ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ (​គជគម​) ​បើក​កិច្ចប្រជុំ​ដោយផ្ទាល់​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​បើកឱកាស​ឱ្យមាន​កិច្ចសន្ទនា​ដ៏ល្អ​មួយ​ប្រកបដោយ​បរិយាប័ន្ន ដើម្បី​លើក​ទិសដៅ និង​ត្រៀម​ផែនការ​សម្រាប់​ឆ្លើយតប​នឹង​គ្រោះមហន្តរាយ​នា​ឆ្នាំ​បន្ទាប់​។

កិច្ចប្រជុំ​សម្របសម្រួល​រវាង គ.ជ.គ.ម. និង​អង្គការ​ដៃគូ​លើ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​កម្ពុជា​ត្រូវបាន​ធ្វើ​ឡើង​នៅ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ ដោយមាន​តំណាង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​នាក់​បាន​ចូលរួម​។

អនុប្រធាន និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក​ ឡាំ ហេងហួត ថ្លែងថា កិច្ចប្រជុំ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ត្រូវបាន​ធ្វើឡើង​ទៀងទាត់​ក្នុង​ការឆ្លើយតប​នឹង​ស្ថានភាព​គ្រោះមហន្តរាយ​នៅ​កម្ពុជា ដើម្បី​ត្រៀមលក្ខណៈ​ឆ្លើយតប និង​ពិនិត្យ​លើ​ការងារ​អនុវត្ត​នា​ឆ្នាំ​ ២០២១ ​និង​ចែករំលែក​នូវ​ផែនការ​ការងារ​សម្រាប់​ឆ្នាំ​ ២០២២​។ កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ពិតជា​មាន​សារៈសំខាន់​ក្នុង​ការកាត់បន្ថយ​ផលប៉ះពាល់​ដល់​សង្គម​-​សេដ្ឋកិច្ច និង​បរិស្ថាន​ដែល​បង្កឡើង​ដោយ​មុខសញ្ញា​គ្រោះថ្នាក់​ដោយ​ធម្មជាតិ និង​ដោយ​មនុស្ស​ហើយក៏​ជាការ​ប្រយុទ្ធ​នឹង​ហានិភ័យ​គ្រោះមហន្តរាយ​។

លោក​ថ្លែងថា​៖ «​ដោយឡែក​សម្រាប់​ថ្ងៃនេះ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា យើង​នឹង​អាច​ចែករំលែក​នូវ​បទពិសោធ​ល្អ ដែល​បាន​អនុវត្ត​កន្លងមក និង​ផែនការ​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​ ២០២២ ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​ការសម្របសម្រួល​រវាង​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ អង្គការ​ដៃគូ និង​វិស័យ​ឯកជន​ក្នុង​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​»​។

លោក​ឱ្យដឹងថា កម្ពុជា​ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រទេស​ដែលមាន​ហានិភ័យ​គ្រោះមហន្តរាយ​ធំធេង ផ្សារភ្ជាប់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។ ក្នុង​ការដោះស្រាយ​ហានិភ័យ ដែល​បង្កឱ្យ​មាន​គ្រោះ​រាំងស្ងួត ទឹកជំនន់ និង​ខ្យល់​កន្ត្រាក់​ជារឿយៗ​ជា​ឧទាហរណ៍​តម្រូវ​ឱ្យ​មាន​យុទ្ធសាស្ត្រ​ជាក់ស្ដែង ដែល​អនុញ្ញាតឱ្យ​មានការ​បន្សាំ​ទៅនឹង​អាកាសធាតុ​ក្នុង​វិស័យ​កសិកម្ម ធនធានទឹក និង​អភិវឌ្ឍន៍ជនបទ​។ កិច្ចការ​ពាក់ព័ន្ធ​ជាទូទៅ​ក្នុង​ចំណោម​ការកាត់បន្ថយ ហានិភ័យ​គ្រោះមហន្តរាយ ការបន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​ការអភិវឌ្ឍ ប្រកប​ដោយ​ចីរភាព ត្រូវ​បាន​ទទួលស្គាល់ និង​មាន​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់​ក្នុង​ការកសាង​យុទ្ធសាស្ត្រ និង​គោលនយោបាយ ដើម្បី​ដោះស្រាយ​បញ្ហា​រួម​ដែល​កើតឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។

លោក​ ឡាំ ហេងហួត ឱ្យដឹងថា នៅ​អំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​កម្ពុជា​មាន​ការអភិវឌ្ឍ​គួរឱ្យ​កត់សម្គាល់ មិន​ត្រឹមតែ​ក្នុង​ទិដ្ឋភាព​សន្តិសុខ​ និង​នយោបាយ ថែមទាំង​សេដ្ឋកិច្ច និង​សង្គម​ផងដែរ​។ ជាមួយ​គ្នានេះ ទឹកជំនន់​ដ៏ធ្ងន់ធ្ងរ​តែង​បង្កឱ្យមាន​ការខូចខាត និង​បាត់បង់​យ៉ាង​ធំធេង ក្នុង​ផ្នែក​សង្គម​ផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ប្រទាក់ក្រឡា​។ ជាក់ស្តែង​នា​ឆ្នាំ ​២០២០ កម្ពុជា​បានទទួល​រងគ្រោះ​មហន្តរាយ​ដោយ​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ ប៉ះពាល់​ ២៤​ រាជធានី​-​ខេត្ត​។ ជាពិសេស ខេត្ត​បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង និង​រាជធានី​ភ្នំពេញ​។ នា​ឆ្នាំ​ ២០២១ ​ជំនន់​ទឹកភ្លៀង ក៏បាន​ប៉ះពាល់​ចំនួន​ ១៨ ​រាជធានី​-​ខេត្ត ប៉ះពាល់​ប្រជាជន​ ៤៩ ២៣៦ ​គ្រួសារ និង​ស្លាប់​ ១៣​ នាក់​។

ទន្ទឹមនឹងនោះ ក្នុង​ឆ្នាំ​ ២០២១ ខ្យល់​កន្ត្រាក់ បាន​ប៉ះពាល់ ២៥ ​រាជធានី​-​ខេត្ត បង្ក​ឱ្យ​ផ្ទះ​រលំ និង​ខូចខាត​ធ្ងន់ធ្ងរ ១ ០២២ ​ខ្នង និង​ផ្ទះ​របើក​ដំបូល ​៧ ២៤៩​ ខ្នង សាលា របើក​ដំបូល​ ៤៨ ​អគារ ខូចខាត តូប​ផ្សារ​ ១១២ ​តូប អគារ​រដ្ឋបាល​ផ្សេងៗ និង​វត្ត​អារាម របើក​ដំបូល ២៣​ កន្លែង និង​មនុស្ស​ស្លាប់ ៩ ​នាក់ និង​របួស​ ៧៦ ​នាក់ ។ ក្នុងនោះដែរ ករណី​រន្ទះបាញ់​បាន​បង្ក​ឱ្យ​មនុស្ស ៨៣​ នាក់​ស្លាប់ និង​របួស​ ៥០ ​នាក់ និង​ងាប់​គោក្របី ៥៧​ ក្បាល​។

លោកស្រី អេលីហ្សាបេតភៀស (Elizabeth Pearce) នាយិកា​អង្គការ Save the Children ប្រចាំ​នៅ​កម្ពុជា និង​ជា​សហប្រធាន​ភ្នាក់ងារ​សហប្រជាជាតិ​ដៃគូ​អភិវឌ្ឍន៍ JAG ថ្លែងថា នេះ​គឺជា​វេទិកា​មួយ​ដ៏ល្អ និង​ជា​ឱកាស​ដើម្បី​ឱ្យមាន​កិច្ចសន្ទនា​ប្រកបដោយ​បរិយាប័ន្ន​។ ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចុងក្រោយ​នេះ ការត្រៀម​លក្ខណៈ​លើ​បញ្ហា​គ្រោះមហន្តរាយ​មាន​ភាពស្មុគស្មាញ ដោយសារ​មាន​បញ្ហា​ជាច្រើន​កើតឡើង​ដំណាលគ្នា ដូចជា​គ្រោះទឹកជំនន់ និង​បញ្ហា​ជំងឺ​រាតត្បាត​កូវីដ​ ១៩​។

លោកស្រី​ថ្លែងថា​៖ «​ទោះបី​ជាមាន​ភាពស្មុគស្មាញ​ក៏ដោយ យើង​អាច​រួមគ្នា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា អង្គការ​សហប្រជាជាតិ និង​សង្គម​ស៊ីវិល ដើម្បី​ឆ្លើយតប​ទាន់ពេលវេលា​។ ដូច្នេះ​ការងារ​នេះ ទទួល​បាន​ជោគជ័យ​ជាច្រើន ដូចជា​ការឆ្លើយតប​រដ្ឋាភិបាល​នៅ​ឆ្នាំ​ ២០២០ ក្នុងការ​ដោះស្រាយ​កម្មវិធី​ផ្ទេរ​សាច់ប្រាក់​អំឡុងពេល​វិបត្តិ​កូវីដ​ ១៩»​។

លោកស្រី​បញ្ជាក់ថា ទោះបី​ការងារ​ទទួល​ជោគជ័យ​នាពេល​កន្លងមក ប៉ុន្តែ​នៅ​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​ទៀត​។ ជំនួសមុខ​ឱ្យ​​ JAG លោកស្រី​បានផ្តល់​អនុសាសន៍ និង​កំណត់​អាទិភាព​មួយចំនួន​ដើម្បី​លើកកម្ពស់​ការសម្របសម្រួល​ដើម្បី​ធ្វើការ​ឆ្លើយតប និង​ត្រៀម​បម្រុង​ទៅនឹង​គ្រោះមហន្តរាយ​។ ដំបូង​ត្រូវ​ការកំណត់ នូវ​ការរៀបចំ​ផែនការ​សម្រាប់​សម្របសម្រួល ដើម្បី​ធានាថា ការត្រៀម​បម្រុង​ទូទាំង​វិស័យ ទាំង​កម្រិត​ថ្នាក់ជាតិ និង​ក្រោម​ជាតិ​អាច​សម្របសម្រួល​បាន​។ ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​កំណត់​ក្រុម តួនាទី និង​ការទទួល​ខុសត្រូវ​នៃ​តួអង្គ​ពាក់ព័ន្ធ​នីមួយៗ​ឱ្យមាន​ភាពច្បាស់​ថា អ្វី​ទៅជា​ការងារ​អាទិភាព ហើយ​ត្រូវ​ពង្រឹង​សមត្ថភាព​អាជ្ញាធរ​មូលដ្ឋាន ដើម្បីឱ្យ​គាត់​ឆ្លើយតប​បាន​ទាន់​ពេលវេលា​។

លោកស្រី​បន្តថា បន្ថែម​ពីនេះ​ត្រូវ​បន្ត​ការលើកកម្ពស់​ការយល់ដឹង​ពាក់ព័ន្ធ​ការកាត់បន្ថយ​ហានិភ័យ​។ ជាពិសេស​ផ្តល់​ហិរញ្ញវត្ថុ​ទៅដល់​មូលដ្ឋាន ហើយ​ត្រូវផ្តោត​សំខាន់​ចំពោះ​អ្នក​ងាយ​រងគ្រោះ​បំផុត ដូចជា កុមារ ស្ត្រី ជនជាតិ​ដើម​ភាគតិច​។

លោកស្រី​ថា​៖ «​ទោះបី​ស្ថិតនៅ​ភាពស្មុគស្មាញ​កម្រិតណា​ក៏ដោយ យើង​ត្រូវតែ​ផ្តោតទៅលើ​គោលការណ៍​ធនធាន​មនុស្ស ដោយ​ផ្តោតលើ​គ្រួសារ និង​សហគមន៍ ដែល​ងាយ​រងគ្រោះ​ និង​ត្រូវការ​បំផុត​ដោយ​មិនមាន​ការរើសអើង ដែល​ផ្តោតទៅលើ​មនុស្សធម៌​ជាសំខាន់​»៕