ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃទី​ ២០ ខែកុម្ភៈ ឆ្នាំ ២០២២ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) បានទទួល​ស្គាល់​គណបក្ស​នយោបាយ​ចំនួន ១០ ក្នុងចំណោម​គណបក្ស​ចំនួន​ ៤៥ ​ដែល​បាន​ចុះហត្ថលេខា​លើ​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត និង​ពាក្យសុំ​ចុះឈ្មោះ​ភ្នាក់ងារ​គណបក្ស​នយោបាយ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី ​៥ ឆ្នាំ​ ២០២២​។

គណបក្ស​ទាំង ​១០ ដែល គ.ជ.ប បាន​ទទួល​ស្គាល់​​រួមមាន គណបក្ស​ប្រជាជនកម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គណបក្ស​ភ្លើងទៀន គណបក្ស​ខ្មែរ​តែមួយ គណបក្ស​រួបរួម​ជាតិ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​កែទម្រង់​កម្ពុជា គណបក្ស​កម្ពុជា​និយម និង​គណបក្ស​រស្មី​ខេមរា​។

លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០​ កុម្ភៈ​ថា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​តម្រូវឱ្យ​គណបក្សនយោបាយ ដែល​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត ត្រូវ​ចុះហត្ថលេខា​លើ​ពាក្យស្នើសុំ​ចុះឈ្មោះ​ភា្នក់ងារ​គណបក្ស​នយោបាយ ឈរឈ្មោះ​បោះឆ្នោត និង​ពាក្យសុំ​ចុះឈ្មោះ​ភ្នាក់ងារ​គណបក្ស​នយោបាយ ដូច្នេះ​នៅក្នុង​នីតិវិធី​របស់ គ.ជ.ប ប្រសិនបើ​ប្រធាន​គណបក្ស​មិន​ចុះហត្ថលេខា លើ​ពាក្យស្នើសុំ​នេះ​ទេ គឺប្រធាន​គណបក្ស​នោះ​អាច​ចេញ​លិខិត​ជា​លាយលក្ខ​អក្សរ ប្រគល់​សិទ្ធិ​ឱ្យ​តំណាង​គណបក្ស​របស់ខ្លួន​នៅ​ថ្នាក់​រាជធានី​ខេត្ត ឬ​ក្រុង​ស្រុក ឬ​ខណ្ឌ ក្នុងការ​ចុះហត្ថលេខា ដើម្បី​បំពេញ​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត ទម្រង់​បែបបទ ១០០៨​។

លោក​បន្តថា សម្រាប់​មណ្ឌល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​ឆ្នាំនេះ​មាន​ចំនួន ១ ៦៥២ ​មណ្ឌល ដែល​តួលេខ​នេះ​គឺជា​តួលេខ​ខ្ពស់ ដែល​ប្រធាន​គណបក្ស មាន​ការលំបាក ចុះហត្ថលេខា​ទៅលើ​ពាក្យស្នើសុំ​ចុះបញ្ជី បេក្ខជន​គណបក្សនយោបាយ ឈរឈ្មោះ​បោះឆ្នោត​។ ដូច្នេះ​នៅក្នុង​បទបញ្ជា​នីតិវិធី​របស់ គ.ជ.ប គឺ​អនុញ្ញាតឱ្យ​ប្រធាន​គណបក្ស​ផ្ទេរសិទ្ធិ​ចុះហត្ថលេខា​ទៅ​គណបក្ស​ថ្នាក់ក្រោម​ ដើម្បី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ផ្សេងៗ ដែល​ច្បាប់​តម្រូវ នៅក្នុង​ការចុះបញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​។

លោក សូរីដា ថ្លែងថា​៖ «​អ៊ីចឹង ទម្រង់​ ១០០៨ ជា​ទម្រង់​បែបបទ​ស្នើសុំ​ចុះបញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត នេះ​គិត​តម្រូវឱ្យមាន​ការចុះហត្ថលេខា​របស់​គណបក្ស​នយោបាយ ហើយ​ទម្រង់ ​១០០៧ ជា​ទម្រង់​បែបបទ​ស្នើសុំ​ចុះឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបាយ ដើម្បី​សង្កេតមើល​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត ក៏​តម្រូវ​ឱ្យមាន​ការចុះហត្ថលេខា​របស់​គណបក្សនយោបាយ​។ ដូច្នេះ ការផ្ទេរសិទ្ធិ​របស់​ប្រធាន​គណបក្ស​ទៅ​គណបក្ស​ថ្នាក់ក្រោម​វា​បង្កលក្ខណៈ​ងាយស្រួល​របស់​គណបក្ស​ក្នុង​ការចាត់ចែង​កិច្ចការ​ផ្សេងៗ​ទាក់ទង​នឹង​ការបោះឆ្នោត​»​។

បើតាម​លោក​ សូរី​ដា រហូតមក​ដល់​ពេលនេះ​មាន​គណបក្សនយោបាយ​ចំនួន​ ១០ ដែល​បានចេញ​លិខិត​ផ្ទេរសិទ្ធិ​ចុះហត្ថលេខា​ឱ្យ​គណបក្ស​ថ្នាក់ក្រោម នៅក្នុង​ការបំពេញ​លើ​ពាក្យស្នើសុំ​ចុះបញ្ជី​ភ្នាក់ងារ​គណបក្សនយោបាយ សម្រាប់​សង្កេតការណ៍​ដំណើរ​ការរៀបចំ​ការបោះឆ្នោត និង​ចុះបញ្ជី​បេក្ខជន​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត​។ ចំពោះ​ការចុះ​បញ្ជី​បេក្ខជន​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត គណបក្សនយោបាយ​អាច​រៀបចំ​ជា​ ២ ​របៀប របៀប​ទី​ ១ រៀបចំ​ដោយ​ដៃ និង​របៀប​ទី ​២ រៀបចំ​ដោយ​កុំព្យូទ័រ​។

ប៉ុន្តែ​ការរៀបចំ​ដោយ​កុំព្យូទ័រ​នេះ គ.ជ.ប តម្រូវ​គណបក្សនយោបាយ​ស្នើ​គណនី សម្រាប់​ប្រើប្រាស់​។ គិត​ត្រឹម​ថ្ងៃទី​ ២០ ​កុម្ភៈ​មាន​គណបក្សនយោបាយ​ចំនួន​ ៥ ហើយ​ដែល​ស្នើសុំ​គណនី សម្រាប់​ប្រើប្រាស់​រៀបចំ​ដាក់​បញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​។ «​ជារួម​យើង​អាច​វាយតម្លៃ​ជាទូទៅ​បាន​ហើយ គឺមាន​គណបក្ស​នយោបាយ​ចំនួន​ ១០ ហើយ​ដែល​ត្រៀមខ្លួន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី ​៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ​ ២០២២»​។

លោក ខឺយ ស៊ីនឿន អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ថ្លែង​នៅ​ថ្ងៃទី ​២០ ​កុម្ភៈ​ថា គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​ផ្ទេរសិទ្ធិ​ទៅឱ្យ​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គ្រប់​ស្រុក ក្រុង ដើម្បី​ចុះហត្ថលេខា​លើ​ការចុះបញ្ជី​បេក្ខជន​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត និង​ចុះឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបាយ​ដើម្បី​សង្កេតមើល​ដំណើរ​ការរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​ ៥ រួចរាល់​ហើយ​។ លោក​ថ្លែងថា​៖ «​គណបក្ស​បាន​បញ្ជូន លិខិត​ផ្ទេរសិទ្ធិ​នេះ​ទៅដល់​គ្រប់​ស្រុក ក្រុង ខណ្ឌ​នៅ​ទូទាំង​ប្រទេស​អស់ហើយ ដើម្បី​ត្រៀម​ការចុះហត្ថលេខា​ទៅលើ​បញ្ជី​នានា​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​ ៥»​។

លោក​ សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យដឹង​ដែរ​ថា គណបក្ស​ប្រជាជន​មាន​ភាព​ជា​ម្ចាស់ការ​ជា​រៀង​រាល់ពេល​បោះឆ្នោត​។ ដូច្នេះ​ចំពោះ​ការផ្ទេរសិទ្ធិ​ចុះហត្ថលេខា​របស់​ប្រធាន​គណបក្ស​ឱ្យទៅ​តំណាង​គណបក្ស នៅ​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ទូទាំង​ប្រទេស​ដែលមាន​ ១ ៦៥២ បាន​ផ្ទេរ​រួចរាល់​អស់ហើយ ដោយ​រង់ចាំ​ដល់​ថ្ងៃ​នៃ​ការដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​មក​ដល់​គឺ​គណបក្ស​នឹង​យកទៅដាក់​។ ជាមួយគ្នានេះ គណបក្ស​ក៏បាន​ត្រៀម​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នេះ មាន​ចំនួន​ ២៨ ២៥៧ នាក់​ដោយ​ក្នុងនោះ​ស្ត្រី​ជាង ៧ ពាន់​នាក់ និង​យុវជន​ជាង ៩ ​ពាន់​នាក់​។ លោក​ថ្លែងថា​៖ «​យើង​ប្រគល់​សិទ្ធិ ទៅ​គណបក្ស​មូលដ្ឋាន​ចុះហត្ថលេខា​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ ទៅ គ.ជ.ប​»​។

តាម​ប្រតិទិន​ការងារ​របស់ គ.ជ.ប គណបក្សនយោបាយ​នានា​អាចដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​បេក្ខជន​គណបក្ស​ឈរឈ្មោះ​បោះឆ្នោត​នៅ​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត មាន​រយៈពេល​ ៣ ​ថ្ងៃ ចាប់ពី​ថ្ងៃទី ​៤ ដល់​ថ្ងៃទី​ ៦ ខែមីនា ឆ្នាំ​ ២០២២៕

វីដេអូ៖