ភ្នំពេញៈ ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី ​២០ ខែ កុម្ភៈ ឆ្នាំ​ ២០២២​ នេះ​ បាន​បន្ត​បញ្ជូន​កងទ័ព​មួក​ខៀវ​ប្តូរ​វេន​ចំនួន​នាក់ ២១៩ ក្នុងនោះ​មាន​ស្ត្រី​ចំនួន ២៨ ​នាក់ ​ចេញទៅ​បំពេញបេសកកម្ម​មនុស្ស​ធម៌ ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។​ សម្រាប់​កម្លាំង​កងទ័ព​មួក​ខៀវ ដែល​បញ្ជូនទៅ​បំពេញបេសកកម្ម​នោះ​រួមមាន កងវិស្វកម្ម​លេខ​ ៤៣២ ចេញ​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។ ពិធី​ជូន​ដំណើរ​កងទ័ព​មួក​ខៀវ​កម្ពុជា​ទាំង ២១៩ នាក់​នេះ បាន​ប្រព្រឹត្ត​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក សែម សុវណ្ណនី អគ្គនាយគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម ព្រមទាំង​ថ្នាក់ដឹកនាំ​កងទ័ព​មួក​ខៀវ​មួយចំនួន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

លោក សែម សុវណ្ណនី ថ្លែង​នៅក្នុង​ពិធី​នេះ​បេសកកម្ម​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​នេះ​ជា​ឆ្នាំ​ទី​៨​ហើយ​កងវិស្វកម្ម​ពហុ​ជំនាញ​លេខ ៤៣២ ក៏​ជា​កង​ទី​៨ ដែល​បន្ត​ទទួលបាន​ទំនុកចិត្ត និង​ភារកិច្ច​ពី អ​.​ស​.​ប ក្នុងការ​ចូលរួមចំណែក​ស្វែងរក​សុខសន្តិភាព ជូន​ប្រទេស​ដែល​រង​ដោយ​ជម្លោះ​ដូច​បណ្តា​កង​មុនៗ​ដែរ​។

លោក​ថ្លែង​ថា៖ «​នៅថ្ងៃនេះ គឺជា​មោទនភាព​ថ្មី​មួយទៀត សម្រាប់​ជាតិ​មាតុភូមិ​យើង ដែល​វីរ​យុទ្ធជន យុទ្ធ​នារី​យើង​បាន​ខិតខំ​ហ្វឹកហាត់​អស់​រយៈពេល​ជា​យូរ​ទទួលបាន​នូវ​ក្តីសង្ឃឹម និង​ទំនុកចិត្ត​យ៉ាងពិត ប្រាកដ​ពី​អង្គការសហប្រជាជាតិ និង​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​យកចំណេះ ជំនាញ​ទាំងនេះ ទៅ​អនុវត្ត​ផ្ទាល់​នៅលើ​សមរភូមិ​។ កង​នេះ​ក៏ត្រូវ​បាន​បន្ថែម​កម្លាំង​ចំនួន ១៥ នាក់ ផ្នែក​កម្ទេច​គ្រឿងផ្ទុះ​លើ កម្លាំង​មុនៗ​ចំនួន ២០៤ នាក់ ដែល​កម្លាំង​សរុប​កើនឡើង ចំនួន ២១៩ នាក់​»​។

លោក សែម សុវណ្ណនី បាន​ក្រើនរំឭក​ដល់​កងកម្លាំង​ទាំងអស់គ្នា បន្ត​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ប្រយោជន៍​រួម​។ នៅពេល​ឡើង​យន្តហោះ​ត្រូវមាន​ម្ចាស់ការ​លើ​សម្ភារ​ខ្លួនឯង ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មិនត្រូវ​នាំយក​វត្ថុ​ហាមឃាត់​ឡើងលើ​យន្តហោះ​ឡើយ និង​ត្រូវ​ចេះ​រៀបចំ​អង្គុយ​ជា​ក្រុម​។ ក្នុងចំណោម​កងកម្លាំង​ចំនួន ១០ នាក់​ត្រូវមាន​អ្នកចេះ​ភាសា​អង់គ្លេស ដើម្បី​ជួយ​ទំនាក់ទំនង​ជាមួយ​ពហុ​និ​ការ និង​ក្នុងការ​បំពេញបែបបទ ឯកសារ នៅពេល​មាន​តម្រូវការ​។ ពេល​ចុះ​យន្តហោះ​ក៏ត្រូវ​បែងចែក​ភារកិច្ច​ក្នុង​ការយក​សម្ភារ​បុគ្គ​ល សម្ភារ​រួម​ទៅ​រៀបចំ​ឱ្យ មាន​ស្តង់ដារ និង​អនាម័យ​នៅតាម​កន្លែង​ស្នាក់នៅ និង​ក្នុង​បន្ទាយ​ដោយមាន​បង់​លេខ​សម្គាល់​ឱ្យបាន​ត្រឹមត្រូវ​។ ត្រូវ​ចាត់ទុក​ទ្រព្យសម្បត្តិ អង្គភាព ដូចជា​ទ្រព្យ​របស់​ខ្លួនឯង​ដូច្នេះ​ដែរ​។

លោក​ថ្លែងថា​៖«​កម្លាំង​ទាំងអស់ ត្រូវ​គិតពី​សុវត្ថិ​ភាពជា​ចម្បង ពិសេស​អំឡុងពេល​អនុ​វត្ត ភារកិច្ច មិនត្រូវ​មើលស្រាល​ស្ថានការណ៍​ណាមួយ​ឡើយ ហើយ​ត្រូវ​ចេះ​ដក​បទពិសោធន៍ និង​មេរៀន​ល្អៗ​កែតម្រូវ​រាល់​កំហុសឆ្គង​ដែល បាន​កើតមានឡើង​ដើម្បី​សម្រេចបាន​ជោគជ័យ​ជូន​ជាតិ មាតុភូមិ ក្រុមគ្រួសារ និង​ខ្លួន​យើង​ផ្ទាល់​»​។​

លោក សុវណ្ណនី បាន​ដាស់តឿន​បន្ថែម​ដល់​មេកង មេ​ផ្នែក មេក្រុម មិនត្រូវ «​ធូររលុង​ចំពោះ​ខ្លួនឯង តឹងតែង​ចំពោះ​អ្នកដទៃ​» ហើយ​ត្រូវដាក់​ផែនការ​ការងារ​ច្បាស់លាស់​ចៀសវាង​ទំនេរ មក​បង្កើត​រឿង ដែល​អាច​ឈានដល់​ការឈ្លោះទាស់ទែង​គ្នា​។

លោក​ថ្លែងថា​៖ «​ត្រូវ​ចងចាំ​ថា​វត្តមាន​របស់​កម្លាំង​យើង​នីមួយៗ​មិន​ត្រឹមតែ​តំណាងឱ្យ​អង្គការសហប្រជាជាតិ កងយោធពល​ខេមរភូមិន្ទ ឬ​មជ្ឈមណ្ឌល​ជាតិ​តែប៉ុណ្ណោះ​ទេ គឺ​តំណាងឱ្យ​ប្រទេស​កម្ពុជា​ទាំងមូល​។ ដូច្នេះ​គ្រប់​សកម្មភាព​ទាំង​ក្នុង​និង​ក្រៅ​ម៉ោង​ធ្វើការ​ត្រូវ​គិតដល់​កិត្តិយស​ជាតិ​ជា​ចម្បង​»​។​

លោក​បន្តថា ខណៈពេលដែល​ស្ថានការណ៍​ជំងឺ​កូ​វីដ​ ១៩ បន្ត​ការ​រាតត្បាត​នៅ​ទូទាំង​ពិភពលោក ពិសេស​ក្នុង​តំបន់​បេសកកម្ម ដែល​កម្ពុជា​ឈរជើង​ត្រូវតែ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ឱ្យខាងតែបាន​តាម​ការណែនាំ​របស់​អង្គការសហប្រជាជាតិ និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បញ្ចៀស​ពី​ការឆ្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ​។ លោក​រំឭកថា កម្ពុជា​ក៏មាន​វិប្បដិសារី​ក្នុងការ​បាត់បង់​យុទ្ធជន ១​រូប ដោយសារ​មេរោគ​ឥត​ស្រមោល​នេះ​នៅ​ប្រទេស​ម៉ាលី​ម្តង​រួចមកហើយ ដូច្នេះ​កុំឱ្យ​ដាន​ប្រវត្តិសាស្ត្រ​នេះ​កើតឡើង​ជាថ្មី​ម្តងទៀត​។​

លោក​បញ្ជាក់ថា​៖ «​ក្នុង​បរិបទ​នេះ​កម្ពុជា​ដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ហែកហួរ​ជិត ៣ ទសវត្ស ហើយ​ទើប​ទទួលបាន​សន្តិភាព​ពេញលេញ​ទូទាំង​ផ្ទៃ​ប្រទេស​នា​ឆ្នាំ​១៩៩៨ ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​សមាហរណកម្ម ពី​ក្នុង​តំបន់​អាស៊ី ដោយ​បោះជំហាន​ពង្រីក​វិសាលភាព​នៃ​បទពិសោធន៍​ដ៏​ផូ​ផង់​របស់ខ្លួន ចូលរួមចំណែក​បេសកកម្ម​រក្សា​សន្តិភាព នៅ​ប្រទេស​ចំនួន​៩ មាន​១០​បេសកកម្ម នា​ទ្វីបអាហ្វ្រិក ម​ជ្ឈឹ​ម​បូព៌ា និង​អឺរ៉ុប ចាប់តាំងពី​ឆ្នាំ​ ២០០៦ រហូតដល់​បច្ចុប្បន្ន និង​តទៅ​អនាគត​»៕