តាកែវ​​/​កំពត​:​ អង្គការ​ជីវិត​ធម្មជាតិ ​និង​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំការ​ក្នុង​តំបន់​ការពារ​ទេស​ភាព​បឹង​ព្រែក​ល្ពៅ​ខេត្ត​តាកែវ ​និង​តំបន់​ការពារ​ទេស​ភាព​អន្លង់​ព្រីង​ ខេត្ត​កំពត​ កាល​ពី​ខែ​មករា​ឆ្នាំ​២០២២​ បាន​ធ្វើ​ជំរឿន​សត្វ​ស្លាប​អាស៊ី​ប្រចាំ​ឆ្នាំ ជា​លទ្ធផល​បាន​កត់ត្រា​សត្វ​ស្លាប​ចំនួន​ ៧៨ ​ប្រភេទ​ក្នុង​តំបន់​ការពារ​ទេស​ភាព​បឹង​ព្រែក​ល្ពៅ​ដែល​ជា​ចំនួន​មាន​ការ​កើន​ឡើង​និង​សត្វ​ស្លាប​ចំនួន​ ៥២​ ប្រភេទ​ក្នុង​តំបន់​ការពារ​ទេស​ភាព​អន្លង់​ព្រីង​ជា​ចំនួន​ថេរ​បើ​ធៀប​នឹង​ឆ្នាំ​មុន​។ នេះ​បើតាម​លោក​ ប៊ូ វរ​សក្ស ​នាយក​កម្មវិធី​ប្រចាំ​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្ត​រ​ជាតិ​។​​

លោក​ ប៊ូ វរ​សក្ស​ ថ្លែង​ប្រាប់ ភ្នំពេញ ​ប៉ុស្ដិ៍​ នៅ​ថ្ងៃទី ​២០ កុម្ភៈ​នេះ​ថា ការ​ធ្វើ​ជំរឿន​សត្វ​ស្លាប​អាស៊ី​ ត្រូវ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​តំបន់​ការ​ពារ​ទេស​ភាព​បឹង​ព្រែក​ល្ពៅ ខេ​ត្ត​តាកែ​វ​ ​និង​តំបន់​ការពារ​ទេស​ភា​ព​អន្លង់​ព្រីង​ ខេត្ត​កំពត​។ ​សកម្ម​ភាព​អង្កេត​តាម​ដាន​ជីវ​ចម្រុះ​នេះ ​គឺ​ត្រូវបាន​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ​ដោយ​មន្ត្រី​អង្កេត​តាម​ដាន​ទីវាល​អង្គការ​ជីវិត​ធម្មជា​តិ​ និង​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំការ​ក្នុង​តំបន់​ការពារ​ទេស​ភាព​ទាំង ​២ ​នេះ ​ដែល​គាំទ្រ​ដោយ​អង្គការ​ BirdLife​និង​អង្គការ​ជីវិត​ធម្ម​ជាតិ​នៅ​កម្ពុជា​។​

លោក​បញ្ជាក់​ថា​៖​ «​ជា​លទ្ធផល ​សត្វ​ស្លាប​ចំនួន​ ៧៨​ ប្រភេទ ​ក្នុង​តំបន់​ការពា​រ​ទេស​ភាព​បឹង​ព្រែក​ល្ពៅ ​និង​សត្វ​ស្លាប​ចំនួន​ ៥២​ ប្រភេទ​ក្នុង​តំបន់​ការពារ​ទេស​ភាព​អន្លង់​ព្រីង​ ត្រូវ​បាន​ប្រទះ​ឃើញ​ និង​កត់​ត្រាទុក​។​ ចំនួន​ប្រភេទ​សត្វ​ស្លាប​នៅ​ក្នុង​តំបន់​ការពារ​ទេស​ភាព​បឹង​ព្រែក​ល្ពៅ​មាន​ការ​កើន​ឡើង​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​ ចំណែក​នៅ​តំបន់​ទេស​ភាព​អន្លង់​ព្រីង​គឺ​នៅ​មាន​ចំនួន​ថេរ​»​។​

តាម​រយៈ​ការ​ធ្វើ​ជំរឿន​នេះ​ ក្រុម​ការងារ​បាន​រក​ឃើញ​ថា ​មាន​ចំនួន​ សត្វ​ស្លាប​ដែល​ដែល​ជិត​ផុត​ពូជ​បំផុត​ គឺ​ចាប​ព្រៃវែង និង​សត្វ​ស្លាប​ដែល​កំពុង​រ​ង​គ្រោះ​ជា​សក​ល​ គឺ​សត្វ​ក្រៀល​ កំពុង​មាន​វត្ដ​មាន​កើន​ឡើង​ក្នុង​តំបន់​ទេស​ភាព​បឹង​ព្រែក​ល្ពៅ​។

លោក​ វរ​សក្ស ​បញ្ជាក់​ថា​ ចាប​ព្រៃ​វែង​បាន​នៅ​តែ​បន្ត​មាន​វត្ត​មាន​នៅ​តំបន់​ការពា​រ​ទេស​ភាព​បឹង​ព្រែក​ល្ពៅ​រាប់​ពាន់​ក្បាល​ ចាប់​តាំង​ពី​ខែធ្នូ​ដល់​ខែ​មេសា ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ ការ​កើន​ឡើង​នៃ​ចំនួន​សត្វ​ស្លាប​នេះ​ គឺ​បាន​បញ្ជាក់​ថា​ការ​ថែរ​ក្សា និ​ង​អភិរក្ស​ធនធាន​ធម្ម​ជា​តិ​នៅ​ក្នុង​តំបន់​ទេស​ភាព​ទាំង​២​នេះ​នៅ​កម្ពុជា​បាន​ល្អ ​តាម​រយៈ​គម្រោង​អភិរក្ស ​និង​គ្រប់​គ្រង​តំបន់​ការ​ពារ​ទេស​ភា​ព​បឹង​ព្រែក​ល្ពៅ ​និង​អន្លង់​ព្រីង ​ដោយ​មាន​ការ​ស​ហការ​អនុវត្ត​ដោយ​ក្រសួង​បរិស្ថាន​ អង្គការ​ជីវិត​ធម្ម​ជាតិ​នៅ​កម្ពុជា ​BirdLife​​ ជា​ដើម​។​​

លោក​បាន​ស្នើ​ដល់​ក្រសួង​បរិស្ថាន​ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​បន្ត​ពង្រឹង​ការ​ការ​ពារ​ និង​អនុវត្ដ​ច្បាប់​បន្ថែម​ទៀត​ដើម្បី​ការ​ពារ​តំបន់​បឹង​ព្រែក​ល្ពៅ និង​តំបន់​ការ​ពារ​ទេស​ភាព​អន្លង់​​ព្រីង​ ខណៈ​បច្ចុប្បន្ន​នេះ​តំបន់​ទាំង​២​ អាច​រ​ង​គ្រោះ​ដោយ​សារ​ការ​ទន្ទ្រាន​យក​ពី​ជន​ខិល​ខូច​មួយ​ចំនួន​ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ការ​បំលាស់​ទី និង​ការរស់​នៅ​របស់​សត្វ​ស្លាប​ជា​ប្រ​ចាំ​ឆ្នាំ​របស់​ពួក​វា​៕​

​​វីដេអូ៖