បន្ទាយមានជ័យៈ ប្រជាពលរដ្ឋ​ជាង​ ១​ ពាន់​គ្រួសារ​បាន​ចាប់ឆ្នោត​យក​ដីឡូត៍ នៅ​ចំណុច​បឹង​ ៧៥ ក្នុងភូមិ​អូរអំពិល ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ក្រោយពី​ការដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ដ៏រ៉ាំរ៉ៃ ដែល​អូសបន្លាយ​អស់​រយៈពេល​ជិត​ ២០ ​ឆ្នាំ​មកហើយ​។

មន្ត្រី​អះអាងថា មកដល់​ពេលនេះ ពលរដ្ឋ​បាន​ទៅ​រស់​នៅលើ​ទីតាំង​ដី​របស់ខ្លួន​ទាំងនោះ​ជា​បណ្តើៗ​ហើយ​។

ការចូលរួម​ចាប់ឆ្នោត​ទទួលយក​ក្បាល​ដីឡូត៍​ដែល​បាន​ព្រមព្រៀង​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ​ស្ថិតនៅ​ចំណុច​បឹង​ ៧៥ នេះ​បាន​ធ្វើឡើង​ចាប់តាំងពី​ថ្ងៃទី​ ១៤ ខែកុម្ភ: ក្រោម​មាន​ការសម្របសម្រួល​ដោយផ្ទាល់​ពី​លោក ប៉ាន់ខែម ប៊ុនថន នាយករង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​អ្នកពាក់ព័ន្ធ​ជាច្រើន​ផ្សេងទៀត​។

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២១ កុម្ភៈ​ថា សាវតារ​ដី​ទំនាស់​ដ៏រ៉ាំរ៉ៃ​នៅ​ចំណុច​បឹង​ ៧៥ ​នេះ គឺមាន​ទំនាស់​រវាង​ឈ្មោះ លី អ៊ុតនី​ (​ស្លាប់​) ជាមួយ​ឈ្មោះ​ ព្រាប សារុន (​ស្លាប់​) ​និង​ឈ្មោះ​ គង់ ជា អស់​រយៈពេល​ជិត ២០ ​ឆ្នាំ​មកហើយ ដោយ​ដី​មានទំនាស់​នេះ ក៏ត្រូវ​បាន​ទិញ​លក់​ជា​បន្តបន្ទាប់​ដែល​បង្កឱ្យមាន​ជម្លោះ​ស្មុគស្មាញ​។

ក្រោយ​ការស្រាវជ្រាវ និង​តាម​គោលការណ៍​ឯកភាព​របស់​លោកនាយក​រដ្ឋមន្ត្រី ក៏មាន​ការ​សម្របសម្រួល​ជា​បន្តបន្ទាប់ ក៏​ឈានទៅរក​ដំណោះស្រាយ​រួមមួយ ដោយ​ថ្នាក់​ខេត្ត​ធ្វើការ​បែងចែក​ដី​ទាំងនេះ​ជា​ឡូត៍ ដើម្បី​ចែកជូន​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ និង​ធ្វើការ​អភិវឌ្ឍ​។

លោក​បញ្ជាក់ថា​៖ «​គាត់​ចាប់ឆ្នោត​រួចហើយ គាត់​ចាប់ផ្តើម​រើ​ទៅ​ទីតាំង​ថ្មី ហើយ​ក្នុង​ពេលនេះ​យើង​ជួយ​គាត់​ផ្លាស់ប្តូរ​ទីតាំង​។ យើង​បន្តធ្វើ​មួយ​ជំហាន​ទៅមួយ​ជំហាន​ដើម្បី​បង្វែរ​ដី​ទាំងនេះ​ទៅជា​កម្មសិទ្ធិ​ស្របច្បាប់​របស់គាត់ ព្រោះ​ជំនាញ​រៀបចំ​ដែនដី​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ផ្តល់​បណ្ណកម្មសិទ្ធិ​ជូន​គាត់​»​។ បើតាម​លោក​ លី សារី ការចេញ​បណ្ណកម្មសិទ្ធិ​ជូន​ពលរដ្ឋ​ទាំង​ជាង ១ ០០០ ​គ្រួសារ​នេះ អាច​នឹងធ្វើ​ឡើង​នៅ​ពាក់កណ្តាល​ឆ្នាំនេះ ក្រោយ​ពលរដ្ឋ​បានរស់នៅ​លើ​ទីតាំង​ជាក់ស្តែង​ចន្លោះ​ពី ៥ ទៅ​ ៦ ខែ​ខណៈ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​ដី ​៨ ម៉ែត្រ គុណ​ ២០ ម៉ែត្រ​។

តាម​របាយការណ៍​របស់​រដ្ឋបាល ខេត្ត​បន្ទាយមានជ័យ​ជុំវិញ​ដំណោះស្រាយ​នេះ បានឱ្យដឹងថា ទំនាស់​ដីធ្លី​នៅ​ចំណុច​ខាងលើនេះ​បាន​កើតឡើង​រវាង​តំណាង​ក្រុមគ្រួសារ​លោក​ លី អ៊ុតនី និង​ភាគី​ពលរដ្ឋ​ប្រមាណ​ ១ ២០០​ គ្រួសារ​លើ​ទីតាំង​ដី​ជិត​ ១០០ ​ហិកតា​។

របាយការណ៍​ដដែល​បន្ត​ថា ចំពោះ​ការរៀបចំ​ក្បាលដី​ឡូត៍​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត អ្នកម៉ៅការ​សាងសង់​ដោយមាន​កិច្ចសហការ​ពី​ប្រជាពលរដ្ឋ​បាន​ចុះ​វាស់វែង​កំណត់​ព្រំដី​ទំហំ​ ៤៧​ ហិកតា ដែលជា​ការធ្វើសម្បទាន​ពី​ម្ចាស់​ដី​របស់​ក្រុមគ្រួសារ​លោក លី អ៊ុតនី សម្រាប់​ប្រគល់ជូន​ក្រុមការងារ​ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ តំបន់​រដ្ឋបាល សួនច្បារ ប្រឡាយទឹក ស្រះ​ទឹក និង​រៀបចំ​ជា​ក្បាល​ដីឡូត៍ ។

ទន្ទឹមនឹង​នោះដែរ ក្រុមគ្រួសារ​លោក​ លី អ៊ុតនី ក៏បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​សម្រាប់​ការកសាង​ផ្លូវ​ទំហំ​ទទឹង​ ១០ ​ម៉ែត្រ​ និង​ ១២​ ម៉ែត្រ ដែលមាន​ប្រវែង​ប្រមាណ​ ២៤ ​គីឡូម៉ែត្រ ដើម្បី​ធ្វើការ​អភិវឌ្ឍ​តំបន់ ​៧៥ ​នេះ ឱ្យក្លាយ​ទៅជា​ភូមិ​មួយ​មុននឹង​អាជ្ញាធរខេត្ត​ដាក់​ស្នើ​ទៅ​រដ្ឋាភិបាល ដើម្បី​បង្កើត​ភូមិ​ថ្មី​។ នេះ​បើតាម លោក​ លី សារី​៕