ភ្នំពេញៈ ក្រសួង​សុខាភិបាល​រួម​នឹង​អនុគណៈកម្មការ​ឆ្លើយតប​បន្ទាន់ និង​ស្រាវជ្រាវ​រក​បុគ្គល​ផ្ទុកមេរោគ​កូវីដ​ ១៩ បាន​ទទូច​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ពី​ការឆ្លង​មេរោគ​កូវីដ​ ១៩ ហើយ​ត្រូវ​ធ្វើតេស្ត រហ័ស​រក​អង់​ទីហ្ស៊ែន​កូវីដ​ ១៩ ប្រសិនបើ​សង្ស័យ​ឆ្លង​ជំងឺ​នេះ​។

លោក​ ឌី វិជ្ជា ប្រធាន​អនុគណៈកម្ម​ការឆ្លើយតប​បន្ទាន់ និង​ស្រាវជ្រាវ​រក​បុគ្គល​ផ្ទុកមេរោគ​កូវីដ​ ១៩ សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នា​ល្ងាច​ថ្ងៃទី​ ២០ កុម្ភៈ ដោយ​សុំឱ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​វីរុស​កូវីដ​ ១៩ បំប្លែង​ខ្លួន​ថ្មី អូមីក្រុង ដែល​កំពុង​រីករាលដាល​យ៉ាង​ឆាប់រហ័ស​នាពេល​បច្ចុប្បន្ន​។

លោក​បញ្ជាក់ថា​៖ «​សូម​បន្ត​ចូលរួម​អនុវត្ត​វិធានការ ៣​ កុំ និង​ ៣​ ការពារ ឱ្យបាន​ខ្ជាប់ខ្ជួន ពិសេស​ទទួលយក​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បង្កើន​ភាពស៊ាំ និង​កាត់ផ្តាច់​ចរន្ត​ឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍ ក៏ដូចជា​ដើម្បី​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង​ទាំងអស់គ្នា​»​។

ជាមួយ​គ្នានេះ លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ក៏បាន​ណែនាំ​បន្ថែមទៀត​ពី​ការពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល​ក្នុង​ការប្រយុទ្ធ​ និង​ទប់ស្កាត់​ការរាលដាល​នៃ​ជំងឺ​កូវីដ​។ លោក​ក៏បាន​ធ្វើការ​ណែនាំ​ឱ្យ​មាន​ការធ្វើ​តេស្តរ​ហ័ស​រក​អង់ទីហ្ស៊ែន​កូវីដ​ ១៩ ​បើ​មានការ​សង្ស័យ​ឆ្លង​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​ប្រសិន​បើ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​កូវីដ​ ១៩ ត្រូវធ្វើ​តេស្ត​រហ័ស​ឡើងវិញ ក្នុង​រយៈពេល​ ៧២ ​ម៉ោង​ក្រោយ ឬ​នៅពេល​ដែលមាន​លេចចេញ​នូវ​រោគសញ្ញា​សង្ស័យ​។ ក្នុង​អំឡុងពេល​នៃ​ការសង្ស័យ​ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន ស្នាក់នៅ​ដាច់​ដោយឡែក និង​រក្សា​អនាម័យ​ដៃ​ និង​ផ្លូវដង្ហើម និង​អនុវត្ត​ខ្ជាប់ខ្ជួន​នូវ​គម្លាត​សុវត្ថិភាព​បុគ្គល​»​។

លោក​ក៏បាន​ប្រាប់​ឱ្យ​ពលរដ្ឋ​រាយការណ៍​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​ក្រុមគ្រូពេទ្យ​នៅ​តាម​មូលដ្ឋាន អ្នករស់នៅ​ជា​ចាំបាច់ ដើម្បី​ទទួល​បាន​ការណែនាំ​ពី​ការព្យាបាល​បាន​ត្រឹមត្រូវ និង​អាច​ជួយ​អន្តរាគមន៍​បាន​ទាន់​ពេលវេលា នៅពេល​មាន​បញ្ហា​ជាយថាហេតុ​។

លោក​ ម៉ម ប៊ុនហេង បញ្ជាក់ថា​៖ «​ទោះបីជា​មាន​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ជាច្រើន​បាន​បង្ហាញថា វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​មាន​សភាព​ស្រាល​ក្តី តែ​យើង​មិនត្រូវ​មើលរំលង​ពី​លទ្ធភាព​នៃ​ការវ៉ៃលុក​នៃ​វីរុស​កូរីដ​ ១៩ ដែល​អាច​ឱ្យមាន​កម្រិត​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ឬ​ស្លាប់​បានដែរ​»​។

អ្នកជំងឺ​កូវីដ​ ១៩ អូមីក្រុង​នេះ ក៏​អាចមាន​រោគសញ្ញា​ដែល​អាច​នាំឱ្យ​វិវឌ្ឍ​ទៅជា​ធ្ងន់ធ្ងរ ដូចជា​ហត់ ឬ​ពិបាក​ដកដង្ហើម​ជាដើម ដែល​ចាំបាច់​ត្រូវ​ស្វែងរក​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ឱ្យបាន​ទាន់ពេលវេលា​។ សូមកុំ​ព្យាយាម​ព្យាបាល​នៅផ្ទះ នៅពេល​មាន​រោគសញ្ញា​ដូចជា ថប់ៗ​ហត់ ឬ​ពិបាក​ដកដង្ហើម ឬ​មិនមាន​ការវិវឌ្ឍ​ប្រសើរឡើង​នៃ​ស្ថានភាព​សុខភាព ក្រោយពី​ព្យាបាល​នៅផ្ទះ​បាន​មួយ​រយៈពេល​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ម៉ម ប៊ុនហេង​។

លោក​លើកទឹកចិត្ត​ដល់​អ្នករៀបចំ​កម្មវិធី និង​អ្នកចូលរួម​ទាំងអស់​ធ្វើ​តេស្ត​រហ័ស​រក​អង់ទីហ្ស៊ែន​កូវីដ​ ១៩ ដោយ​ខ្លួនឯង​មុននឹង​ទៅ​ចូលរួម​កម្មវិធី​ជួបជុំ​ក្នុង​កម្រិត​អប្បបរមា​ណាមួយ និង​មិនត្រូវ​ទៅ​ចូលរួម​កម្មវិធី​ណាមួយ​នោះ ក្នុង​ករណី​ដែល​បុគ្គល​ខ្លួនឯង មិនមាន​សុវត្ថិភាព ឬ​មាន​រោគសញ្ញា សង្ស័យ​ជំងឺ​កូវីដ ​១៩​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​ម្ចាស់​កម្មវិធី​ត្រូវ​ចាត់ចែង​ឱ្យមាន​ការពិនិត្យ​លើ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ និង​យក​សំណាក​ធ្វើតេស្ត​អ្នក​ដែល​ពុំទាន់​បានធ្វើ​តេស្ត​រហ័ស មុន​អនុញ្ញាត​ឱ្យ​ចូលរួម​កម្មវិធី ដោយ​ត្រូវ​រៀបចំ ក្រុមការងារ​ដែលមាន​សុខភាព​ល្អ ចេះ​ធ្វើតេស្ត​រហ័ស​»​។

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស លោកស្រី ​ឱ វណ្ណឌីន ក៏បាន​ឱ្យដឹង​ដែរ​ថា វីរុស​កូវីដ​ ១៩​ បំប្លែង​ថ្មី អូមីក្រុង បាន​ឆ្លង​ចូល​សហគមន៍​មាន​ជាង ៥ ៨០០ ​ករណី​ហើយ​។ ឯ​ការឆ្លង​នេះ​ក៏​នៅតែ​បន្ត​រកឃើញ​ជា​រៀងរាល់ថ្ងៃ​ផងដែរ​។

លោកស្រី​បន្តថា ក្នុង​ការរៀន​រស់​ជាមួយ​នឹង​វត្តមាន​របស់​មេរោគ​កូវីដ​ ១៩ ធ្វើឱ្យ​ពួកគាត់​ហាក់ដូចជា​ភ្លេចខ្លួន ដោយ​ពួកគាត់​គិតថា រស់នៅ​ធម្មតា​តែ​បែរជា​ភ្លេច​ថា តាមបែប​ប្រក្រតីភាព​ថ្មី​។

លោកស្រី ឱ វណ្ណឌីន បាន​ថ្លែងថា​៖ «​គាត់​ចាំតែ​ពាក្យ​ថា រស់នៅ​ធម្មតា តែ​ពួកគាត់​ភ្លេច​ថា ប្រក្រតីភាព​ថ្មី ដែល​ត្រង់​នេះហើយ ធ្វើឱ្យ​ការអនុវត្ត​វិធានការ ៣ ​ការពារ ពិសេស​ ៣ ​កុំ គឺ​ខ្វះចន្លោះ​ខ្លាំង​មែនទែន ដូចជា​កំណើន​នៃ​ការជួបជុំ​មាន​ការកើនឡើង​ច្រើន ហើយ​ចំនួន​មនុស្ស​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ ឬ​ពិធី​នីមួយៗ​ក៏​កាន់តែច្រើន​ផងដែរ​»​។

ជាមួយ​គ្នានេះ លោកស្រី​ក៏បាន​ព្រមាន​ពី​ចំនួន​នៃ​ការឆ្លង​រាលដាល​នៃ​មេរោគ​កូវីដ​ ១៩ ​ប្រភេទ​អូមីក្រុង​នេះ អាច​នឹង​កើន​ពី​ចំនួន​ ៣ ​ខ្ទង់​ទៅ​ចំនួន​ ៤​ ខ្ទង់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ប្រសិនបើ​ប្រជាពលរដ្ឋ​នៅតែ​មិន​បន្ត​អនុវត្ត​វិធានការ​ការពារ​នោះទេ​។

ដោយឡែក នៅ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ប្រជាពលរដ្ឋ​ជាច្រើន​បាននាំគ្នា​សម្រុក​ទៅ​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ដោយមាន​ទាំង​អ្នក​ដែលមាន​បងប្អូន​ឆ្លង​ជំងឺ​កូវីដ និង​ទាំង​អ្នក​ដែល​ទិញ​សម្រាប់​ទុក​ប្រើប្រាស់​ផងដែរ​។

លោកស្រី ឱ វណ្ណឌីន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២១ ខែកុម្ភៈ ថា ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ​មាន​ច្រើន​ប្រភេទ តែ​វា​ជា​ប្រភេទ​ថ្នាំ​តែមួយ​ទេ គ្រាន់តែ​ការផលិត ដោយ​រោងចក្រ​ផ្សេងៗ​។

លោកស្រី​បញ្ជាក់ថា​៖ «​នៅ​កម្ពុជា សូម​ប្រើប្រាស់​តែ​ប្រភេទ ដែល​មាន​បញ្ជិកា​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល​ត្រឹមត្រូវ ដោយ​នៅលើ​ប្រអប់​ថ្នាំ​មាន​បិទ​វីញ៉ែត លេខ​បញ្ជិកា​ត្រឹមត្រូវ ព្រោះ​មាន​ប្រភេទ​ដែល​លក់​ខុសច្បាប់ ដូចជា​មាន​សម្បក​ប្រអប់​ពណ៌​ក្រហមៗ​ជាដើម​»​។

អ្នកស្រី​ ដានី ដែល​បាន​ទៅ​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ​ប្រភេទ​ Molnupiravir នៅឯ​ក្រសួង​ប្រៃសណីយ៍​បាន​ប្រាប់ថា បងប្រុស បងស្រី​របស់គាត់​បាន​ឆ្លង​មេរោគ​កូវីដ​ ១៩​។ ដូចនេះ​ហើយ​បានជា​គាត់​ត្រូវ​មក​ទិញ​ថ្នាំ​នេះ សម្រាប់​ផ្ញើឱ្យ​ពួកគាត់​លេប​។

អ្នកស្រី​និយាយថា​៖ «​ខ្ញុំ​មករក​ទិញ​នៅ​ក្រសួង​ផ្ទាល់​ដើម្បី​ប្រាកដថា វា​ជា​ថ្នាំ​សុទ្ធ​។ ខ្ញុំ​មិន​ហ៊ាន​ទិញ​នៅតាម​ហ្វា​ម៉ាស៊ី​ដោយសារ​ខ្លាច​មិនមាន​គុណភាព​ល្អ​ដូច​ក្រសួង​លក់​»​។

ចំណែក​អ្នកទិញ​ម្នាក់ទៀត​ដែល​សុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹងថា លោក​បានមក​រង់ចាំ​ទិញ​ថ្នាំ​នៅ​ក្រសួង​តាំងពី​ម៉ោង​ ៩ ​ព្រឹក​រហូតដល់​ម៉ោងជាង ​១១ ទើប​ទិញ​បាន​ ២ ​ប្រអប់​។ លោក​និយាយថា មាន​មនុស្ស​ច្រើនណាស់​បាន​មកឈរ​តម្រង់​ជួរ​គ្នា​ដើម្បី​ទិញ​ថ្នាំ​នេះ​។

លោក​ប្រាប់ថា​៖ «​គ្រួសារ​ខ្ញុំ​មិនទាន់មាន​អ្នក​ឆ្លង​ទេ តែ​ខ្ញុំ​ទិញ​សម្រាប់​ទុក​សាគួ ក្នុង​ករណី​មានការ​ឆ្លង​ជំងឺ​នេះ​។ ខ្ញុំ​ទិញ​បាន​ ២ ​ប្រអប់​នេះ តម្លៃ​ ១១០​ ដុល្លារ​»​។

ទាក់ទង​នឹង​ការព្យាបាល​សម្រាប់​អ្នកជំងឺ​កូវីដ​ ១៩ កម្រិត​ស្រាល​មាន​រោគសញ្ញា​តិចតួច ឬ​គ្មាន​រោគសញ្ញា លោក ម៉ម ប៊ុនហេង ណែនាំ​ឱ្យ​អ្នកជំងឺ​អាច​ធ្វើ​ការថែទាំ​ព្យាបាល​ជំងឺ​ដោយ​ខ្លួនឯង​នៅផ្ទះ ដោយ​ប្រើ​ឱសថ​ព្យាបាល​តាម​រោគសញ្ញា​តាម​ការចាំបាច់ និង​/​ឬ​ប្រើ​ឱសថ ប្រឆាំង​វីរុស ដូចជា ម៉ូលនូពីរ៉ាវា កាប់ស៊ុល 200 ​មិល្លីក្រាម (Molnupiravir Capsules 200mg)​ ជាដើម​។

លោក​បញ្ជាក់ថា​៖ «​កម្រិត​ដូស​ប្រើប្រាស់ គឺ​លេប​ម្ដង​ ៤​ គ្រាប់​ (​កម្រិត​ ២០០ ​មិល្លី​ក្រាម ក្នុង​ ១ ​គ្រាប់​) លេប​រៀងរាល់ ១២ ​ម៉ោង​ម្តង សម្រាប់​រយៈពេល​ ៥ ​ថ្ងៃ បន្ត​បន្ទាប់​។ គួរប្រើ Molnupiravir ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន បន្ទាប់ពី​ការធ្វើ​តេស្ត​រហ័ស​រក​អង់ទីហ្ស៊ែន​កូវីដ​ ១៩ ឃើញ​វិជ្ជមាន​»​។

សម្រាប់​ឱសថ ម៉ូលនូពីរ៉ាវា កាប់​ស៊ុល 200 ​មិល្លី​ក្រាម​មិន​អនុញ្ញាត​ឱ្យប្រើ​ចំពោះ​ស្ត្រី​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ មនុស្ស​អាយុ​ក្រោម​ ១៨ ​ឆ្នាំ និង​ស្ត្រី​បំបៅ​ដោះ​កូន​ឡើយ​៕