ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បឹង​ជើងឯក ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២២ នេះថា មិនមាន​តម្រូវ​ការបិទ​ទីក្រុង​ភ្នំពេញ ​ឬ​បិទ​គោលដៅ​ណាមួយ​ ដូច​កាលពី​ឆ្នាំ ២០២១ ដោយសារ​ការរីក​រាល​ដាល​នៃ​វីរុស​កូ​វីដ ១៩ នោះ​ឡើយ។

លោក​បាន​មានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាល​កម្ពុជា​ គ្មាន​តម្រូវការ​ត្រូវ​បិទ​ទីក្រុង ឬ​ខេត្ត ដោយសារ​កូ​វីដ ១៩ ទៀត​នោះទេ។ ខ្ញុំ​លឺ​គេ​ខ្សឹបខ្សៀវ​តាម​ផ្សារ​ខ្លះ​ថា នឹង​អាចមាន​ការបិទ​ទីក្រុង​ភ្នំពេញ​ឡើងវិញ ប៉ុន្តែ​ខ្ញុំ​សុំ​បញ្ជាក់ ខ្ញុំ​សម្រេច​បិទ​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ​កាលពី​ឆ្នាំទៅ នៅក្នុង​ពេលវេលា​មួយ​ដ៏​លំបាក ដោយសារ​យើង​មិនទាន់មាន​ការចាក់​វ៉ាក់សាំង»។

លោក ហ៊ុន សែន បាន​បញ្ជាក់ថា បើ​មាន​ករណី​ឆ្លង​កូ​វីដ​ក្នុង​តំបន់​ណាមួយ គឺអាច​រៀបចំ​បិទ​ ឬ​ផ្អាក​បណ្តោះ​អាស​ន្ត​តាម​ទីតាំង​ជាក់ស្តែង។

លោក​ថា៖ «ខ្ញុំ​សុំ​បញ្ជាក់ថា ​មិនមាន​ការបិទ​ប្រទេស​ ឬ​ទីក្រុង​នោះទេ ខ្ញុំ​មិន​អនុវត្ត​វិធាន​ការបិទ​ខ្ទប់​ទេ។ ខ្ញុំ​សុំ​ប្រកាស​ដូចនេះ​ដើម្បី​កុំឱ្យ​មានការ​ជ្រួលច្របល់​ទិញ​អីវ៉ាន់​ស្តុក​ទុក​»៕