ព្រះសីហនុៈ ក្នុង​រយៈពេល​ ៣ ​ខែ ដំណោះស្រាយ​សហគមន៍​បែប​ច្នៃប្រឌិត​បាន​ចូលរួម​លុបបំបាត់​កាកសំណល់​ប្លាស្ទិក​ប្រមាណ ​១៨០ ​តោន​នៅ​កម្ពុជា ហើយ​ស្ថាប័ន​ពាក់ព័ន្ធ​រំពឹងថា​នៅ​ដំណាច់ឆ្នាំ​ ២០២២ ​នេះ ការ​ប្រមូលយក​កាកសំណល់​​ប្លាស្ទិក​នៅតាម​ឆ្នេរសមុទ្រ​បាន​ប្រមាណ ៣ ០០០ ​តោន​។

កម្មវិធី​ឥណទាន​ប្លាស្ទិក TONTOTON ដែល​បាន​ចាប់ផ្តើម​ធ្វើការ​ប្រមូល និង​សម្អាត​នៅតាម​ភូមិ​ចំនួន ៣ ក្នុង​ក្រុងព្រះសីហនុ​លើ​កាកសំណល់​ប្លាស្ទិក​ប្រមាណ ១៨០ ​តោន​ក្នុង​រយៈពេល​ ៣ ​ខែ​ដំបូង​នៃ​កិច្ចប្រតិបត្តិការ​ត្រូវបាន​បង្ហាញ​ពី​ភាពជោគជ័យ​នៃ​សកម្មភាព និង​ធ្វើ​បទបង្ហាញ​ពី​ផែនការ​រួម​នៃ​ការតភ្ជាប់​គ្នា​រវាង​ភូមិ និង​សហគមន៍​ក្រោម​គោលដៅ​រួមមួយ​ហៅថា «​ឆ្នេរសមុទ្រ​គ្មាន​ប្លាស្ទិក​» ​តាមរយៈ​កម្មវិធី​សម្ពោធ​​ដាក់ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី​ ១៧ ខែកុម្ភៈ កន្លងទៅ នៅ​ខេត្ត​ព្រះសីហនុ​។

កម្មវិធី​នេះ​ត្រូវបាន​រៀបចំ​ឡើង​រួមគ្នា​រវាង​ក្រសួងបរិស្ថាន រដ្ឋបាលខេត្ត​ព្រះសីហនុ ស្ថានទូត​ជប៉ុន កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) អង្គការ UN-Habitat អង្គការ Global Plastic Action Partnership និង​បណ្តា​អង្គការ​ក្រៅ​រដ្ឋាភិបាល ក្រុមហ៊ុន​ឯកជន ជាពិសេស​សមាជិក​សហគមន៍​ក្រោម​ប្រធានបទ «​ដំណោះស្រាយ​សហគមន៍​ដើម្បី​ឆ្នេរសមុទ្រ​គ្មាន​ប្លាស្ទិក​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​កម្មវិធី​ឥណទាន​ប្លាស្ទិក​បាន​ឱ្យដឹងថា វា​ត្រូវការ​ការចូលរួម​ពី​ភូមិ​មួយ ដើម្បី​សម្អាត​ភូមិ​មួយ​ឱ្យ​ស្អាត​ហើយ​នេះ​គឺជា​គោលការណ៍​មួយ​ដែល​ដឹកនាំ​ក្រុមហ៊ុន TONTOTON ក្នុងការ​បង្កើត​ដំណោះស្រាយ​សហគមន៍​បែប​ច្នៃប្រឌិត ដែលមាន​សមត្ថភាព​អាច​លុបបំបាត់​សំណល់​ប្លាស្ទិករាប់​ពាន់​តោន​ពី​បរិស្ថាន​ធម្មជាតិ ដែល​មិនអាច​កែច្នៃ​ឡើងវិញ​បាន​ក្រោយពេល​ប្រើប្រាស់​រួច ហើយ​រារាំង​វា​មិនឱ្យ​ហូរ​ចូល​ទៅដល់​សមុទ្រ​។

សេចក្តី​ប្រកាស​ដដែល​បាន​បញ្ជាក់ថា​៖ «​ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​សម្អាត យុទ្ធនា​ការអប់រំ និង​លើកកម្ពស់​ការយល់ដឹង​បែប​បរិយាប័ន្ន ត្រូវបាន​រៀបចំឡើង តាមរយៈ​ការប្រជុំ​តាម​ភូមិ និង​សាលារៀន ការជួបជុំ​សង្គម​របស់​ក្រុម​អ្នកប្រមូល​សំរាម ការ​ចែកចាយ​ផ្ទាំង​រូបភាព និង​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ ក៏ដូចជា​ការដាក់​រូប​សញ្ញា​ដែលមាន​ភាព​ទាក់ទាញ​នៅតាម​ដងទង់​ជាតិ និង​ស្ទិកឃ័រ​តំណាង​ឱ្យ​ទឹកដី​ស្អាត​ដែលមាន​ពណ៌​បៃតង​ខៀវដិត​ច្បាស់​»​។

លោក Barak Ekhstein ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន TONTOTON បាន​ថ្លែងថា ភាពម្ចាស់ការ​នៅក្នុង​សហគមន៍ គឺជា​គន្លឹះ​ជោគជ័យ​នៃ​គម្រោង​របស់​ក្រុមហ៊ុន​។

លោក​ថ្លែងបន្តថា វា​ជា​រឿង​សំខាន់​ណាស់​ដែល​អ្នកភូមិ​ជា​អ្នកមើលការ​ខុសត្រូវ​ដោយ​ផ្ទាល់​ក្នុង​ការថែរក្សា​បរិស្ថាន​របស់​ពួកគេ​ឱ្យបាន​ស្អាត ហើយ​យល់ដឹង​ពី​សារប្រយោជន៍ និង​មាន​ឧបករណ៍​ត្រឹមត្រូវ ក៏​ដូចជា ការលើក​ទឹកចិត្ត ដើម្បី​ធានាបាន​នូវ​បរិស្ថាន​ប្រកបដោយ​និរន្តរភាព​។

លោក Barak Ekhstein​បាន​បញ្ជាក់ថា​៖ «​តាមរយៈ​ហេតុផល​នេះ យើង​បាន​បង្កើត​ប្រព័ន្ធ​មួយ​ដែល​សំឡេង និង​សកម្មភាព​របស់​អ្នក​រាល់គ្នា ត្រូវ​បាន​គិតគូរ​ពិចារណា ដោយសារ​យើង​មិនអាច​ធ្វើ​វា​តែម្នាក់ឯង​បានទេ​» ។

ឆ្នេរសមុទ្រ​គ្មាន​ប្លាស្ទិក លុប​បំបាត់​ចន្លោះប្រហោង​ក្នុង​ការគ្រប់គ្រង​សំណល់​ប្លាស្ទិក ទន្ទឹមនឹង​ការផ្តល់​ភាពអង់អាច​ទៅដល់​សហគមន៍​មូលដ្ឋាន​។ តាមរយៈ​ការ​ផ្តោតលើ​សំណល់​ប្លាស្ទិក​ដែល​មិនអាច​កែច្នៃ​ឡើងវិញ​បាន ក្រោយពេល​ប្រើប្រាស់​រួច អ្វី​គ្រប់យ៉ាង​ដែល​ទីផ្សារ​កែច្នៃ​ប្រើប្រាស់​ឡើងវិញ​មិនអាច​ទទួលយក​មកវិញ​ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​របស់​ក្រុមហ៊ុន TONTOTON​។ នេះ​បើតាម​ការអះអាង​រួម​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​។

យោងតាម​សេចក្តី​ប្រកាស​នេះ​ថា «​កម្មវិធី​នេះ​ផ្តោត​គោលដៅ​លើ​ទីតាំង​តំបន់ឆ្នេរ​ដែល​ទទួលរង​ការបំពុល​ខ្លាំង​បំផុត ដែលជា​ធម្មតា​មិនត្រូវ​បាន​គ្រប់គ្រង​ដោយ​រមណីយដ្ឋាន ឬ​អាជីវកម្ម​ឯកជន និង​នៅក្រៅ​ក្រសែ​ភ្នែក​របស់​អ្នកទេសចរ​។ ទន្ទឹមនឹង​នោះដែរ ប្រព័ន្ធគ្រប់គ្រង​របស់​ក្រុមហ៊ុន TONTOTON ក៏មាន​សកម្មភាព​សហគមន៍​មូលដ្ឋាន ដែល​រួមមាន ការលើកកម្ពស់​ការយល់ដឹង ការប្រជុំ​សហគមន៍​ក្នុង​ព្រឹត្តិការណ៍​នានា ការដាក់​រូប​សញ្ញា ការចូលរួម​របស់​អ្នកប្រមូល​សំរាម និង​កិច្ចសហប្រតិបត្តិការ​ពហុភាគី ដែល​នឹង​ផ្តល់​ផល​វិជ្ជមាន និង​ទ្រទ្រង់​កម្មវិធី​ប្រកបដោយ​និរន្តរភាព​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖ «​កម្មវិធី​ឥណទាន​ប្លាស្ទិក TONTOTON សំដៅ​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​ទៅកាន់​ឆ្នេរសមុទ្រ​កម្ពុជា ដោយ​ចាប់ផ្តើម​ពី​ភូមិ​ដាច់ស្រយាល​ចំនួន​ ៣ (​បី​) ពោលគឺ​ភូមិ​ទំនប់​រលក អូរ​វៀតណាម និង​ភូមិ​ថ្មី​ក្នុង​ក្រុងព្រះសីហនុ​។ ផ្តើម​ពី​ចំណុច​នេះ កម្មវិធី​នឹង​ចាប់ផ្តើម​ធ្វើការ​ស្វែងរក​ភូមិ​ជាច្រើន​ទៀត ដែល​ត្រូវការ​អន្តរាគមន៍​បន្ទាន់​ក្នុង​ការគ្រប់គ្រង​សំណល់​ប្លាស្ទិក​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បានឱ្យដឹងថា នៅ​ដំណាច់ឆ្នាំ ២០២២ យ៉ាងហោចណាស់​នឹងមាន​មជ្ឈមណ្ឌល​ប្រមូល​សំរាម​ចំនួន ៥ ​កន្លែង ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ក្នុងការ​ប្រមូលយក​កាកសំណល់​ប្លាស្ទិក​ពី​ក្រុម​សហគមន៍​ប្រមូល​សំរាម​នៅតាម​ឆ្នេរសមុទ្រ​កម្ពុជា ដែល​ឈានទៅដល់​គោលដៅ​របស់ខ្លួន​ក្នុងការ​លុបបំបាត់​ការលេចធ្លាយ​កាកសំណល់​ប្លាស្ទិក​ប្រមាណ ៣ ០០០ តោន​។

អ្នកស្រី សន ស្រីមុំ អាយុ ៣៣ ឆ្នាំ​ជា​ប្រជាហគមន៍​ម្នាក់​រស់នៅ​តំបន់ឆ្នេរ​ដែល​បាន​ចូលរួម​ក្នុង​គម្រោង​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២០ កុម្ភៈ​ថា​អ្នកស្រី​បាន​ចូលរួម​ប្រមូល​សំរាម​ប្លាស្ទិក​នៅតាម​តំបន់ឆ្នេរ​កាលពី​ចុងខែ​កញ្ញា​ឆ្នាំមុន​។ អ្នកស្រី​បាន​បន្តថា​គម្រោង​នេះ​បានធ្វើឱ្យ​តំបន់ឆ្នេរ​ផ្លាស់ប្តូរ​ព្រោះតែ​ប្រជា​សហគមន៍​បាន​ចូលរួម​សម្អាត​បរិស្ថាន​ដោយផ្ទាល់ ដែល​ធ្វើឱ្យ​តំបន់ឆ្នេរ​របស់​ប្រជា​សហគមន៍​មាន​សភាព​ស្អាត​ជាង​មុន​។

អ្នកស្រី​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ចង់ឱ្យ​បរិស្ថាន​សមុទ្រ​ស្អាត​ហើយ​តាមរយៈ​ការប្រមូល​សំរាម​ប្លាស្ទិក​នេះ ខ្ញុំ​ក៏បាន​ចំណូល​ខ្លះ​ដែល​អាច​ទ្រទ្រង់​ជីវភាព​របស់​គ្រួសារ​ខ្ញុំ​។ ​ខ្ញុំ​មាន​អារម្មណ៍ល្អ​នៅពេល​កន្លែង​ខ្ញុំ​រស់នៅ​ស្អាត ការចូលរួម​របស់​យើង​បន្តិច​ម្នាក់ៗ​នេះ​គឺ​បាន​កាត់បន្ថយ​បាន​ច្រើនណាស់ ព្រោះ​ក្នុង​ ១​ លាន​ប្លាស្ទិក គឺ​អាច​នៅសល់តែ ១ ០០០ ​ប្លាស្ទិក ទេ​»​។

តាមរយៈ​ការ​ផ្តោតលើ​សំណល់​ប្លាស្ទិក​ដែល​មិនអាច​កែច្នៃ​ឡើងវិញ​បាន​ក្រោយពេល​ប្រើប្រាស់​រួច អ្វី​គ្រប់យ៉ាង​ដែល​ទីផ្សារ​កែច្នៃ​ប្រើប្រាស់​ឡើងវិញ​មិនអាច​ទទួលយក​មកវិញ​នឹង​ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​របស់​ក្រុមហ៊ុន TONTOTON​។ កម្មវិធី​នេះ​ផ្តោត​គោលដៅ​លើ​ទីតាំង​តំបន់ឆ្នេរ​ដែល​ទទួលរង​ការបំពុល​ខ្លាំង​បំផុត ដែលជា​ធម្មតា​មិនត្រូវ​បាន​គ្រប់គ្រង​ដោយ​រមណីយដ្ឋាន ឬ​អាជីវកម្ម​ឯកជន និង​នៅក្រៅ​ក្រសែ​ភ្នែក​របស់​អ្នកទេសចរ​។ ទន្ទឹម​នឹង​នោះដែរ ប្រព័ន្ធគ្រប់គ្រង​របស់​ក្រុមហ៊ុន TONTOTON ក៏មាន​សកម្មភាព​សហគមន៍​មូលដ្ឋាន ដែល​រួមមាន ការលើកកម្ពស់​ការយល់ដឹង ការប្រជុំ​សហគមន៍​ក្នុង​ព្រឹត្តិការណ៍​នានា ការដាក់​រូប​សញ្ញា ការចូលរួម​របស់​អ្នកប្រមូល​សំរាម និង​កិច្ចសហប្រតិបត្តិការ​ពហុភាគី ដែល​នឹង​ផ្តល់​ផលវិជ្ជមាន និង​ទ្រទ្រង់​កម្មវិធី​ប្រកបដោយ​និរន្តរភាព​។

លោក Kristin Hughes អង្គការ Global Plastic Action Partnership​ (GPAP) បាន​និយាយ​ដែរ​ថា នេះ​គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​របស់ GPAP ដែល​ទទួលស្គាល់​ការច្នៃប្រឌិត​ថា ជា​កត្តា​ជំរុញ​ដ៏សំខាន់​ក្នុងការ​ដោះស្រាយ​ការបំពុល​ប្លាស្ទិក​។

លោក​បាន​បន្តថា​៖ «​តាមរយៈ​បណ្តាញ​ច្នៃប្រឌិត​ប្លាស្ទិក​សកល​​របស់​យើង យើង​មានការ​ប្តេជ្ញាចិត្ត និង​រំភើប​ក្នុងការ​ធ្វើការ​​ជាមួយ​អ្នក​ច្នៃប្រឌិត​ដែល​តែង​បំផុសគំនិត​ច្នៃប្រឌិត​ល្អៗ ដូចជា TONTOTON ដែល​កំពុង​បង្កើត​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ទាំង​ក្នុង​កម្រិត​ជាតិ និង​សកលលោក​ផងដែរ​»​។

លោក Barak បាន​បញ្ជាក់ថា​៖ «​លទ្ធផល​គឺអាច​មើលឃើញ​យ៉ាងច្បាស់ និង​យ៉ាង​ឆាប់រហ័ស​។ ឥឡូវនេះ នៅ​ភូមិ​អូរ​វៀតណាម​ដែលមាន​ផ្ទះតៀម​លើទឹក​ជាច្រើន យើង​អាច​មើលឃើញ​ទឹក ដែល​ពីមុន​ធ្លាប់តែ​គ្របដណ្តប់​ទៅដោយ​កាកសំណល់​ប្លាស្ទិក​យ៉ាង​ក្រាស់​។ នៅ​មជ្ឈមណ្ឌល​ប្រមូល​សំរាម​ទំនប់រលក​របស់​យើង ឥឡូវនេះ​យើង​ប្រមូលយក​សំរាម​ចាប់ពី ២០០ ​គីឡូក្រាម ក្នុង​ ១​ ថ្ងៃ រហូតដល់ ១០ ​តោន​ក្នុង ​១ ​ថ្ងៃ​» ។

ក្រុមហ៊ុន​ TONTOTON បាន​អះអាងថា តាមរយៈ​កម្មវិធី​ប្រមូល​ទិញ​សំរាម​នេះ ក្រុមហ៊ុន​កំពុងធ្វើការ​ផ្សព្វផ្សាយ និង​មាន​សមាជិក​សហគមន៍​កាន់តែ​ច្រើនឡើងៗ បាននិងកំពុង​ចុះឈ្មោះ​ធ្វើជា​អ្នកប្រមូល​សំរាម​អចិន្រៃ្តយ៍ ដើម្បី​ផ្លាស់ប្តូរ​កាកសំណល់​ប្លាស្ទិក​របស់​ពួកគេ​ដើម្បី​យកប្រាក់​ជួយ​គាំទ្រ​ដល់​ជីវភាព​របស់​ពលរដ្ឋ​នៅ​កម្ពុជា​។

យោងតាម​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី ​១៥ ខែកុម្ភៈ បានឱ្យដឹងថា ក្នុង​សំណល់​សំរាម ១០០% មាន​សំណល់​សរីរាង្គ​ដែល​ហៅថា​ជា​សំណល់​ផ្ទះបាយ​ប្រមាណ ៦៨ ​ភាគរយ សំណល់​ប្លាស្ទិក ប្រមាណ ២០ ​ភាគរយ និង​សំណល់​រឹង​ជាង ១០ ​ភាគរយ​។ អ្វីដែល​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​គឺ​សំណល់​ប្លាស្ទិក ដែលជា​សំណល់​ប្រកប​ដោយ​គ្រោះថ្នាក់ ប្រសិនបើ​មិន​គ្រប់គ្រង​បានល្អ ព្រោះ​សំណល់​ប្លាស្ទិក​មាន​ផ្ទុក​សារធាតុ​គីមី​។

បច្ចុប្បន្ននេះ បរិមាណ​សំរាម​ចន្លោះ​ពី​ ៧០ ​ភាគរយ​ទៅ ​៨០ ​ភាគរយ ត្រូវបាន​ចាក់ចោល​នៅលើ​ទីលាន និង​មាន​ប្រមាណ ២០ ​ភាគរយ​ប៉ុណ្ណោះ ដែល​បាន​ដកហូត​យកទៅ​កែច្នៃ​។ នៅ​កម្ពុជា​សំណល់​រឹង​សំរាម​មាន​ប្រមាណ​ជាង​ ១​ ម៉ឺន​តោន ក្នុង​ ១ ​ថ្ងៃ និង​ ១ ​ឆ្នាំ​ជាង ៤​ លាន​តោន ដែលមាន​កំណើន​ប្រមាណ​ ១៥ ​ភាគរយ ក្នុង​ ១ ​ឆ្នាំ​។ នៅ​រាជធានី-​ភ្នំពេញ មាន​សំណល់​សំរាម​ចន្លោះ​ពី ២ ៧០០ ទៅ ៣ ០០០ តោន​ក្នុង​ ១ ​ថ្ងៃ​។ នេះ​បើ​យោង​​តាម​ការអះអាង​របស់​ក្រសួង​បរិស្ថាន​៕