ភ្នំពេញៈ នៅមុន​ការបោះឆ្នោត​ឈានចូល​មកដល់​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(​គ.ជ.ប.) ស្នើឱ្យ​បណ្តា​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​រាជធានី​-​ខេត្ត​ (PEC) ​ទាំងអស់​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ ​នេះ កុំ​ឱ្យមាន​បាតុភាព​អវិជ្ជមាន​ណាមួយ​កើតឡើង ដើម្បី​ជា​មុខមាត់ សម្រាប់ គ.ជ.ប. ឈានទៅ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ឆ្នាំ​ ២០២៣​។

លោក​ នុត សុខុម អនុប្រធាន គ.ជ.ប. ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី បុគ្គលិក​នៃ​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​ ១៩ កុម្ភៈ ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់​ខាងមុខនេះ ត្រូវធ្វើ​យ៉ាងណា​ខិតខំ​រៀបចំ​ឱ្យទទួល​បាន​ជោគជ័យ និង​មាន​ភាពរលូន ស្រប​តាមច្បាប់ និង​នីតិវិធី ដែល​បាន​ដាក់ចេញ​។

លោក​ថ្លែងថា​៖ «​មែនទែនទៅ យើង​ទាំងអស់​គ្នា​ខិតខំ​ប្រឹងប្រែង​ធ្វើ​អត់​មាន​ជម្រើស​ទេ​។ យើង​ខិតខំ​ធ្វើទៅ​តាមច្បាប់​ទាំង​អ្វីដែល​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ទាំង​អ្វីដែល​មានចែង​នៅក្នុង​ច្បាប់បោះឆ្នោត​ទាំងអស់ ហើយ​អ្វី ដែល​ធំ គឺ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត​។ ជាពិសេស គឺ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-​សង្កាត់​នេះ ព្រោះ​យើង​ឈានទៅ​ការរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិ​ក្រោយ ឆ្នាំក្រោយ​»​។

លោក​ថ្លែងថា​៖ «​ដូច្នេះ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា-ឃុំ​សង្កាត់​នេះ ធ្វើយ៉ាងណា​កុំ​ឱ្យមាន​បាតុភាព​ផ្តល់​ជំនឿ​ទុកចិត្ត ដើម្បី​ឈាន​ទៅ​ការបោះឆ្នោត ឆ្នាំ​ ២០២៣»​។

លោក​ អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២១ ខែកុម្ភៈ ថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោកនាយក​រដ្ឋមន្ត្រី​ក៏​ធ្លាប់បាន​លើកឡើង​ដែរ​ថា ការបោះឆ្នោត​នាពេល​កន្លងមកនេះ មាន​ភាពស្ងប់ស្ងាត់​ច្រើន មិនមាន​អំពើ​ហិង្សា​កើតឡើង​ធ្ងន់ធ្ងរ​នោះទេ ដោយ​គណបក្ស​នីមួយៗ​មាន​ភាពចាស់ទុំ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ នីតិវិធី និង​សមភាព​រវាង​គណបក្ស និង​គណបក្ស និង​តម្លាភាព​នៅក្នុង​ការរៀប​ចំការ​បោះឆ្នោត​។

លោក​បន្តថា បញ្ហា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ត្រូវធ្វើ​យ៉ាងណា​ឱ្យមាន​សុចរិតភាព និង​ភាពត្រឹមត្រូវ សម្រាប់​ដំណើរការ​បោះឆ្នោត​នីមួយៗ​មិនមែន​មានតែ​ក្នុងពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅពេល​ខាងមុខ​នោះទេ ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត ឬក៏​មតិ​សហគមន៍​អន្តរជាតិ គេ​ចោទ​មកលើ​ស្ថាប័ន គ.ជ.ប.។

លោក​ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ នៅតែ​មើលឃើញ​ថា ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត​មិនទាន់​មាន​ជំនឿ​ទុកចិត្ត​ទៅលើ​ស្ថាប័ន គជប នេះ​នៅឡើយ​ទេ​។ ដោយ​មើលឃើញ​ពី​បញ្ហា​នេះ សហគមន៍​-​អឺរ៉ុប និង​ប្រទេស​ជប៉ុន​មាន​ការប្រឹងប្រែង​យកចិត្ត​ទុកដាក់​ច្រើន​លើ​ការបោះឆ្នោត​»​។

ចំណែក លោក​ សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែងថា ការណែនាំ​របស់​ថ្នាក់ដឹកនាំ គ.ជ.ប. ទៅ​បណ្តា​មន្ត្រី​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​រាជធានី​-​ខេត្ត មិនមាន​អ្វី​ខុស នោះទេ និង​ជា​តួនាទី​ភារកិច្ច​របស់ គ.ជ.ប. ដែល​មានចែង​ក្នុង​ច្បាប់​។

លោក​ថ្លែងថា​៖ «​គាត់​ជា​អាជ្ញាកណ្តាល ដូច្នេះ​គាត់​អត់​មាន​បង្កើត រឿង​ទេ​។ គាត់​ជា​អាជ្ញាកណ្តាល​ធ្វើយ៉ាងណា ឱ្យ​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់ និង​បទបញ្ជា​នីតិវិធី​ដែល​ គ.ជ.ប. បានចេញ​កន្លងមក​។ អ៊ីចឹង ការណែនាំ​នេះ គឺ​ការណែនាំ​មួយ​ត្រឹមត្រូវ ដើម្បីឱ្យ​ការបោះឆ្នោត​មាន​ភាពរលូន​»​។

យោងតាម​ច្បាប់ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-​សង្កាត់ ត្រូវធ្វើ​ឡើង​រៀងរាល់​ ៥​ ឆ្នាំ​ម្តង តាមរយៈ​ការបោះឆ្នោត​ជា​សកល​។ សម្រាប់ កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​- សង្កាត់ ត្រូវ​កំណត់ដោយ​នាយករដ្ឋមន្ត្រី​ក្នុង​រយៈពេល ​៩​ ខែ​យ៉ាងតិច​មុន​ថ្ងៃ​បោះឆ្នោតតាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។ ដោយឡែក​តាម​ប្រតិទិន​របស់ គ.ជ.ប. ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២ ​ខាងមុខ​៕