ព្រះសីហនុៈ នគរបាល​ខេត្ត​ព្រះសីហនុ​កំពុង​ដាក់​កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​រក​អ្នកបើកបរ​រថយន្ត​ដែល​ប្រើប្រាស់​សារធាតុ​ញៀន​ ដើម្បី​ពង្រឹង​សន្តិសុខ​នៅតាម​គោលដៅ​ស្មុគស្មាញ​មួយចំនួន​ក្នុង​ក្រុង​-​ខេត្ត​ព្រះសីហនុ​។

លោក​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​នៅ​ថ្ងៃទី​ ២១​ កុម្ភៈ​ថា ការដាក់​គោលដៅ​ត្រួតពិនិត្យ​ពាក់ព័ន្ធ​នឹង​ការពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​នៅក្នុង​ខេត្ត​ព្រះសីហនុ ជាពិសេស​ក្នុង​ក្រុងព្រះសីហនុ​ដែល​តែងតែ​អនុវត្ត​ជារឿយៗ​នេះ​គឺជា​វិធានការ​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ ​ការងារ​នេះ​គឺជា​ការប្រែប្រួល​របស់​សមត្ថកិច្ច​​មិនមែន​ជា​ការដាក់​កម្លាំង​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ​ទេ តែ​ជាការ​ត្រួតពិនិត្យ​តាម​ពេលវេលា​ និង​តាម​ភូមិសាស្ត្រ​ដែល​សមត្ថកិច្ច​សន្និដ្ឋានថា​ទីតាំង​នោះ​អាចមាន​បញ្ហា​អ្វីមួយ​កើតឡើង​ ឬមួយ​អាចមាន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​តំបន់​ស្មុគស្មាញ​។

លោក​ថ្លែងថា​៖ «​យើង​ត្រួតពិនិត្យ​នេះ​ពាក់ព័ន្ធ​រក​សារធាតុ​ស្រវឹង​ផង រក​អ្នកប្រើប្រាស់​សារធាតុ​ញៀន និង​ត្រួតពិនិត្យ​រក​អាវុធជាតិផ្ទុះ​ផង នេះ​ជា​ជំនាញ​របស់ខ្ញុំ​តែ​ប៉ុណ្ណឹង​។ យើង​មើល​សភាពការណ៍​បច្ចុប្បន្ន​នេះ​គ្រោះថ្នាក់​ចរាចរណ៍​កើតមាន​ច្រើន ហើយ​យើង​ក៏ត្រូវ​រក​អ្នក​រក្សាទុក និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ផង​។ ​នេះ​គឺជា​វិធានការ​របស់​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​ជា​វិធានការ​របស់​ស្នងការ​នគរបាល​ខេត្ត​»​។

លោក​បន្តថា ជារឿយៗ​ការដាក់​កម្លាំង​ត្រួតពិនិត្យ​នេះ​សមត្ថកិច្ច​របស់លោក​តែង​បាន​រកឃើញ​អ្នកបើកបរ​រថយន្ត​ក្នុងស្ថានភាព​ស្រវឹងស្រា​។ នៅ​​ពេល​រកឃើញ​បែបនេះ​លោក​បាន​ឃាត់​អ្នកបើកបរ​រថយន្ត​នោះ​ឱ្យ​គាត់​ឈប់​រថយន្ត​សម្រាក​មួយកន្លែង​សិន ហើយ​ក្រោយពី​ស្វាង​ស្រវឹង​ទើប​សមត្ថកិច្ច​អនុញ្ញាត​ឱ្យ​អ្នកបើកបរ​រថយន្ត​នោះ​បន្តដំណើរ​ទៅមុខទៀត​បាន​។

ប៉ុន្តែ​បើ​សមត្ថកិច្ច​ត្រួតពិនិត្យ​ឃើញថា អ្នកបើកបរ​រថយន្ត​នោះ​បំពាន​នឹង​ច្បាប់​ដូចជា​មាន​ជាតិ​អាល់កុល​លើស​កម្រិត គឺ​លោក​នឹង​អនុវត្តតាម​វិធានការ​ច្បាប់​ឬមួយ​ពិន័យ​។

ការដាក់​កម្លាំង​ត្រួតពិនិត្យ​នេះ​ក៏​ឆែក​ឃើញ​អាវុធ​ជាតិផ្ទុះ​ម្តងម្កាល​ផងដែរ ហើយ​លោក​បាន​អនុវត្តតាម​ផ្លូវច្បាប់​ដោយ​មិនមាន​ការលើកលែង​ឡើយ​។

ពាក់ព័ន្ធ​នឹង​អ្នកបើកបរ​រថយន្ត​ដែល​ប្រើប្រាស់​គ្រឿងញៀន​វិញ លោកស្នងការ​បាន​​អះអាងថា នៅពេល​កម្លាំង​សមត្ថកិច្ច​ត្រួត​ពិនិត្យឃើញ​អ្នកបើកបរ​មានប្រើ​សារធាតុ​ញៀន​ក្នុង​កម្រិត​ស្រាល​ដែល​មិន​បង្ក​ហានិភ័យ​ទៅលើ​អ្វីមួយ គឺ​លោក​នឹងធ្វើ​ការអប់រំ​ ឬមួយ​​ក៏​ណែ​នាំឱ្យ​គាត់​ទៅ​ព្យាបាល​នៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​។

ក៏ប៉ុន្តែ​បើ​រកឃើញថា​អ្នកបើកបរ​រថយន្ត​នោះ​មាន​ផ្ទុក​សារធាតុ​ញៀន​ធ្ងន់ធ្ងរ​ដែល​បង្ក​ផលប៉ះពាល់​ដល់​ផលប្រយោជន៍​​សាធារណៈ​ ឬ​ឯកជន​ណាមួយ​គឺ​លោក​នឹង​ពិនិត្យ​មើលទៅ​​តាម​ទម្រង់​ច្បាប់ ហើយ​បើ​អាចអនុវត្ត​បាន​គឺ​លោក​អនុវត្តតាម​ផ្លូវច្បាប់​៕

វីដេអូ៖