បន្ទាយមានជ័យៈ បុរស​ជា​ឪពុកចុង​ម្នាក់​ត្រូវបាន​តុលាការខេត្ត​បន្ទាយមានជ័យ​ធ្វើការ​ចោទប្រកាន់​ និង​បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ពីថ្ងៃ​ទី​ ១៨ កុម្ភៈ ១ ​ថ្ងៃ​បន្ទាប់ពី​នគរបាល​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការចាប់​កូនស្រី​ចុង​អាយុ​ ១៥​ ឆ្នាំ​រំលោភ​សេពសន្ថវៈ​នៅ​ឃុំ​សូភី ស្រុក​អូរជ្រៅ​។

លោកស្រី ឌី សុជាតិ ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​បន្ទាយមានជ័យ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ កុម្ភៈ ថា ជនសង្ស័យ​ឈ្មោះ​ ខាន់ សាវុធ អាយុ ​៤០ ​ឆ្នាំ​។ រីឯ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ន.រ អាយុ ១៥ ​ឆ្នាំ​។ ពួកគេ​រស់នៅ ឃុំ សូភី ស្រុក​អូរជ្រៅ ។ «​តុលាការ​បាន​ចោទ​ជនសង្ស័យ​ពីបទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​បុគ្គល​ដែលមាន​អំណាច​ទៅលើ​ជនរងគ្រោះ​តាម​មាត្រា ២៤០ នៃ​ក្រមព្រហ្មទណ្ឌ​»​។

យោង​បញ្ញត្តិ​មាត្រា ២៤០ នៃ​ក្រមព្រហ្មទណ្ឌ​នេះ ប្រសិនបើ​តុលាការ​រកឃើញថា​ជន​ត្រូវ​ចោទ​ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ​នឹងត្រូវ​ជាប់ពន្ធនាគារ​ពី​ ៧​ ទី​ ១៥ ​ឆ្នាំ​។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​ស្រុក​អូរជ្រៅ​បង្ហាញថា មុនពេល​កើតហេតុ​កាលពី​ថ្ងៃទី​ ១៥ ខែកុម្ភៈ ឆ្នាំ​ ២០២២ ជនសង្ស័យ និង​ប្រពន្ធចុង​រួមទាំង​ក្មេងស្រី​រងគ្រោះ​បាននាំគ្នា​ទៅលេង​កូនប្រុស​ម្នាក់​ជា​កូន​ប្រពន្ធចុង​បួស​នៅ​វត្ត ភ្នំ​ដី ឃុំ​តាគង់ ស្រុក​ម៉ាឡៃ​។ លុះ ត្រឡប់​មកពី​វត្ត​វិញ​យប់​កណ្តាលផ្លូវ​ក៏​នាំគ្នា​សុំ​ផ្ទះ​បុរស​ឈ្មោះ ប៉ុច អាយុ ៤០​ឆ្នាំ នៅ​ភូមិ​គុត្តសត ឃុំ​គុត្តសត ស្រុក​អូរជ្រៅ ដើម្បី​ស្នាក់នៅ​មួយ​យប់​។ នៅ​យប់នោះ​ពួកគេ​ត្រូវបាន​ម្ចាស់ផ្ទះ​រៀបចំ​បាយ​ឱ្យ​ហូប​បន្ទាប់មក​ជនសង្ស័យ​បាន​ចូលទៅ​ចាប់​ក្មេងស្រី​រងគ្រោះ​រំលោភ តែ​ត្រូវ​ក្មេងស្រី​ស្រែក​។ ពេលនោះ​ម្តាយ​ក្មេងស្រី​រងគ្រោះ​ឮ​ក៏​ប្រតាយប្រតប់​គ្នា​ជាមួយ​ជនសង្ស័យ​ក៏​កើតមាន​ជម្លោះ ហើយ​ជនសង្ស័យ​ក៏​ស្រែកថា គាត់​បាន​រួមភេទ​ជាមួយ​ក្មេងស្រី​ជាច្រើន​ដង​តាំងពី​ឆ្នាំ​ ២០១៩​ មក​។ ពេលឮ​ដូច្នេះ​ស្រី្ត​ជា​ម្តាយ​ក៏​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន​តែម្តងទៅ​៕