ក្រចេះ: អង្គការ​ WCS សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ក្រចេះ​បាន​លែង​កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន ៣៥ ​ក្បាល​ផ្សេងទៀត ចូលក្នុង​ទីជម្រក​ធម្មជាតិ​តាម​ដង​ទន្លេមេគង្គ​ស្ថិតក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ​។ នេះ​បើ​យោងតាម​អង្គការ WCS នៅ​ថ្ងៃ​សុក្រ​ទី​ ១៨ ខែកុម្ភៈ​នេះ​។

ពិធិ​លែង​នេះ​បានរៀបចំ​ធ្វើឡើង​នៅក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ កែន សេរីរដ្ឋា នាយក​អង្គការ WCS ប្រចាំ​កម្ពុជា លោក​ អ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋាន​អភិរក្ស​ជលផល លោក ម៉ុក ពន្លក នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ ក្រុម​ការពារ​សម្បុក​សហគមន៍ និង​អង្គការ WCS​។

កូន​កន្ធាយ​ (​ឬ​ល្មិច​) ​ទាំងនោះ​ត្រូវបាន​ក្រុម​ការពារ​សម្បុក​សហគមន៍ ប្រមូល​យក​ពីលើ​ឆ្នេរ​ខ្សាច់​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​ក្រោយពី​វា​បាន​ញាស់​ចេញពី​សម្បុក​ភ្លាម​។ បន្ទាប់មក ពួកគេ​បាន​យក​វា​ទៅ​ចិញ្ចឹម​ថែទាំ​រយៈពេល​ពី​ ២​ ទៅ​ ៤ ​សប្តាហ៍​បន្តទៀត ទើប​លែង​ចូលក្នុង​ទីជម្រក​ធម្មជាតិ​របស់​វា​វិញ​។ រៀងរាល់ឆ្នាំ​កន្ធាយ​ក្បាល​កង្កែប​ចាប់ផ្តើម​បង្ក​កំណើត​ចន្លោះ​ពី​ខែវិច្ឆិកា ​ដល់ ខែមិថុនា​។ ក្នុង​រដូវ​ពងកូន​ឆ្នាំនេះ គិត​ត្រឹម​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​ ២០២២ ក្រុម​ការពារ​សម្បុក​សហគមន៍​បាន​រកឃើញ​សម្បុក​ពង​កន្ធាយ​ក្បាល​កង្កែប​ចំនួន​ ២៨ ​សម្បុក​ហើយ ដែលមាន​ពង​សរុប​ចំនួន​ ៨២៣ ​ពង​។ ចំនួន​នេះ កើន​លើស​ ៥០% បើ​ធៀប​ទៅនឹង​រដូវ​ពងកូន​ឆ្នាំ​ ២០២០-២០២១ ក្នុង​រយៈពេល​ដូចគ្នា​។

លោក កែន សិរីរដ្ឋា ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា WCS ថ្លែង​នៅ​ថ្ងៃទី​ ២០ ខែកុម្ភៈ​ថា ក្រោយពី​ការលែង​កូន​សត្វ​កន្ធាយ​ទាំងនោះ​មន្ត្រី​ជំនាញ​មិនបាន​បំពាក់​ប្រព័ន្ធ​តាមដាន​លើ​ខ្លួន​របស់​ពួកវា​បានទេ គ្រាន់តែ​ល្បាត​ដើម្បី​តាម​ការពារ​កុំឱ្យ​មាន​អ្នក​លួច​ចាប់ ប៉ុន្តែ​ជាការ​កត់សម្គាល់ ទូទៅ​បន្ទាប់ពី​លែង​កូន​កន្ធាយ​ក្បាល​កង្កែប​ទាំងនោះ​ភាគច្រើន​គឺមាន​អត្រា​នៅរស់​ច្រើន​។

លោក​ថ្លែងថា​៖ «​កូន​កន្ធាយក្បាល​កង្កែប​ទាំងនោះ​តូច​ប៉ុន​សម្បក​គ្រំ អ៊ីចឹង​វា​តូចៗ​ហើយ​ស្តើង​យើង​បំពាក់​អី​អត់​កើត​ទេ ប៉ុន្តែ​ពួក​ហ្នឹង​ជាទូទៅ​អត់​មាន​អ្នកណា​ចាប់​ទេ ដោយសារ​តូច​អ៊ីចឹង​ម៉េចៗ​វា​ឈ្មុល​ដីខ្សាច់​។ ​ភាគច្រើន​គោលដៅ​អ្នក​ដែល​ចង់​ចាប់ គឺ​យកតែ​ពួក​ធំៗ​ទេ ព្រោះ​អាច​យកទៅ​ហូប​ទៅ​អី​បាន ឬមួយ​ក៏​វា​ជាប់​មង​ជាប់​បង្កៃ​»​។

លោក​ប្រធាន WCS ថា ការអភិរក្ស​សត្វ​កន្ធាយ​ក្បាល​កង្កែប​ទាំងនេះ ព្រោះ​វា​ជា​សត្វ​ជិត​ផុត​ពូជ​ហើយ​ការថែរក្សា​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការការពារ​ប្រព័ន្ធ​បរិស្ថាន​នៅក្នុង​ទន្លេមេគង្គ ដែល​ធ្វើឱ្យមាន​ប្រព័ន្ធ​អេកូ​ធម្មជាតិ​មួយ​ដែលមាន​លំនឹង​៕