុវត្ត​តាម​ការជូន​ដំណឹង​ខាង​លើ រដ្ឋបាល​ខេត្ត​កែប ​នឹង​អនុវត្ត​តាម​នីតិវិធី​រដ្ឋបាល ​ដោយ​ធ្វើការ​ផាក​ពិន័យ ​ឬ​ផ្អាក​ជា​បណ្តោះ​អាសន្ន ​ឬ​បិទការ​ធ្វើ​អាជីវកម្ម​ជា​ស្ថាពរ»។

ចំពោះ​ក្រុមហ៊ុន​ពាណិជ្ជករ ​អាជីវករ​ទាំង​ឡាយ​ណា ​ដែល​មិន​មក​ស្នើ​សុំបង់​ថ្លៃ​សេវា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ​សុំ​ការអនុញ្ញាត​បើក​ថ្មី ​ឬ​បន្ត​សុពល​ភាព​លើក​ស្លាក​យីហោ​ អាហ្វីស ​ប៉ាណូ ​ប័ណ្ណ​ប្រកាស ​ប៉ាណូ​យីហោ របារ​កាត់​ទទឹង​ផ្លូវ ​ផ្ទាំង ​LED ស្លាក​សញ្ញា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​តាម​ទីសាធារណៈ ​និង​ជាប់​អគារ​ពាណិជ្ជកម្ម​នោះ​ទេ រដ្ឋបាល​ខេត្ត ​និង​អនុវត្ត​តាម​នីតិវិធី​រដ្ឋបាល និង​ចុះ​ធ្វើ​ការ​រុះរើ​នូវ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ទាំង​នោះ ​ដោយ​បន្ទុក​ចំណាយ ​និង​រាល់​ការ​ខូចខាត​ម្ចាស់​ទីតាំង​អាជីវកម្ម​ជា​អ្នកទទួល​ខុស​ត្រូវ។ ​ករណី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនៀម​ទម្លាប់​ ប្រពៃណី​ជាតិ ​សោភណភាព ​សិទ្ធិ​បុគ្គល ​និង​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម ​ម្ចាស់​អាជីវកម្ម-​សេវាកម្ម​ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន។

អាស្រ័យ​ហេតុ​នេះ ​ដើម្បី​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច ​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​ ម្ចាស់​ក្រុមហ៊ុន ​អាជីវករ-​ពាណិជ្ជករ​ទាំង​អស់ ​មេត្តា​មក​ដាក់​ពាក្យ​សុំ​អនុញ្ញាត​មុន​នឹង​ដំណើរការ ​ឬ​សុំ​បន្ត​សុពលភាព​ឱ្យ​បាន​មុន ថ្ងៃ​ទី​២៩ ​ខែមេសា ​ឆ្នាំ២០២២ ​ជា​កំណត់។

លោក​រស់ ឧត្តុង ​ប្រធាន​មន្ទីរ​ព័ត៍មាន​ខេត្ត​កែប​ថ្លែង​នៅ​ថ្ងៃទី២០ ​ខែកុម្ភៈ ​ថា ​ជា​ការកត់​សម្គាល់​ក្នុង​ពេល​កន្លង​មក​មាន​ម្ចាស់​ក្រុមហ៊ុន​ សេវាកម្ម​ អាជីវកម្ម​មួយចំនួន​ដែល​ពាក់ព័ន្ធ​ក្នុង​វិស័យ​ព័ត៌មាន​បានភ្ញាក់​រឭក​ចូលខួន​បង់ពន្ធ​បាន​ត្រឹម​ត្រូវ។ ប៉ុន្តែ​នៅ​មានអ្នក​មួយចំនួន​មិនបាន​បង់ពន្ធ​នៅ​ឡើយ ​ហេតុនេះ​ការចេញ​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត ​គឺ​ដើម្បី​ក្រើន​រំឭក​ដល់អ្នក​ដែល​មិនទាន់​បានបង់ពន្ធ​ទាំង​នោះ ​មុន​ធ្វើការ​អនុវត្ត​ច្បាប់។ លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ប្រាប់ថា ​កន្លង​មក​អាជ្ញាធរ​មាន​ការយោគ​យល់​ដោយសារ​តែ​បញ្ហា​កូវីដ១៩ ​ខ្លាច​ប៉ះពាល់​ដល់​អាជីវ​កម្ម​មួយ​ចំនួន។

លោក​ថ្លែងថា​៖«ការបង់​ពន្ធ ​គឺ​មាន​សារៈសំខាន់ ​ព្រោះ​វា​ជាចំណូល​មួយ​សម្រាប់​វិស័យ​របស់​រដ្ឋ​ ព្រោះ​នេះ​មិនមែន​ប្រមូល​ចូល​ក្នុង​វិស័យ​អង្គភាព​ ឬ​ក៏​បុគ្គល​អីទេ ​គឺ​ប្រមូល​ចូល​ថវិកា​រដ្ឋ​តែ​ម្តង»៕