ឧត្តរមានជ័យៈ ព្រះសង្ឃ​ក្នុងព្រៃ​សង្ឃ​សហគមន៍​រុក្ខវ័ន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​មន្ត្រី​ជំនាញ​បរិស្ថាន​ស្វែងរក​ជន​ប្រព្រឹត្ត​បទល្មើស​ដាក់​អន្ទាក់​សត្វព្រៃ ដែល​បណ្តាលឱ្យ​សត្វ​ទន្សោង​ ១ ​ក្បាល​ងាប់ កាលពី​ថ្ងៃទី ​១៨ ខែកុម្ភៈ​។ មន្ត្រី​បរិស្ថាន​អះអាង​ថា មន្ត្រី​ជំនាញ​កំពុង​ដុតដៃ​ដុតជើង ស្វែងរក​ជន​ប្រព្រឹត្ត​បទល្មើស និង​កំពុង​ល្បាត​ពិនិត្យឡើងវិញ​នៅ​ជុំវិញ​តំបន់​កើតហេតុ​នោះ​។

ព្រះសង្ឃ ព្រះនាម ថូ ធូរស់ ប្រធាន​ស្តីទី​ព្រៃ​សង្ឃ​សហគមន៍​រុក្ខវ័ន​បាន​មាន​ថេរដីកា នៅ​ថ្ងៃទី​ ២០ ខែកុម្ភៈ ថា អ្នក​ល្បាត​ក្នុងព្រៃ​សង្ឃ​សហគមន៍​-​រុក្ខវ័ន​ម្នាក់​បាន​ជួប​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​មាន​គ្នា​ប្រហែល​ ៦​ នាក់ កំពុង​វាយ​សម្លាប់សត្វ​ទន្សោង​ ១ ​ក្បាល​ជាប់អន្ទាក់​ជើង​ក្រោយ​ផ្នែក​ខាងស្តាំ ស្លាប់​ក្នុង​ភូមិសាស្ត្រ​ព្រៃសន្លុង ភូមិ​គោកសំព័រ ឃុំ​លំទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ កាលពី​ថ្ងៃទី ​១៨ ខែកុម្ភៈ ឆ្នាំ​ ២០២២​។

ព្រះសង្ឃ​រុក្ខវ័ន​បញ្ជាក់ថា​៖ «​ក្រុម​ការងារ​យើង​បានឮ​សំឡេង​ឆ្កែ​ព្រុស ក៏​ទៅ​មើលឃើញ​ជនល្មើស​កំពុង​តែ​វ៉ៃ​យក​ស្នែង​សត្វ​ទន្សោង​ស្លាប់​។ ក្រុម​ជនល្មើស​មាន​គ្នា ៤ ទៅ ៦ ​នាក់ បានឃើញ​ក្រុមការងារ​យើង​មុន ក៏​គេចខ្លួន​បាត់ទៅ​»​។

ព្រះអង្គ​បាន​បន្តថា សាកសព​សត្វ​ទន្សោង​នោះបាន​ដឹក​យកមក​បញ្ចុះ​បង្សុកូល​នៅ​ទីស្នាក់ការ​កណ្តាល​សហគមន៍​រួច នៅវេលា​ម៉ោង ៦ និង ៤៥ ​នាទី​ថ្ងៃ ខែ​ឆ្នាំ​ដដែល​។ នេះ​ជា​ករណី​លើក​ទី​ ១ ​ក្នុង​ឆ្នាំ​ ២០២២ ដែល​រកឃើញ​ទន្សោង​ងាប់​ក្នុងព្រៃ​សង្ឃសហគមន៍​រុក្ខវ័ន បន្ទាប់ពី​ឆ្នាំមុន​មាន​ទន្សោង​ ៣​ ក្បាល​បាន​ងាប់​ក្នុងព្រៃ​សហគមន៍​នេះ​។

សត្វព្រៃ​ក្នុងព្រៃ​សង្ឃ​សហគមន៍​រុក្ខវ័ន​ប្រឈម​នឹង​ការបាត់បង់​ជា​រៀងរាល់​ថ្ងៃ ដោយសារ​ការដាក់​អន្ទាក់ បរបាញ់ ឬ​ឆក់​ពី​សំណាក់​ជន​ប្រព្រឹត្ត​បទល្មើស​។ ព្រះអង្គ​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ការបាត់បង់​សត្វ​កាន់តែច្រើន​ថែមទៀត បើសិនជា​មិនមាន​ការចាប់​បង្ក្រាប​ជន​ប្រព្រឹត្ត​បទល្មើស​យកទៅ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។ នេះ​ជាការ​បញ្ជាក់​របស់​ព្រះអង្គ​។

ព្រះអង្គ​មាន​ថេរដីកា​ថា​៖ «​អាត្មា​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​សមត្ថកិច្ច​ជំនាញ​ធ្វើ​យ៉ាងម៉េច គឺ​តាមរក​ជនល្មើស​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ឱ្យបាន​សុក្រឹត​អនុវត្ត​ច្បាប់​ឱ្យបាន​តឹងរ៉ឹង កុំឱ្យ​អ្នក​ដទៃ​ផ្សេងទៀត​បានចិត្ត​។ បានន័យថា ជនល្មើស ប៉ុន្តែ​មិនមាន​ច្បាប់ ឬក៏​មិនបាន​យក​គាត់​មក​អនុវត្ត​ទោស​ទៅតាម​ផ្លូវច្បាប់ អ៊ីចឹង​ថ្ងៃក្រោយ​គាត់​នៅតែ​បន្ត​ប្រព្រឹត្ត​បទល្មើស​ទៀត​»​។

លោក​ ភួង លីណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ បាន​ថ្លែង​នៅ​ថ្ងៃទី​ ២០ ខែកុម្ភៈ​ថា ចំពោះ​ករណី​ទន្សោង​ ១ ​ក្បាល​ងាប់​ក្នុងព្រៃ​សង្ឃ​សហគមន៍​រុក្ខវ័ន​នេះ មន្ត្រី​ជំនាញ​បរិស្ថាន​បានរៀបចំ​សំណុំ​ឯកសារ​រួចរាល់​ហើយ ដើម្បី​បញ្ជូន​សំណុំរឿង​ជា​អញ្ញត្តិ​ជន​ទៅ​តុលាការ​។

ចំណែក​ការស៊ើបអង្កេត លោក​ លីណា បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​បរិស្ថាន​កំពុង​ដុតដៃដុតជើង​ក្នុង​ការបំពេញ​ភារកិច្ច​ស្រាវជ្រាវ​រក​ជន​ប្រព្រឹត្ត​បទល្មើស​។ មន្ត្រី​ក៏បាន​ដាក់​ផែនការ​រួចរាល់​ហើយ​ដើម្បី​ពិនិត្យឡើងវិញ​ទាំងអស់​តាម​បណ្តា​ដងអូរ​ផ្សេងៗ ដែល​ស្ថិតក្នុង​តំបន់​នោះ​។ ប៉ុន្តែ​លោក​បញ្ជាក់ ដែរ​ថា តាម​ការសង្កេត​ជាក់ស្តែង​កន្លងមក ជាធម្មតា​រដូវ​នេះ គឺ​មិនមាន​អន្ទាក់​ទេ ព្រោះ​ជា​រដូវ​ភ្លើង​ឆេះ​ព្រៃ​។

លោក​ប្រធាន​មន្ទីរ​ថ្លែងថា​៖ «​យើង​ត្រូវតែមាន​ផែនការ​តឹងរ៉ឹង​បន្ថែមទៀត​ដែល​នឹងធ្វើ​ការត្រួតពិនិត្យ​ទាំងអស់​តាម​បណ្តា​ដងអូរ មាត់​អូរ​ដែលមាន​ប្រភពទឹក ខ្លាចក្រែង​មាន​ការលបលួច​ដាក់​ថ្មី​»​។

លោក ​ភួង លីណា បាន​ប្រាប់ថា ការចុះពិនិត្យ​ឡើងវិញ​នេះ ប្រើប្រាស់​កម្លាំង​មន្ត្រី​បរិស្ថាន​នៅ​ទីនោះ ដើម្បី​ចល័ត​ពី​ស្នាក់ការ​មួយ​ទៅ​ស្នាក់ការ​មួយ​បន្ថែម​ទៅលើ​គោលដៅ ដែលមាន​ភាពចាំបាច់ ដោយ​ប្រើ​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​ចំនួន ​៦ ​រូប និង​មន្ត្រី​កិច្ចសន្យា​ចំនួន​ ៦ ​រូប​។

លោក​បាន​និយាយថា មន្ត្រី​ទាំង ១២ ​នាក់​នេះ ក៏​នឹងធ្វើ​យុទ្ធនាការ​ផ្សេងៗ​ជាច្រើន​ទៀត ក្រៅពី​គោលដៅ ដែល​កំពុងមាន​បញ្ហា ព្រោះ​មាន​ការព្រួយបារម្ភ ចំពោះ​ការទន្ទ្រាន​រុករាន​កាន់កាប់​ដី​៕