ភ្នំពេញៈ កម្ពុជា​ស្នើសុំ​សិង្ហបុរី​បន្ត​ជួយ​បណ្តុះបណ្តាល​កងទ័ពជើងគោក​កម្ពុជា ខណៈ​សិង្ហបុរី​ប្រកាស​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​ទទួល​យោធិន​កម្ពុជា​មក​បណ្តុះ​បណ្តា​នៅ​សិង្ហបុរី ក៏ដូចជា​ចាត់​បញ្ជូន​ក្រុម​គ្រូ​បង្គោល​មក​ប្រទេស​កម្ពុជា​។

ការប្រកាស​បែបនេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក ម៉ៅ សុផាន់ មេបញ្ជាការរង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​កងពលតូច​លេខ​ ៧០ និង​លោក​ Frederick Choo នាយសេនាធិការ​កងទ័ព​ជើងគោក​សិង្ហបុរី នៅ​ទី​ ១៨ ខែកុម្ភៈ នៅ​ប្រទេស​សិង្ហបុរី ​ក្នុង​ឱកាស​លោក​ចូលរួម​កម្មវិធី Singapore Airshow ២០២២​។

លោក ម៉ៅ សុផាន់ អរគុណ​ភាគី​សិង្ហបុរី​ដែល​បាន​ជួយផ្តល់​ការហ្វឹកហ្វឺន​បណ្តុះបណ្តាល​កងទ័ពជើងគោក​កម្ពុជា​នាពេល​កន្លងមក​។

កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ១៨ កុម្ភៈ ថា​៖ «​ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានស្នើសុំ​ដល់​ភាគី​សិង្ហបុរី​បន្ត​ជួយផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​កងទ័ព​ជើងគោក​កម្ពុជា និង​ពង្រឹង​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​យោធា តាមរយៈ​បង្កើត​ទំនាក់ទំនង​រវាង​អង្គភាព​ចំណុះ​កងទ័ពជើងគោក​ប្រទេស​ទាំង​ ២»​។

លោក Frederick Choo ថ្លែងថា៖ «​កងទ័ពជើងគោក​សិង្ហបុរី​ត្រៀមខ្លួន​រួច​ជាស្រេច​ក្នុង​ការទទួល​យោធិន​កម្ពុជា​មក​បណ្តុះបណ្តាល​នៅ​សិង្ហបុរី ក៏ដូចជា​ចាត់​បញ្ជូន​ក្រុម​គ្រូ​បង្គោល​មក​ប្រទេស​កម្ពុជា​ផងដែរ​»​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​។

LOLGK;Frederick Choo ថ្លែងថា ការចូលរួម​របស់​ប្រតិភូ​កងទ័ព​ជើងគោក​កម្ពុជា​ក្នុង​កម្មវិធី Singapore Airshow ២០២២ នេះ​គឺ​បញ្ជាក់​អំពី​ចំណងមិត្តភាព​ដ៏ល្អ​រវាង​កងទ័ព ក៏ដូចជា​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​ប្រាប់​ ​ភ្នំពេញ​ ប៉ុស្តិ៍​ នា​ថ្ងៃទី​ ២០ ខែកុម្ភៈ ថា ការបណ្តុះបណ្តាល​នេះ​ជាការ​រួមចំណែក​មួយ​សម្រាប់​ពង្រឹង ឬ​អភិវឌ្ឍ​សមត្ថភាព​កងទ័ព​កម្ពុជា ហើយ​វា​ក៏​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​វិស័យ​ការពារជាតិ​កម្ពុជា និង​សិង្ហបុរី​។ លោក​ថា​៖ «​ការបណ្តុះបណ្តាល​នេះ ប្រសិនបើ​អាចជួយ​បាន វា​ជា​ការប្រសើរ​ហើយ​។ វា​ជា​ផ្នែក​មួយ​ពង្រឹង​សមត្ថភាព​កងទ័ព​យើង អ៊ីចឹង​»៕