បាត់ដំបងៈ លោក ស ខេង ជំរុញ​ឱ្យ​អាជ្ញាធរខេត្ត​បាត់ដំបង​គ្រប់លំដាប់​ថ្នាក់ ដោះស្រាយ​ទំនាស់​ដីធ្លី​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌ ព្រមទាំង​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ ពិសេស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ សង្កាត់ និង​មេភូមិ​។

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏បាន​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​គណបក្ស​ដែល​ស្ថិតក្នុង​មុខតំណែង​សាធារណៈ​ផ្សេងៗ​នៅតាម​មូលដ្ឋាន​ខេត្ត​បាត់ដំបង​ឱ្យ​បន្ត​ខិតខំ​បំពេញ​ភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ​រួម​គ្នា​ដោះស្រាយ​ភាពអសកម្ម​ទាំងឡាយ​ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ និង​ប្រជាជន​។ ​ក្នុងនោះ​រាប់ទាំង​ការដោះស្រាយ បញ្ហា​រំលោភ​ដីព្រៃ​លិច​ទឹក​ជាប់​បឹង​ទន្លេសាប​ចាប់ពី​ស្រុក​មោងឫស្សី ស្រុក​សង្កែ ស្រុក​ឯកភ្នំ និង​ស្រុក​ថ្មគោល​។

លោក ស ខេង បាន​ណែនាំ​ឱ្យ​ផ្ដល់ព័ត៌មាន​ជូន​លោក​អំពី​បញ្ហា​ដែល​ដោះស្រាយ​មិន​ចេញ ដើម្បី​ចូលរួមចំណែក​ជំរុញ​ការដោះស្រាយ​ទៅតាម​យន្ត​ការដែល​អាចធ្វើ​ទៅបាន​។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ជំរុញ​បែបនេះ ក្នុង​សន្និបាត​បូកសរុប​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ​២០២១ និង​លទ្ធផល​អនុវត្តន៍​ផែនការ​រួម​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ ​២០២២ និង​លើក​ទិសដៅ​អនុវត្តន៍​ឆ្នាំ​ ២០២២ របស់​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី​ ១៩ ខែកុម្ភៈ​។

លោក ស ខេង ក៏បាន​ជំរុញ​ឱ្យ​ខិតខំ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ ពិសេស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ស្មៀនឃុំ​សង្កាត់ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សង្កាត់ និង​មេភូមិ​។ បន្ថែម​លើ​នោះ លោក​ក៏បានផ្ដល់​អនុសាសន៍​ជំរុញ​ការដោះស្រាយ​ទំនាស់​ដីធ្លី​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌​ផងដែរ​។

លោក ថាន់ ស៊ាន មេឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង​ថ្លែង​នៅ​ថ្ងៃទី​ ២០ ខែកុម្ភៈ​ថា ការបម្រើ​សេវា​សាធារណៈ​នៅ​ឃុំ​ជ្រៃ ក្នុង​ពេល​កន្លងមក​មាន​ភាពរលូន​ទៅ​បាន​ល្អ ប្រជាពលរដ្ឋ​បានមក​ទទួល​សេវាសាធារណៈ​ជា​បន្តបន្ទាប់​រៀងរាល់ថ្ងៃ​ទៅតាម​អ្វី​ដែលជា​តម្រូវការ​ជាក់ស្តែង ហើយ​ក្រុមការងារ​ឃុំ​បានធ្វើ​ការងារ​ដោយ​យកចិត្ត​ទុកដាក់​ជូន​ប្រជាពលរដ្ឋ​ទាន់ពេលវេលា មិន​គិត​ថ្ងៃ​សម្រាក ឬ​ថ្ងៃបុណ្យ​នោះទេ​។

លោក​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​បានមក​ទទួល​សេវាសាធារណៈ​ជា​រៀងរាល់ថ្ងៃ​ដូចជា ធ្វើ​សំបុត្រ​កំណើត ឬ​បញ្ជាក់​ឯកសារ​អី​ផ្សេងៗ ជាពិសេស​ក្នុង​រង្វង់​អត្រានុគោលដ្ឋាន​អីហ្នឹង​បាទ​។ ហើយ​ខាង​មន្ត្រី​យើង​ហ្នឹង​ក៏​មិន​ធ្វេសប្រហែស​ធ្វើ​អ្វី​បណ្តាលឱ្យ​រាំងស្ទះ​ការចង់បាន​របស់​ប្រជាពលរដ្ឋ​នោះទេ​»​។

លោក​មេឃុំ​ថា ចំពោះ​បញ្ហាដីធ្លី​នៅ​ឃុំ​ជ្រៃ​មាន​បញ្ហា​ប្រឈម​នៅក្នុង​តំបន់​មួយចំនួន​ដែរ ប៉ុន្តែ​អាជ្ញាធរ​ឃុំ​បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ប្រគល់​ជូន​រដ្ឋ​វិញ ដែលជា​ការឆ្លើយតប​មាន​ប្រជាពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​ជា​បន្តបន្ទាប់ ហើយ​អាជ្ញាធរ​ឃុំ ក៏ដូចជា​ស្រុក ចុះទៅ​ដាំ​កូនឈើ កូន​ត្នោត​បាន​មួយចំនួន​ផងដែរ​។

លោក​ថា​៖ «​យើង​បាន​បំផុស​ឱ្យ​ពួកគាត់​ចូលមក​ប្រគល់​ដីធ្លី​ជូន​មក​រដ្ឋ​វិញ​បើ​គិត​ទៅបាន ១ ​ពាន់​ហិកតា​លើស​បន្តិច​ដែរ ស្មើនឹង​ ១១៩ ​គ្រួសារ​»​។

លោក លោក សឿង ថែម មេប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង ថ្លែង​នៅ​ថ្ងៃទី ២០ ខែកុម្ភៈ​ថា ការបម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​មិនមាន​បញ្ហា ប៉ុន្តែ​កម្លាំង​មន្ត្រី​ប៉ុស្តិ៍​នៅមាន​ការខ្វះខាត ដែល​នាំឱ្យ​មាន​ការឆកល្វែង​ខ្លះ​ក្នុងការ​ឆ្លើយ​ទៅ​​ប្រជាពលរដ្ឋ​ហេតុនេះ​បើសិន​ជា​អាច លោក​ចង់ឱ្យ​មាន​ការបន្ថែម​កម្លាំង​មន្ត្រី​ប៉ុស្តិ៍​មួយចំនួន​ថែមទៀត​៕