ភ្នំពេញៈ ក្នុងឱកាស​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ មជ្ឈមណ្ឌល​ពិសោធន៍​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​កាលពី​ថ្ងៃទី​ ១៨ ខែកុម្ភៈ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក​ សាយ សំអាល់ ជំរុញ និង​លើក​ទឹកចិត្ត​ឱ្យ​យុវជន​កម្ពុជា​ត្រូវ​ចេះ​ទាញយក​បច្ចេកវិទ្យា និង​ការវិវឌ្ឍ​ថ្មី ដើម្បី​បម្រើ​ឧត្តមប្រយោជន៍ ខ្លួនឯង និង​ប្រទេសជាតិ​។

លោក​ សាយ សំអាល់ ដែលជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​ផងដែរ ថ្លែងថា​៖ «​អ្វីដែល​រៀន​នៅ​សាលា គឺ​មិន​សំដៅ​តម្រូវ​នរណាម្នាក់​ទេ គឺ​សំដៅ​តម្រូវ​ទាំងអស់គ្នា ហើយ​យើង​ត្រូវ​ចេះ​យល់ច្បាស់ អ្វីដែល​គេ​បាន​បង្រៀន​នៅក្នុង​មេរៀន​ទាំងអស់​នោះ​ក្នុងការ​ដោះស្រាយ​បញ្ហា​ដោយ​ប្រើប្រាស់​មូលដ្ឋាន​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​ជា​គោល ដែល​យើង​អាចធ្វើ​បាន​ដោយ​ខ្លួនឯង​។ លើសពីនេះ​យុវជន​ត្រូវមាន​ការជឿជាក់​លើ​ខ្លួនឯង ហើយ​មាន​ជំហរ​មួយ​ជឿថា ខ្មែរ​ធ្វើបាន​»​។

លោក​បន្តទៀតថា ក្នុង​សម័យ​តេជោ​សន្តិភាព កម្ពុជា​មាន​ឱកាស និង​លទ្ធភាព​ដូច​បណ្តា​ប្រទេស​ដទៃទៀត​ដែរ ក្នុងការ​ក្រសោប​ទាញ​ប្រយោជន៍​ពី​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង​វិស្វកម្ម​របស់​ឧស្សាហកម្ម ៤.០​។

លោក​បញ្ជាក់ថា​៖ «​ក្នុងនោះដែរ កម្ពុជា​មានឱកាស​ស្មើគ្នា​ជាមួយ​ប្រទេស​នានា ក្នុង​ការ​ឈានទៅរក​ឧស្សាហកម្ម​ ៤.០​ ស្របតាម​ចក្ខុវិស័យ​នៃ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល កម្ពុជា​ ២០២១-២០៣៥ សំដៅ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច និង​សមាហរណកម្ម​បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង​វិស្វកម្ម​កម្ពុជា​ចូលក្នុង​តំបន់ និង​ពិភពលោក​»​។

ក្នុងន័យនេះ លោក​រដ្ឋមន្ត្រី​លើកទឹកចិត្ត​ឱ្យ​យុវជន​កម្ពុជា ជាពិសេស​យុវសិស្ស​នៅតាម​គ្រឹះស្ថានសិក្សា ត្រូវ​មាន​ការប្រឹងប្រែង​សិក្សា និង​ចាប់យក​ឱកាស​នៃ​ការវិវឌ្ឍ​នៃ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា សម្រាប់​ឧត្តមប្រយោជន៍​របស់​សង្គម​កម្ពុជា​ឆ្ពោះទៅ ប្រែក្លាយ​សេដ្ឋកិច្ចកម្ពុជា​ពី​ប្រទេស​ឧស្សាហកម្ម​បែប​ប្រពៃណី​ទៅរក​ឧស្សាហកម្ម​ទំនើប​។

អ្នក​ប្រឹក្សា​ផ្នែក​សន្តិសុខ​ឌីជីថល លោក ​ង៉ែត ម៉ូសេ បាន​ថ្លែងថា ការបង្កើត​មណ្ឌល​ពិសោធន៍​នៅតាម​សាលា គឺជា​រឿង​ល្អ​សម្រាប់​យុវជន​ជំនាន់​ក្រោយ ហើយ​ថា លោក​ចង់ឃើញ​សាកលវិទ្យាល័យ​ផ្សេងទៀត​បង្កើត​បន្ទប់​ទាក់ទង​បច្ចេកវិទ្យា​សម្រាប់​សិស្សានុសិស្ស​ស្រាវជ្រាវ​។

លោក​និយាយថា​៖ «​ខ្ញុំ​យល់ថា សាកលវិទ្យាល័យ​មួយៗ​គួរ​ចាប់ផ្តើម​ឱ្យមាន​បន្ទប់​ទាក់ទង​បច្ចេកវិទ្យា ដើម្បីឱ្យ​សិស្ស​ស្រាវជ្រាវ ស្វែងយល់ ដូចជា​បន្ទប់​ពិសោធន៍ ឬ​មាន​ម៉ាស៊ីន​តេស្ត​រក​មេរោគ​ផ្សេងៗ​ជាដើម​»​។

បន្ថែម​ពីនេះ លោក​បាន​បន្ថែមថា ទាំង​រដ្ឋ និង​សាលា​ឯកជន គួររៀបចំ​កញ្ចប់​ថវិកា​បន្តិចបន្តួច​ដល់​អ្នក​មានគំនិត​ច្នៃប្រឌិត ដើម្បីឱ្យ​គាត់​ស្នើសុំ​ថវិកា​នោះ​យកទៅ​ស្រាវជ្រាវ​ស្វែងយល់​បន្ថែម​។

លោក​ ង៉ែត ម៉ូសេ បាន​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល និង​សាលាឯកជន​គួរតែ​វិនិយោគ ដោយ​រៀបចំ​កញ្ចប់​ [​ថវិកា​] ​តិចក្តី ច្រើនក្តី ដើម្បីឱ្យ​ក្រុមយុវជន​ដែលមាន​គំនិត​ច្នៃប្រឌិត​អ្វី ដែល​ថ្មី ស្នើសុំ​ថវិកា​តិចតួច​នោះ​យក​ទៅ​អនុវត្ត ដែល​គាត់​យល់ឃើញ​ថា​ល្អ​។ ដូច​ករណី​ថ្មីៗ​នេះ ខ្ញុំ​សង្កេតឃើញ​ក្មេងៗ គាត់​ចូលចិត្ត​បច្ចេកវិទ្យា ដូចជា​ការកែច្នៃ ប​ង្ហ្រោះ​ដូន​ជាដើម​»​។

ដោយឡែក​ពាក់ព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​វិញ លោក​ មុសេ លើកឡើងថា នៅ​កម្ពុជា​មាន​ការប្រើប្រាស់​ច្រើន​ទាក់ទង​នឹង​វិទ្យាសាស្ត្រ​កុំព្យូទ័រ ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ ប្រព័ន្ធ​គ្រប់គ្រង​ការិយាល័យ និង​ការគ្រប់គ្រង​ទីផ្សារ ប៉ុន្តែ​នៅ​ខ្វះខាត​ធាន​ធាន​មនុស្ស​ផ្នែក​បច្ចេកវិទ្យា​មួយចំនួន​។

លោក​ថ្លែងថា​៖ «​គឺ​សមត្ថ​ភាពទាក់ទង​អ្នកជំនាញ​ខាង​សុវត្ថិភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត គួរតែ​បណ្តុះ​យុវជន​ឱ្យមាន​ធនធាន​ផ្នែក​នេះ​ឱ្យបាន​ច្រើន ដោយសារ​ពួកគាត់​នេះហើយ​ជា​អ្នកការពារ​ប្រទេសជាតិ​។ ព្រោះ​ទៅ​ថ្ងៃមុខ​មានការ​ជ្រៀតជ្រែក​ផ្ទៃក្នុង​តាមរយៈ​ប្រព័ន្ធ Digital​។ តាមពិត យុវជន​ឥឡូវនេះ​មានការ​ចាប់​ផ្នែក​បច្ចេកវិទ្យា​ច្រើន ហើយ​ក៏​មានការ​ចង់​ចេះ ចង់ដឹង ច្រើន​ដែរ ប៉ុន្តែ​ពួកគាត់​នៅ​ខ្វះ​ប្រភព និង​ធនធាន​»៕