ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កោតសរសើរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមប្រឹក្សាជាតិ​កម្ពុជា ដើម្បី​ស្ត្រី ដែល​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការអភិវឌ្ឍ​ប្រទេស ខណៈ​លោក​លើកឡើងថា បច្ចុប្បន្ន​ស្ត្រី​បាន​ចូលរួមចំណែក​ក្នុង​កិច្ចការងារ​ជាច្រើន​វិស័យ​។

ការលើកឡើង​ដូច្នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ការងារ សម្រាប់​ឆ្នាំ​ ២០២២ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី នៅ​វិមាន​សន្តិភាព​នា​ថ្ងៃទី​ ២១ កុម្ភៈ​។

ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​នា​ថ្ងៃទី​ ២១ កុម្ភៈ ថា​៖ «​សម្តេច​តេជោ​ ហ៊ុន សែន បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ដែល​បានរួម​ចំណែក​យ៉ាងសកម្ម ក្នុង​ការកសាង និង​អភិវឌ្ឍ​សង្គមជាតិ​។ សម្តេច​តេជោ ហ៊ុន សែន បាន​បន្តថា បច្ចុប្បន្ន ស្ត្រី​បាន​ចូលរួមចំណែក​ក្នុង​កិច្ចការងារ​ជាច្រើន​វិស័យ​»​។

លោកស្រី ជូ ប៊ុនអេង អនុរដ្ឋលេខាធិការ ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​កម្ពុជា​ ដើម្បី​ស្ត្រី​បាន​ថ្លែងថា ការអភិវឌ្ឍ​សមត្ថភាព​ស្ត្រី​ ជា​ថ្នាក់ដឹកនាំ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ការអភិវឌ្ឍ​សមត្ថភាព​ដល់​ស្ត្រី​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ជា​នារី នៅ​ថ្នាក់ជាតិ ត្រូវបាន​យកចិត្ត​ទុកដាក់​ខ្ពស់​ដោយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​។

ចាប់ពី​ឆ្នាំ​ ២០២០ ដល់​ឆ្នាំ​ ២០២១ ស្ត្រី​ចំនួន​ជាង​ ២ ២០០ នាក់​នៃ​ចំនួន​អ្នកចូលរួម​សរុប​ជាង​ ៣ ៨០០ ​នាក់ បាន​ចូលរួម​សិក្ខាសាលា វគ្គ​បណ្តុះបណ្តាល និង​ជំនាញ​នានា​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​។

លោកស្រី ជូ ប៊ុនអេង បាន​ថ្លែងបន្តថា​៖ «​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្រសួង​កិច្ចការនារី​បាន​រៀបចំ​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​មន្ត្រី​កិច្ចការនារី​ក្នុង​ការអនុវត្ត​ការងារ ការស្វែងរក​ការគាំទ្រ​មតិ​ការបញ្ជ្រាប​យេនឌ័រ និង​បរិយាប័ន្ន សីលធម៌​សង្គម និង​ភាពជា​អ្នកដឹកនាំ និង​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធី​វិនិយោគ ឃុំ សង្កាត់ និង​សមាហរណកម្ម​ផែនការ​ឃុំ សង្កាត់ ថ្នាក់ ក្រុង ស្រុក ខណ្ឌ​»​។

លោកស្រី​បន្តថា ក្នុង​ឆ្នាំ​ ២០២២ នេះ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​បាន​សម្របសម្រួល​រៀបចំ​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​ ២០២០-២០២១ និង​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​ ២០២២ ដោយមាន​ការចូលរួម​ផ្តល់​ធាតុចូល​របាយការណ៍​ពី​ក្រសួង ស្ថាប័ន អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ និង​ការផ្តល់​យោបល់​ពី​ក្រុមការងារ​បច្ចេកទេស​យេនឌ័រ ព្រមទាំង​ការឯកភាព​ពី​សមាជិក​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​។ លោកស្រី​បញ្ជាក់ថា​៖ «​របាយការណ៍​លទ្ធផល​ការងារ​ឆ្នាំ​ ២០២០-២០២១ បង្ហាញ​ពី​វឌ្ឍនភាព​ការ​ប្រឈម​ថ្មីៗ និង​ចំណុច​សេសសល់​ទាំងឡាយ ដែល​យើង​ទាំងអស់​គ្នា​ចាំបាច់​ត្រូវខិតខំ​បន្ត​ការដោះស្រាយ​ក្នុង​បរិការណ៍​នៃ​ជំងឺ​កូវីដ ​១៩ ដើម្បី​ស្តារ និង​ជំរុញ​ការអភិវឌ្ឍ​គ្រប់​វិស័យ តាមរយៈ​ការបន្ត​អនុវត្ត​វិធានការ​ផ្នែក​គោលនយោបាយ កម្មវិធី និង​សកម្មភាព​ជាក់លាក់​នានា ក្នុងការ​លើកកម្ពស់​សមភាព​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​បរិយាប័ន្ន និង​ចីរភាព​»​។

លោកស្រី ជូ ប៊ុនអេង លើកឡើង​ថា លោក ហ៊ុន សែន បានផ្តល់​អាទិភាព​ខ្ពស់​ក្នុង​ការជំរុញ និង​លើកកម្ពស់​សមភាព​យេនឌ័រ និង​ស្ថានភាព​ស្ត្រី​លើ​គ្រប់​វិស័យ និង​គ្រប់​កម្រិត ក្នុង​ការអនុវត្ត​ច្បាប់ គោលនយោបាយ និង​វិធានការ​នានា តាមរយៈ​យន្តការ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។ លោកស្រី​បញ្ជាក់ថា​៖ «​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ជានិច្ចកាល​តែង​ផ្តល់នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ទាំង​ស្មារតី និង​ថវិកា​ដល់​ដំណើរការ​សកម្មភាព​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ ដើម្បី​ស្ត្រី ឱ្យសម្រេច​បាន​នូវ​វឌ្ឍនភាព​ជា​ទីមោទនៈ​ក្រោម​សុខ​សន្តិភាព​ជាតិ​»​។

គួរ​បញ្ជាក់ថា ក្រុម​ប្រឹក្សាជាតិ​កម្ពុជា ដើម្បី​ស្ត្រី​មាន ព្រះមហាក្សត្រី វររាជមាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជា​ព្រះប្រធាន​កិត្តិយស និង​លោក ហ៊ុន សែន ជា​អនុប្រធាន​កិត្តិយស​។

ចាប់តាំងពី​ឆ្នាំ​ ២០០៦​ មក ថ្នាក់ដឹកនាំ​នៃ​ក្រុម​ប្រឹក្សាជាតិ​កម្ពុជា ដើម្បី​ស្ត្រី​បាន​បើក​កិច្ចប្រជុំ​រៀងរាល់​ ១ ​ឆ្នាំ​ម្តង ក្រោម​អធិបតីភាព​លោក​ ហ៊ុន សែន​។

កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​តាមដាន និង​ត្រួតពិនិត្យ​រាល់​សកម្មភាព​ការងារ និង​ការ​អនុវត្ត​រាល់​អនុសាសន៍​លើ​ការងារ​មួយចំនួន​របស់​ក្រុម​ប្រឹក្សាជាតិ​កម្ពុជា ដើម្បី​ស្ត្រី​ក្នុង​ការចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​សិទ្ធិសេរីភាព​ឋានៈ​តួនាទី ពិសេស​ការចូលរួម​ដោះស្រាយ​រាល់​ការងារ​ជាអាទិភាព​នានា​របស់​ស្ត្រី​។

ក្នុង​ឆ្នាំ​ ២០២២ ក្រសួង​កិច្ចការ​នារី នឹង​រៀបចំ​យុទ្ធនាការ​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨ ​មីនា ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​នៅក្នុង​របៀបវារៈ​ស្តារ​សេដ្ឋកិច្ច​សង្គម​ក្រោយ​វិបត្តិ​កូវីដ​ ១៩ និង​ការរស់នៅ​តាមបែប​គន្លង​ប្រក្រតី​ថ្មី ក៏ដូចជា​កសាង​ភាពរឹងមាំ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​៕